លោកជំទាវ ឱ វណ្ឌីន អំពាវនាវប្រជាពលរដ្ឋអនុវត្តវិធានការសុខាភិបាល ក្នុងពេលចូលឆ្នាំចិន និងចូលរួមចាក់វ៉ាក់សាំងដូសជំរុញ ឱ្យបានគ្រប់គ្នា


លោកជំទាវ ឱ វណ្ឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការ «៣ការពារ និង៣កុំ» និងវិធានការសុខាភិបាលផ្សេងៗទៀត ក្នុងឱកាសបុណ្យចូលឆ្នាំចិន និងបន្តចូលរួមចាក់វ៉ាក់សាំងដូសជំរុញ ចំពោះអ្នកដែលដល់វេនត្រូវចាក់ដូសទី៣ និងដូសទី៤។

ការអំពាវនាវយ៉ាងដូច្នេះ ក៏ដោយសារលោកជំទាវ ឱ វណ្ឌីន សង្កេតឃើញថា មានប្រជាជនខ្លះហាក់ធ្វេសប្រហែស មិនសូវប្រុងប្រយ័ត្នចំពោះការការពារខ្លួនពីជំងឺកូវីដ១៩ នាដំណាក់កាលដែលកម្ពុជាកំពុងបើកដំណើរសេដ្ឋកិច្ចឡើងវិញ ដែលនេះអាចនឹងនាំមកនូវហានិភ័យចំពោះពួកគេ និងសហគមន៍។ លោកស្រី បានលើកឡើងថា «ការជួបជុំបច្ចុប្បន្ន កន្លែងខ្លះក៏មានការអនុវត្តបានល្អ ប៉ុន្តែកន្លែងខ្លះទៀតមិនទាន់អនុវត្តបានល្អប្រសើរនៅឡើយទេ។ តាមរយៈរបាយការណ៍របស់ក្រសួងសុខាភិបាលដែលចេញផ្សាយរៀងរាល់ថ្ងៃនោះបានបង្ហាញឱ្យឃើញថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ពិសេសប្រភេទបំប្លែងថ្មីអូមីក្រុង នៅតែមានករណីឆ្លងរាល់ថ្ងៃ»

លោកជំទាវរដ្ឋលេខាធិការ បានដាស់តឿនសាជាថ្មីទៀតថា ដើម្បីរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទជំងឺកូវីដ បានយូរអង្វែងតទៅ ប្រជាជនទាំងអស់គ្នា ត្រូវខិតខំចូលរួមអនុវត្តតាមវិធានការ «៣ការពារ និង៣កុំ» និងវិធានការសុខាភិបាលផ្សេងទៀត ពិសេសក្នុងបុណ្យចូលឆ្នាំចិននេះ ឬពិធីអាពាហ៍ពិពាហ៍ និងពិធីកម្មផ្សេងៗ។

ចំណុចមួយទៀត ដែលលោកជំទាវ ឱ វណ្ឌីន បានស្នើយ៉ាងទទូចដែរនោះ គឺអំពាវនាវឱ្យប្រជាជនដែលបានចាក់វ៉ាក់សាំងដូសទី២ហើយ គឺសូមទៅចាក់ដូសទី៣ នៅតាមទីតាំងនានា មានមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យជាតិ ទៅតាមពេលកំណត់ឲ្យបានគ្រប់គ្នា ពីព្រោះការចាក់វ៉ាក់សាំងនេះ គឺជួយបង្កើនអង់ទីករ បង្កើនភាពសុាំ ដែលប្រៀបដូចជាកងការពារក្នុងរាងកាយ ក្នុងការប្រឆាំងជាមួយមេរោគកូវីដ១៩ ដើម្បីឱ្យសហគមន៍រួចផុតពីការចម្លងជំងឺកូវីដ១៩ កាត់បន្ថយអត្រាអ្នកឆ្លង និងអត្រាអ្នកស្លាប់ផងដែរ។

ចំពោះអ្នកដល់វេនចាក់ដូសទី៤ នៅរាជធានីភ្នំពេញ ក៏ត្រូវទៅចាក់នៅតាមទីតាំង និងពេលវេលាដែលរដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងជាបណ្ដើរៗនោះ ដើម្បីការពាររាងកាយពីមេរោគបំប្លែងថ្មីអូមីក្រុង។

គួរជម្រាបថា នាឱកាសឈប់សម្រាក និងដើរកម្សាន្តសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអំពាវនាវដល់ប្រជាជនសូមមានការប្រុងប្រយ័ត្នចំពោះអូមីក្រុង (Omicron) ដែលជាប្រភេទជំងឺកូវីដ១៩បំប្លែងថ្មី ខណៈនៅក្នុងសហគមន៍កំពុងបន្តរាលដាលមិនទាន់ថយចុះនៅឡើយ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យប្រជាជនបន្តអនុវត្តវិធានការ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន គួបផ្សំជាមួយនឹងការចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូសទៅតាមពេលកំណត់ ទើបអាចធានាបាននូវការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ៕