ក្រុមតំណាងរាស្រ្ត CPP នឹងចូលប្រជុំសភា ដើម្បីអនុម័តវិសោធនកម្មច្បាប់ បក្សនយោបាយ ទោះបី CNRP មិនចូលប្រជុំក៏ដោយ


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា បើទោះបីក្រុមតំណាងរាស្រ្ដគណបក្សសង្រ្គោះជាតិ មិនចូលប្រជុំសភាដើម្បីពិភាក្សា និងអនុម័តទៅលើវិសោធនកម្មច្បាប់ស្ដីពី ”គណបក្សនយោបាយ” ដែលមានបំណងហាមមិនឲ្យទណ្ឌិតចូលរួមសកម្មភាពនយោបាយ នៅថ្ងៃចន្ទ ទី១០ ខែកក្កដាក៏ដោយ ក៏រដ្ឋសភានៅតែអាច បើកសម័យប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តវិសោធនកម្មច្បាប់នេះបានដែរ។

ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា ក្រុមតំណាងរាស្រ្ដ គណបក្សប្រជាជនកម្ពុជា នឹងចូលប្រជុំពេញអង្គរដ្ឋសភា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីពិភាក្សា និងអនុម័តលើវិសោធនកម្មច្បាប់ស្ដីពី”គណបក្សនយោបាយ”នេះ បើទោះបីអវត្ដមានក្រុមតំណាងរាស្រ្ដ គណបក្សប្រឆាំងក៏ដោយ។

ឯកឧត្តម បានបញ្ជាក់ ថា”នៅតែដដែលទេ ទោះបីអវត្ដមានរបស់ តំណាងរាស្រ្ដ គណបក្សប្រឆាំងយ៉ាងណាក៏ដោយ ក៏តំណាងរាស្រ្ដគណបក្សកាន់អំណាច នៅតែដំណើរការប្រជុំពេញអង្គរដ្ឋសភាបាន ហើយត្រឹមត្រូវទៅតាមខ្លឹមសារ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញា ក៏ដូចជាបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា ហើយការអនុម័តរបស់យើង ទាមទារសំឡេងតែ៦៣ឡើងលើទេ អញ្ចឹងយើងមានលើសពី៦៣ហើយ អញ្ចឹងការអនុម័តច្បាប់ នាពេលខាងមុខនេះ គឺត្រឹមត្រូវទៅតាមគោលការណ៍ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាហើយ ទោះបីមានអវត្ដមាន របស់តំណាងរាស្រ្ដគណបក្សប្រឆាំង ក៏ដោយ”។

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់បន្ថែម ថា ការធ្វើវិសោធនកម្មច្បាប់ស្ដីពី ”គណបក្សនយោបាយ”នេះ មិនមែនសំដៅតែទៅលើលោកសម រង្ស៊ីនោះទេ តែច្បាប់ដែលនឹងត្រូវធ្វើវិសោធកម្ម ក្នុងពេលឆាប់ៗនេះ នឹងគ្របដណ្ដប់គ្រប់គណបក្សនយោបាយ និងអ្នកនយោបាយទាំងអស់។

ត្រង់ចំណុចនេះឯកឧត្តម សុខ ឥសាន បានបញ្ជាក់ ថា ”យើងធ្វើច្បាប់ដើម្បីមានវិសាលភាព គ្របដណ្ដប់សម្រាប់គណបក្សទូទៅ ក៏ដូចជាអ្នកនយោបាយទូទៅ យើងមិនមែនសំដៅ ទៅលើគណបក្សណាមួយ ឬមួយក៏សម រង្ស៊ីទេ ឬក៏បុគ្គលណាមួយទេ”៕