សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ដឹកនាំសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៣


ព្រឹកថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៧ វេលាម៉ោង ០៨:០០ នៅវិមានព្រឹទ្ធសភា សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីដឹកនាំសម័យប្រជុំលើកទី១០ព្រឹទ្ធសភានីតិកាលទី៣ ដោយមាន របៀបវារៈ ៖
1. ការប្រកាសទទួលស្គាល់មាជិកព្រឹទ្ធសភាថ្មី ។
2. ពិនិត្យ និង ឲ្យយោបល់លើសេចក្ដីស្នើច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ។
ក្នុងរបៀបវារៈទី១ សម្ដេចប្រធានព្រឹទ្ធសភា បានជំរាបជូនអង្គប្រជុំ ” ដោយយោងសេចក្ដីសម្រេចលេខ ៤១៨ គ ជ ប ស ស រ ចុះថ្ងៃទី២១/០៦/២០១៧ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណបក្ស សម រង្ស៊ី បានស្នើសុំឲ្យព្រឹទ្ធសភាប្រកាសទទួលស្គាល់លោកជំទាវ គុណ លំអង ជាសមាជិកព្រឹទ្ធសភានីតិកាលទី៣ មណ្ឌលភូមិភាគទី៤ ( ខេត្តបាត់ដំបង , បន្ទាយមានជ័យ , សៀមរាប , ឧត្តរមានជ័យ និង ខេត្ត ប៉ៃលិន ) ។
គណៈកម្មាធិការអចិន្រ្តៃយ៍ បានពិនិត្យ និងឯកភាពលើសំណើរនេះ ដោយចាត់ទុកថាស្របទៅនឹងប្រការ៥ ជំពូកទី២ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា។ ក្នុងឱកាសនោះសម្ដេចប្រធានបានអញ្ជើញលោកជំទាវ គុណ លំអង ឡើងបង្ហាញខ្លួន និង ស្នើឯកឧត្តមអគ្គលេខាធិកាព្រឹទ្ធសភា អានសេចក្ដីសម្រេចរបស់ព្រឹទ្ធសភាលេខ០៤៣/០៦១៧/ពស/ស.រ_នវចុះថ្ងៃទី ២៩/០៦/២០១៧ ទទួលស្គាល់លោកជំទាវ គុណ លំអង ជាសមាជិកថ្មីនៃព្រឹទ្ធសភានីតិកាលទី៣ និង ជំរាបជូនលោកជំទាវ គុណ លំអង ត្រូវធ្វើសច្ចាប្រណិធាន មុនចូលកាន់តំណែង និងស្នើអគ្គលេខាធិកាព្រឹទ្ធសភា បន្តនីតិវិធីដើម្បីអនុវត្ត ហើយក្នុងពេលរងចាំនេះ លោកជំទាវ គុណ លំអង អាចអញ្ជើញត្រឡប់ទៅវិញបាន”

ឆ្លងចូលរបៀបវារៈទី២៖ ក្រោយពីបានស្ដាប់ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈ កម្មការទី៦ព្រឹទ្ធសភា រាយការណ៍ជូនអំពីលទ្ធផលនៃការពិនិត្យសិក្សាលើសេចក្ដីស្នើច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងដោយមិនមានមតិយោបល់ពិភាក្សាបំពេញបន្ថែម អង្គព្រឹទ្ធសភាក៏បានអនុម័តចំនួន៤៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភា យល់ព្រមដោយឥតកែប្រលើខ្លឹមសារទាំងមូលនៃសេចក្ដីស្នើច្បាប់ និងចាត់ទុកជាការប្រញាប់។

មុនបញ្ចប់ សម្ដេចប្រធានព្រឹទ្ធសភា បានប្រកាសជំរាបជូនអង្គប្រជុំបន្ថែមថា៖ ដោយសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៣ បានចាប់ផ្ដើមតាំងពីថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ២០១៧ គិតមកដល់ពេលនេះមានរយះពេល៣ខែហើយ ហេតុនេះអនុលោមតាមមាត្រា១០៧ថ្មីនៃរដ្ឋធម្មនុញ្ញ សូមប្រកាសបិទសម័យប្រជុំលើកទី១០ព្រឹទ្ធសភានីតិកាលទី៣ ចាប់ពីពេលនេះតទៅ ។ ក្នុងពេលចន្លោះសម័យប្រជុំនេះស្របតាមការកំណត់ក្នុងប្រការ៥៥ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា សូមសមាជិក សមាជិកាព្រឹទ្ធសភា ក៏ដូចជាសមាជិកគណៈកម្មការបំពេញការងារជាប្រក្រតីក្នុងព្រឺទ្ធសភា និងចុះទៅប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីក្នុងភូមិភាគ៕