សម្តេចតេជោ ហ៊ុន សែន ហួសចិត្តនឹងអ្នកវិភាគ រឿងសម្តេចនាំបណ្ឌិត ហ៊ុន ម៉ាណែត ចូលគាល់ព្រះមហាក្សត្រ និងសម្តេចម៉ែ ថាមិនសម


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងការហួសចិត្តនឹងក្រុមអ្នកវិភាគ ដែលបានវិភាគលើរឿងសម្តេចនាំលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្តេច ចូលគាល់ព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលពួកគេលើកឡើងថា ជារឿងមិនសមទាល់តែសោះ។

ថ្លែងក្នុងអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានអាកាសលើផ្លូវជាតិលេខ៥ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះ៖ «សូម្បីតែខ្ញុំនាំ ម៉ាណែត ទៅគាល់ព្រះមហាក្សត្រ និងហ្លួងម៉ែ នៅព្រះបរមរាជវាំង គេថាអត់សម»

សម្តេចតេជោ ហ៊ុន សែន និងលោកឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បានអញ្ជើញចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ នៅក្នុងព្រះបរមរាជវាំង។

ដំណើរចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងលោកបណ្ឌិត ហ៊ុន ម៉ាណែត នាពេលនោះ ដើម្បីទូលថ្វាយនូវការងារមួយចំនួនរបស់រាជរដ្ឋាភិបាល ក៏ដូចជាការងារដទៃទៀតពាក់ព័ន្ធបញ្ហារបស់ជាតិ។

ប៉ុន្តែក្រុមអ្នកវិភាគមួយចំនួន បែរជាលើកឡើងថា ត្រឹមឋានៈជាមេបញ្ជាការកងទ័ពជើងគោក បណ្ឌិត ហ៊ុន ម៉ាណែត គ្មានភារៈអ្វី ត្រូវរាយការណ៍ថ្វាយព្រះមហាក្សត្រនោះទេ។ បន្ថែមលើនេះ ពួកគេលើកឡើងថា បើសម្តេចតេជោ ចង់នាំបណ្ឌិត ហ៊ុន ម៉ាណែត ទូលថ្វាយព្រះមហាក្សត្រឲ្យទ្រង់ជ្រាប ពីបេក្ខភាពនាយករដ្ឋមន្ត្រី ក៏រឹតតែមិនសម ព្រោះបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានសម្តេចតេជោ ណែនាំឲ្យថ្នាំដឹកនាំវៀតណាម និងថ្នាក់ដឹកនាំរបបយោធាមីយ៉ាន់ម៉ា ស្គាល់មុនបាត់ទៅហើយ។

ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានបកស្រាយថា លោកបណ្ឌិត ហ៊ុន ម៉ាណែត បានប្រឹងប្រែងខ្លាំងណាស់ ការពារមិនឱ្យកូវីដ១៩ រាតត្បាតចូលព្រះបរមរាជវាំង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ពេលនាំលោក ហ៊ុន ម៉ាណែត ចូលថ្វាយបង្គំព្រះមហាក្សត្រនាពេលកន្លងទៅ ក៏ដើម្បីទូលព្រះមហាក្សត្រ ពីការបន្តវេនរបស់លោក ហ៊ុន ម៉ាណែត បន្ទាប់ពីសម្តេចលាឈប់ពីតំណែង។

សម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា៖ «ម៉ាណែត ក្នុងមួយរយៈកាលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខិតខំយ៉ាងខ្លាំង ដើម្បីការពារព្រះបរមរាជវាំង រៀបចំយ៉ាងណា ដើម្បីឲ្យព្រះបរមរាជវាំងមានសុវត្ថិភាព។ និយាយឲ្យត្រង់ទៅ ខ្ញុំក៏ចង់បញ្ជាក់ប្រាប់ព្រះអង្គថា ថ្ងៃក្រោយទូលបង្គំដកខ្លួនហើយ ឲ្យគាត់បន្ត [ដឹកនាំប្រទេស] ទៅ»

បន្ថែមលើនេះ សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា ទំនាក់ទំនងរវាងព្រះមហាក្សត្រ និងនាយករដ្ឋមន្ត្រី ព្រះអង្គមិនត្រឹមតែជាព្រះប្រធាននៃសវនាការ សម្រាប់នាយករដ្ឋមន្ត្រីនោះទេ ប៉ុន្តែព្រះអង្គក៏ប្រទានសម្រាប់ប្រជាពលរដ្ឋ ដែលចង់គាល់ព្រះអង្គផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យអ្នកវិភាគរៀនឈ្វេងយល់ឡើងវិញ មុននឹងវិភាគចំណុចណាមួយ។ ការវិភាគខុស ដំណើរសម្តេចតេជោ នាំបណ្ឌិត ហ៊ុន ម៉ាណែត ចូលគាល់ព្រះមហាក្សត្រ និងសម្តេចម៉ែ ត្រូវបានសម្តេចចាត់ទុកថា អ្នកវិភាគទាំងនោះថា ជាអ្នកគ្មានការងារធ្វើ៕