ឯកឧត្តម ម៉ប់ សារិន ត្រូវបានជ្រើសតាំងជាប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ជំនួសឯកឧត្តម ប៉ា សុជាតិវង្ស ដែលទៅកាន់តំណែងជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស


(កែប)៖ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានជ្រើសតាំងជាប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ជំនួសឯកឧត្តម ប៉ា សុជាតិវង្ស ដែលបានទៅកាន់តំណែងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស។

សមាជិកក្រុមប្រឹក្សាជាតិចំនួន ៨៥ រូប បានអនុម័តគាំទ្រការជ្រើសតាំងនេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សជាតិរបស់សមាគម ដែលរៀបចំឡើងនាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងគោលបំណងបូកសរុបសមិទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ដោយមានសមាសភាពចូលរួមសរុបប្រមាណ ១៩០ រូប ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា តំណាងព្រឹទ្ធសភា ក្រសួង ស្ថាប័នពាក់ព័ន្ធ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ៨៥ រូប ថ្នាក់ដឹកនាំសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន, គណៈអភិបាលរាជធានី ខេត្ត នាយករដ្ឋបាលរាជធានី ខេត្ត ព្រមទាំងប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សារាធានី ខេត្ត និងដៃគូអភិវឌ្ឍន៍។

សូមជម្រាបថា សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ត្រូវបានបង្កើតក្នុងឆ្នាំ២០១៣ ជានីតិបុគ្គល ធ្វើជាតំណាងឱ្យក្រុមប្រឹក្សារាជធានី-ខេត្ត ក្នុងគោលបំណងចម្បងចំនួន ៣ រួមមាន៖

*ទី១៖ លើកកម្ពស់ឋានៈ និងអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សារាជធានី-ខេត្ត
* ទី២៖ ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក
* និងទី៣៖ កសាងភាពជាដៃគូជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋ និងជំរុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕