កម្ពុជាត្រូវបានវាយតម្លៃជា លើកដំបូង ដោយស្ថាប័នអង្គការសហប្រជាជាតិថា បានបំពេញបាននូវលក្ខខណ្ឌចាំបាច់បី ដើម្បីរៀបចំចាក ចេញពីចំណាត់ក្រុមនៃប្រទេសអភិវឌ្ឍតិចតួច


ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានបញ្ជាក់ថា នៅឆ្នាំ២០២១ កម្ពុជាត្រូវបានវាយតម្លៃជា លើកដំបូង ដោយស្ថាប័នអង្គ ការសហប្រជាជាតិថា បានបំពេញបាននូវលក្ខខណ្ឌចាំ បាច់ទាំងបី ដើម្បីរៀបចំចាក ចេញពីចំណាត់ក្រុមនៃប្រទេសអភិវឌ្ឍតិចតួច គឺកម្ពុជាមាន (១) ផលទុនជាតិសរុបសម្រាប់មនុស្សម្នាក់ ១.៣៧៧ដុល្លារ ខ្ពស់ជាងលក្ខខណ្ឌកំណត់ដែលតម្រូវឱ្យមានតម្លៃទាបបំផុត ១.២២២ដុល្លារ, (២) សន្ទស្សន៍ធនធានមនុស្ស ៧៤,៣ពិន្ទុ ខ្ពស់ជាងលក្ខខណ្ឌកំណត់ដែលតម្រូវឱ្យមានពិន្ទុទាបបំផុត ៦៦ពិន្ទុ, និង (៣) សន្ទស្សន៍ភាពងាយរងគ្រោះនៃសេដ្ឋកិច្ចនិងបរិស្ថាន ៣០,៦ពិន្ទុ ទាបជាងលក្ខខណ្ឌកំណត់ដែលតម្រូវឱ្យមានពិន្ទុខ្ពស់បំផុត ៣២ពិន្ទុ ។

ក្នុងពិធីបើកសិក្ខាសាលាស្តីពីការចាកចេញប្រកបដោយចីរភាពរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានមាន ប្រសាសន៍ថា សិក្ខាសាលាថ្ងៃនេះ រៀបចំឡើងក្រោមការប្រគល់ភារកិច្ចពីរាជរដ្ឋាភិ បាលកម្ពុជា ដើម្បីឱ្យក្រសួង ផែនការ ដឹកនាំនិងសម្រប សម្រួលការងាររៀបចំរបាយ ការណ៍ និងការងារផ្សេងទៀតពាក់ព័ន្ធនឹងដំណើរការនិងការត្រៀមរៀបចំការចាកចេញរបស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច រួមទាំងការរៀបចំយុទ្ធសាស្ត្រជាតិស្តីពីអន្តរកាលដោយរលូនសម្រាប់អនុវត្តន៍ក្រោយការចាកចេញ ហើយក៏ជាសិក្ខាសាលាលើកទីមួយស្តីពីដំណើរការនិងការត្រៀមរៀបចំការចាកចេញប្រកបដោយចីរភាពរបស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ដែលមានគោលបំណងផ្តល់ព័ត៌មាន និងចំណេះដឹង អំពីការបំពេញបាននូវលក្ខខណ្ឌ សម្រាប់ការចាកចេញលើកទីមួយរបស់កម្ពុជានៅឆ្នាំ២០២១ និង អំពីដំណើរ ការនិងយន្តការនៃការត្រៀមចាកចេញ នៅក្នុងបរិការណ៍នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនិងបរិស្ថាន និងយន្តការនៃ កម្មវិធីសកម្មភាពទីក្រុងដូហា ២០២២-២០៣១ ។

ឯកឧត្តម បានបញ្ជាក់ថា ការស្តារ និងកសាងប្រទេស ព្រម ទាំងការអភិវឌ្ឍសង្គម-សេដ្ឋ កិច្ចនៅកម្ពុជា ក្រោយពីវិនាស កម្មដ៏ធំធេងលើគ្រប់វិស័យដែលបន្សល់ទុកឱ្យ ដោយរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានចាប់ផ្តើមធ្វើឡើងជាបណ្តើរៗ ពីចំណុចសូន្យ ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកទល់បច្ចុប្បន្ន ដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំពីគ្រប់មជ្ឈដ្ឋាននៃសង្គមជាតិទាំងមូល ព្រមទាំងការឧបត្ថម្ភគាំទ្រ ពីសហគមន៍អន្តជាតិ ជាពិសេស ចាប់ពីក្រោយការអនុវត្ត “គោល នយោបាយឈ្នះឈ្នះ” ដែលធានាឱ្យមាននូវបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ គឺសន្តិភាពពេញ លេញ រួមជាមួយនឹងយុទ្ធសាស្រ្ត, គោលនយោបាយ និងផែនការអភិវឌ្ឍន៍សង្កម- សេដ្ឋកិច្ច ដ៏សមស្របទាំង ឡាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពឈ្លាសវៃបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចខិតខំប្រឹងប្រែងស្តារ កសាង និងអភិវឌ្ឍ ទាំងអស់នេះ បាននាំមកនូវវឌ្ឍនភាពយ៉ាងធំធេងនិងឆាប់រហ័ស រហូតបានប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូល មធ្យមកម្រិតទាប នៅឆ្នាំ២០១៦។ ឯកឧត្តមបានបន្ថែមថា ការ បានបំពេញបាននូវលក្ខខណ្ឌចាំបាច់លើកទីមួយ ដើម្បីរៀប ចំចាកចេញពីចំណាត់ក្រុមនៃប្រទេសអភិវឌ្ឍតិចតួចនេះ គឺជាការចាប់ផ្តើមនៃរបត់ប្រវត្តិ សាស្ត្រថ្មីមួយរបស់កម្ពុជា ដែលបញ្ជាក់ពីផលនៃកិច្ចខិត ខំប្រឹងប្រែងស្តារ និងកសាងប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា និងការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងនេះពីសហគមន៍អន្តរជាតិ។

ដំណើរការនៃការចាកចេញ តម្រូវឱ្យកម្ពុជាបំពេញបាននូវលក្ខខណ្ឌចាំបាច់ទាំងបីខាង លើម្តងទៀតជាលើកទីពីរនៅឆ្នាំ២០២៤ រួមជាមួយនឹង ការពិនិត្យអំពីស្ថានភាពនៃភាពងាយរងគ្រោះ និងការ វាយតម្លៃជាមុនអំពីផលប៉ះពាល់នៃការចាកចេញ ដែលក្នុងករណីបំពេញបាន កម្ពុជានឹងត្រូវបានស្នើឱ្យចាកចេញចំណាត់ក្រុមនៃប្រទេសអភិវឌ្ឍតិចតួច។

ការចាកចេញនឹងត្រូវចូលជាធរ មាននៅបីឆ្នាំបន្ទាប់ គឺនៅឆ្នាំ ២០២៧ ក្នុងអំឡុងពេលនេះ កម្ពុជាត្រូវមានយុទ្ធ សាស្ត្រជាតិអំពីអន្តរកាលដោយរលូនមួយ ដើម្បីធានាថា ការអភិវឌ្ឍប្រទេស នឹងមិនត្រូវបានរងការប៉ះពាល់ដោយ សារការចាកចេញហើយត្រូវចាប់អនុវត្តក្រោយការចាក ចេញចូលជាធរមាន៕