ចូលឆ្នាំខាល ព.ស ២៥៥៧ ខាងមុខ អាជ្ញាធរខេត្ត គ្រោងរៀបចំសង្ក្រាន្តសៀមរាប


នៅក្នុងកិច្ចប្រជុំរបស់គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បញ្ហាសំខាន់ៗមួយចំនួនត្រូវបានលើកយកមកពិភាក្សាដោះស្រាយ ដូចជា សន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្ត ការងារពង្រឹងអនុវត្តវិធានការគ្រប់គ្រង ដោះស្រាយបញ្ហាដីធ្លីនៅក្នុងតំបន់៣ នៃបឹងទន្លេសាប ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ក្តីកង្វល់អំពីបញ្ហាកើនឡើង នៃគ្រោះថ្នាក់ចរាចរណ៍ជាដើម បញ្ហាជំងឺកូវីដ-១៩(អូមីក្រុង)។ ក៏ប៉ុន្តែអ្វីដែលកិច្ចប្រជុំបានលើកយកមកពីគ្រោះយោបល់លម្អិតជាងនោះ គឺការងារសន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណ: ដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់សមិទ្ធផលថ្មី ហេដ្ឋារចនាសម្ព័ន្ថផ្លូវ ៣៨ខែ្សក្នុងក្រុងសៀមរាប ដែលជាចំណងដៃដ៏ថ្លៃថ្លា សម្តេចតេជោប្រមុខនៃរាជរដ្ឋាភិបាល ដើម្បីការអភិវឌ្ឍន៍ ក្រុងសៀមរាប ជាប្រធានបទដែលត្រូវយកចិត្តទុកដាក់បំផុត។

ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានបង្ហើបឲ្យដឹងនៅក្នុងកិច្ចប្រជុំនោះថា ជាមួយនឹងការបើកទំព័រថ្មី នៃសេដ្ឋកិច្ចសង្គម លើគ្រប់វិស័យ វិញ្ញាសារសាកល្បងធំៗ ដើម្បីពិសោធន៍លើកម្លាំងរើបំរះចេញពីវិបត្តិកូវីដ-១៩នោះ គឺពិធីឆ្លងឆ្នាំសកលបានកន្លងផុត និងកំពុងត្រៀមការសាកល្បងបុណ្យចូលឆ្នាំចិន-វៀតណាម នាពេលខាងមុខ។

ឯកឧត្តម សង្ឃឹមថា យ៉ាងណាក៏ដោយ នៅក្នុងអំឡុងខែកុម្ភ: ឬខែមិនា ឆ្នាំ២០២២ខាងមុខនេះ ខេត្តសៀមរាបនឹងអាចឆ្លងកាត់ពិធីកាត់ខ្សែបូរ សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវហេដ្ឋារចនានាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់នៃសម្តេចតេជោ ហ៊ុន សែន ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា ដូច្នោះហើយគោលដៅខាងមុខ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៧ នឹងត្រូវបានរៀបចំឲ្យមានជាព្រឹត្តិការណ៍សង្ក្រាន្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងទេសចរអន្តរជាតិផងដែរ។

ជុំវិញបញ្ហាផ្លូវ៣៨ខ្សែនេះ គឺជាការងារអាទិភាពមួយដ៏ខាន់ ដែលត្រូវចាប់ផ្តើមចេញពីការជួបជុំ នៃអ្នកជំនាញពាក់ព័ន្ធទាំងអស់ រួមទាំងអាជ្ញាធរក្រុងផងដែរ លើការរៀបចំសណ្តាប់ធ្នាប់ ចរាចរណ៍ ការប្រើប្រាស់ចំណីផ្លូវ ការរៀបចំកន្លែងលក់ដូររបស់ប្រជាពលរដ្ឋ ជាដើម។ បរិស្ថាន អនាម័យស្អាត និងសេចក្តីថ្លៃថ្នូរ គឺទាមទារឲ្យមានការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងនោះក្រុមគំរូបំផុត គឺបងប្អូនប្រជាពលរដ្ឋ ទាំងការចូលរួមផ្សព្វផ្សាយ និងទាំងការចូលរួមអនុវត្ត។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា អ្វីដែលចង់ឃើញសម្រាប់ថ្ងៃអនាគត គឺការរីកចម្រើនទៅមុខជានិច្ច។ កិច្ចប្រជុំក៏បានវាយតម្លៃដែរថា សំខាន់នៅក្នុងកាល:ទេស:នេះ បើទោះជាផ្តោតទៅលើបញ្ហាអ្វីក៏ដោយ តែមិនអាចបំភ្លចបានទេ គន្លឹះរក្សានិរន្តរភាព នៃការបើកប្រទេសឡើងវិញ នោះគឺការបន្តដាក់ចេញនូវការជម្រុញចលនាចាក់វ៉ាក់សាំង ការពារជម្ងឺកូវីដ-១៩ បើទោះជាមានការកត់សម្គាល់ឃើញថា បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន យល់ច្បាស់អំពីគុណតម្លៃរបស់វ៉ាកសាំង និងដឹងច្បាស់កំពុងអនុវត្តវិធានសុវត្តិភាព ៣ការពារ ៣កុំ គឺស្មើនឹងការរក្សាជីវិតរបស់ខ្លួនយ៉ាងណាក៏ដោយ៕