អាជ្ញាធរខេត្តកោះកុង រៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិនិត្យផែនការការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងវេទិកាទេសចរណ៍អាស៊ាន លើកទី៤០


យោងតាមសេចក្តីសម្រេចលេខ ៨៨សសរ ចុះថ្ងៃ ទី១៨ខែសីហា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំវេទិកាទេសចរណ៍អាស៊ានលើក៤០ ឆ្នាំ២០២២ នៅព្រឹកថ្ងៃចន្ទ ទី១៧ខែមករា ឆ្នាំ ២០២២នេះ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការ ដើម្បីពិនិត្យផែន ការការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ (The 40th ASEAN Tourism Forum) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ និងខេត្តកោះកុង។

ជាសភាពការណ៍រួម គណៈប្រតិភូជាតិ អន្តរជាតិ និងភ្ញៀវកិត្តិយស នឹងអញ្ជើញចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ ប្រមាណ៤០០នាក់។ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងវេទិកាខាងលើប្រព្រឹត្តទៅប្រកបដោយជោគជ័យ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញនូវផែនការជាក់ស្តែង រួមមាន៖ ១.គោលដៅការពារ សរុបមានចំនួន ៣គោលដៅ តំបន់ “ក” ទីលានវាយកូនហ្គោល ចំណតយានយន្ត កំពង់ផែតារាសាគរ។ តំបន់ “ខ” ចំណុចខ្ពស់នៅខាងក្រៅទីលានវាយកូនហ្គោលតារាសាគរ។ តំបន់ “គ” កំណាត់ផ្លូវជាតិលេខ៤ និងលេខ ៤៨)។ ២.ត្រៀមប្រើប្រាស់មធ្យោបាយ សរុបចំនួន ៥១គ្រឿង (រថយន្ត ១៧គ្រឿង. រថយន្តអគ្គីភ័យ ៣គ្រឿង. រថយន្តចល័តកម្លាំង ២២គ្រឿង. រថយន្តគិលានសង្រ្គោះ ៤គ្រឿង. នាវាមារីន ២គ្រឿង. អូប័រ ៦គ្រឿង. និងម៉ូតូ ៧៧គ្រឿង)។ ៣.ត្រៀមប្រើប្រាស់កម្លាំង ចំនួន ៨១៦នាក់។

ជាលទ្ធផល បន្ទាប់ពីបានពិនិត្យ និងទទួលផែនការ លោកជំទាវអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានក្រុង ស្រុក និងបណ្តាអង្គភាពពាក់ព័ន្ធ ត្រូវអនុវត្តនូវផែនការខាងលើតាមភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់ ដើម្បីធានាឱ្យដំណើរប្រព្រឹត្តទៅ នៃវេទិកាខាងលើប្រព្រឹត្តទៅដោយជោគជ័យ ជាមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា លើឆាកជាតិ អន្តរជាតិ និងតំបន់៕