សម្តេចតេជោ ហ៊ុន សែន៖ គោលនយោបាយអភិវឌ្ឍន៍អាទិភាពទាំង៤ ដែលដាក់ចេញក្រោយថ្ងៃរំដោះ ៧មករា អាចត្រឹមត្រូវរហូតដល់ ២០ទៅ៣០ឆ្នាំខាងមុខទៀត


ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសលើផ្លូវជាតិលេខ៥ ក្បែរទីលានប្រជាធិបតេយ្យ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា គោលនយោបាយអភិវឌ្ឍន៍អាទិភាពទាំង៤ របស់កម្ពុជា ដែលបានដាក់ចេញតាំងពីឆ្នាំ១៩៨៧មក មាន«ទឹក ផ្លូវ ភ្លើង មនុស្ស» គឺមានភាពត្រឹមត្រូវ នឹងនៅតែបន្តត្រឹមត្រូវក្នុងរយៈពេល ២០ ទៅ៣០ឆ្នាំទៀតឯណោះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ហេដ្ឋារចនាសម្ព័ន្ធពិតជាចាំបាច់សម្រាប់យើង ដូច្នេះហើយបានជាខ្ញុំនៅតែមានមោទនភាព អំពីអតិភាពនៃគោល នយោបាយរបស់កម្ពុជា ដែលបានដាក់ចេញនៅឆ្នាំ១៩៨៧ បើយើងពិនិត្យពីឆ្នាំ១៩៨៧ រហូតមកដល់បច្ចុប្បន្ន គឺមានអាយុកាលជាង៣០ឆ្នាំហើយ ប៉ុន្តែអតិភាពនៃគោល នយោបាយសម្រាប់ការអភិវឌ្ឍរបស់យើងនៅតែត្រឹមត្រូវ ហើយវាអាចនឹងត្រឹមត្រូវរយៈពេល ២០ ឫ៣០ឆ្នាំទៀតឯណោះ នោះគឺ ទឹក ផ្លូវ ភ្លើង មនុស្ស ឯចុងក្រោយនេះ យើងដូរមុំរបស់វាទៅជា មនុស្ស ទឹក ផ្លូវ ភ្លើងវិញ»

សម្តេចតេជោ ហ៊ុន សែន បានបន្តថា កម្ពុជាបានប្រឹងប្រែងប្រមូលទុនដែលមាន ឫអាចខ្ចីពីបរទេស ដើម្បីកសាងផ្លូវ កសាងស្ពាន និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងៗទៀត ដើម្បីបំរើឱ្យការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា «ទីក្រុងភ្នំពេញបច្ចុប្បន្នរបស់យើងនេះ ពេលខ្លះសូម្បីតែខ្លួនខ្ញុំដែលនៅពាក់ព័ន្ធជាមួយនឹងកាងារនៅក្នុងរាជធានីភ្នំពេញនេះ ស្ទើតែជាងពាក់កណ្តាលជីវិត ពេលខ្លះខ្ញុំមើលទីក្រុងខ្លួនឯងអត់ស្គាល់ច្បាស់ទេ»

សម្តេចតេជោ បានបន្ថែមថា ឥលូវនេះបើយោងទៅលើការកត់ស្ថិតិនៅក្នុងរាជធានីភ្នំពេញ មានអគារកម្ពស់ចាប់ពី ៥ជាន់ ទៅ៩ជាន់ ដល់លើសពី៥០ជាន់ មានរហូតដល់ ១,៦០៣អគារ, ក្នុងនោះអគារកម្ពស់ពី ៥ជាន់ ទៅ៩ជាន់ មាន៩២៦អគារ, អគារកម្ពស់ ១០ជាន់ ទៅ ១៩ជាន់ មាន ៤៥២អគារ, អគារកម្ពស់ ២០ជាន់ ទៅ២៩ជាន់ មាន ១២០អគារ, អគារកម្ពស់ ៣០ជាន់ ទៅ ៣៩ជាន់ មាន ៦៥អគារ និងអគារខ្ពស់ចាប់ ៤០ជាន់ឡើង មាន ៤០អគារ។ ខណៈក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ប្រទេសកម្ពុជា មានអគារខ្ពស់ជាងគេ ៧ជាន់ ហើយមានតែមួយទៀតផង។

សូមបញ្ជាក់ដែរថា បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ នៅក្នុងសន្និបាតបូកសរុបសមិទ្ធផលការងារ សាធារណការ និងដឹកជញ្ជូនឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ កាលពីពេលថ្មីៗនេះថា គិតមកទល់បច្ចុប្បន្ននេះ បណ្តាញផ្លូវជាតិ និងផ្លូវជនបទ បានស្ថាបនាដោយចាក់កៅស៊ូ និងបេតុងរួចប្រមាណជាង ១៥ ០០០គីឡូម៉ែត្រ និងកំពុងលើកកម្រិតគុណភាពពីកៅស៊ូពីរស្រទាប់ (DBST) ទៅបេតុងកៅស៊ូ(AC) និងពង្រីកពី២គន្លង ទៅ៤គន្លង នៅតាមខ្សែផ្លូវអាទិភាពមួយចំនួនទៀតផងដែរ៕