អភិបាលខេត្តកំពត អំពាវនាវដល់ពលរដ្ឋ ត្រូវប្រុងប្រយ័ត្ន និងទប់ស្កាត់ឆ្លងរីករាលដាលមេរោគបំប្លែងថ្មី «អូមេក្រុង»


(កំពត)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងខេត្តកំពត បានបន្តណែនាំ និងអំពាវនាវដល់ប្រជាពលរដ្ឋឲ្យត្រូវចេះប្រុងប្រយ័ត្នខ្ពស់ និងការពារទប់ស្កាត់ជំងឺឆ្លងកូវីត១៩ ពិសេសការរីករាលដាលមេរោគបំប្លែងថ្មី «អូមេក្រុង» ដែលបច្ចុប្បន្ននេះបាន និងកំពុងរីករាលដាលនៅតាមតំបន់មួយចំនួនក្នុងទីក្រុងភ្នំពេញ។

ការណែនាំ និងអំពាវនាវបែបនេះ ខណ:ឯកឧត្តម ម៉ៅ ធនិន បាទដឹកនាំក្រុមការងារ មន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធក្រោមឱវាទ ចុះពិនិត្យ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពិសេសការចាក់ដូសជំរុញ នៅតាមមណ្ឌលសុខភាពចំនួន៧ រួមមាន៖

*មណ្ឌលសុខភាពត្រពាំងរាំង
*មណ្ឌលសុខភាពស្រែចែង
*មណ្ឌលសុខភាពព្រៃខ្ជាយ
*មណ្ឌលសុខភាពអាសារស្រែក្នុង
*មណ្ឌលសុខភាពច្រេស និងមណ្ឌលសុខភាពជម្ពូវ័ន្ត ក្នុងស្រុកជុំគិរី ខេត្តកំពត នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។

នាឱកាសសំណេះសំណាលនោះ ឯកឧត្តមអភិបាលខេត្ត ម៉ៅ ធនិន បានបញ្ជាក់ថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលចាក់ជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺបានមកដោយការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការស្វែងរកវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋនៅក្នុងទូទាំងប្រទេសឱ្យបានគ្រប់ៗគ្នា សំដៅបង្ការ ទប់ស្កាត់ កុំឱ្យមានការឆ្លងរីករាលដាលពាក់ព័ន្ធជំងឺដ៏កាចសាហាវនេះ។

ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវនាំប្រជាពលរដ្ឋ ឱ្យមកទទួលការចាក់វ៉ាក់សាំងនេះឱ្យបានគ្រប់ៗគ្នា និងត្រូវមានការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយនូវវិធានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋឱ្យ បានយល់ដឹងកាន់តែច្បាស់បន្ថែមទៀត។

ស្របពេលជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែមកទទួលការចាក់វ៉ាក់សាំង ឱ្យបានគ្រប់ៗគ្នា និងបន្តចាក់ដូសជម្រុញបន្ថែមទៀត ដើម្បីទប់ស្កាត់នៅមេរោគកូវីដ-១៩។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា «បើទោះបីជាយើងទាំងអស់គ្នា បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចរាល់ហើយគ្រប់ដូសក៏ដោយ ប៉ុន្តែត្រូវតែបន្តការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ក្នុងការចូលរួមទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺកូវីដ១៩នេះ ដោយត្រូវអនុវត្តនូវវិធានសុវត្តិភាព ៣កុំ ៣ការពារ។ ពិសេសការដាក់ចេញ ការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ដែលពេលថ្មីៗកន្លងមកនេះ ក្នុងទីក្រុងភ្នំពេញមានការឆ្លងរីករាលដាល មេរោគបំប្លែងថ្មី «អូម៉េក្រុង» មានការកើនឡើង ដែលយើងទាំងអស់គ្នាមានភារកិច្ចក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនេះ»