ឯកឧត្តម អ៉ិត សំហេង ៖ ស្រ្តី៦១% ជាម្ចាស់អាជីវកម្ម និងអ្នកធ្វើជំនួញក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម


ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា បច្ចុប្បន្នការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SME) បានក្លាយជាជន្ទល់និងប្រភពកំណើនសេដ្ឋកិច្ចរយៈពេលវែង និងការបង្កើតការងារដល់ប្រជាពលរដ្ឋ ក្នុងនោះមានស្រ្តីមានប្រមាណ៦១% ជាម្ចាស់អាជីវកម្ម និងអ្នកធ្វើជំនួញ ដែលជាអត្រាខ្ពស់មួយសម្រាប់កម្ពុជា។

ឯកឧត្តម អ៉ិត សំហេង បានលើកឡើងបែបនេះគឺនៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការជានារីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមអបអរសាទរខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» ដែលរៀបចំធ្វើឡើងតាមប្រព័ន្ធវីដេអូខនហ្វឺរិន (ZOOM) នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារបានបញ្ជាក់ថា «បច្ចុប្បន្នការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SME) បានក្លាយជាជន្ទល់និងប្រភពកំណើនសេដ្ឋកិច្ចរយៈពេលវែង និងការបង្កើតការងារដល់ប្រជាពលរដ្ឋ ក្នុងនោះមានស្រ្តីមានប្រមាណ៦១% ជាម្ចាស់អាជីវកម្ម និងអ្នកធ្វើជំនួញ ដែលជាអត្រាខ្ពស់មួយសម្រាប់កម្ពុជា»។

ឯកឧត្តមបានបន្តថា ចំណុចសក្តានុពលក្នុងការធ្វើឲ្យប្រព័ន្ធអេកូឡូស៊ីសម្រាប់ការអភិវឌ្ឍវិស័យធុរកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព គឺការគិតគូរនិងធានាថានៅក្នុងមធ្យោបាយ និងវិធានការគាំទ្រដល់អាជីវកម្មខ្នាតតូច និងមធ្យមនានា ប្រាកដថាសហគ្រិន និងអាជីវករជាស្រ្តីមានឱកាសមិនត្រឹមតែអាចស្តារអាជីវកម្មរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែដើម្បីអភិវឌ្ឍភាពធន់របស់ខ្លួនឈានទៅយុគសម័យឌីជីថល ឆ្លើយតបនឹងបដិវត្តឧស្សាហកម្មទី៤។

បើតាមឯកឧត្តមរដ្ឋមន្ត្រីការសិក្សាស្រាវជ្រាវនានាបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ-១៩បានបង្កផលប៉ះពាល់អវិជ្ជមានលើស្រ្តីច្រើនជាងបុរស ទាំងក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ជាពិសេសស្រ្តីនៅក្នុងប្រទេសកំពុងអភិវឌ្ឍដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារស្រ្តីភាគច្រើនមានការងារនៅក្នុងវិស័យសេវាកម្ម និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការនានាដែលបានឆ្លើយតបនិងផ្តល់នូវអត្ថប្រយោជន៍ដោយផ្ទាល់ដល់ស្រ្តី និងក្រុមជនងាយរងគ្រោះ ពិសេសតាមរយៈគោលនយោបាយគាំពារសង្គម ការដាក់ចេញវិធានការអន្តរាគមន៍ជំនួយសង្គម ការបង្កើនមូលធនថវិកាសាច់ប្រាក់ពលកម្មដើម្បីជួយកម្មករនិយោជិតដែលបានព្យួរការងារ កម្មវិធីជំនួយសង្គម ពិសេសជួយស្តារលទ្ធភាពនិងលើកកម្ពស់អាជីវកម្មសហគ្រាសធុនតូច និងមធ្យមជាដើម។

ការរីករាលដាលនៃជំងឺកូវីដ-១៩បានក្លាយជាឱកាសមួយសម្រាប់ការផ្តោតលើការអនុវត្តកម្មវិធីគាំពារសង្គមទាំងឡាយ ដែលជាទ្រនាប់សំណាញ់សុវត្ថិភាព និងដើម្បីកសាងមូលដ្ឋានសង្គម-សេដ្ឋកិច្ចមួយដែលរឹងមាំនាពេលអនាគត។ ក្នុងន័យនេះកម្ពុជាចាំបាច់ត្រូវបន្តពង្រឹងប្រព័ន្ធ និងវិធានការគាំពារសង្គមប្រកបដោយបរិយាប័ន្ន ដើម្បីពង្រីកវិសាលភាពដល់ក្រុមប្រជាជនផ្សេងៗទៀត ទាំងវិស័យសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងការគិតគូរជាសំខាន់លើការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល សំដៅធានាឲ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានដោយសមធម៌។

សូមបញ្ជាក់ថា យុទ្ធនាការទិវាអន្តរជាតិនារី ៨ មីនា គឺជាព្រឹត្តការណ៍ជាសកលដែលមហាសន្និបាតអង្គការសហប្រជាជាតិបានប្រកាសជាទិវារបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស្រ្តី និងសន្តិភាពពិភពលោក នាឆ្នាំ១៩៧៧។ ជារៀងរាល់ឆ្នាំ ប្រទេសកម្ពុជាបានរៀបចំយុទ្ធនាការទិវាអន្តរជាតិ ៨ មីនា ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីគ្រប់រូប។

ដោយឡែក សម្រាប់ឆ្នាំនេះ ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា គឺប្រារព្ធឡើងក្នុងគោលបំណងបញ្ជាក់អំពីតម្លៃនៃការទទួលបាននូវសមភាពរវាងស្រ្តី និងបុរសសម្រាប់ការអភិវឌ្ឍគ្រប់វិស័យ និងជំរុញឲ្យគ្រប់ដៃគូពាក់ព័ន្ធបន្តអនុវត្តវិធានការផ្នែកគោលនយោបាយ កម្មវិធី និងសកម្មភាពជាក់លាក់នានាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនៅក្នុងរបៀបវារៈស្តារសេដ្ឋកិច្ច សង្គមក្រោយវិបត្តិកូវីដ-១៩ និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក៏ដូចជាការកសាងភាពរឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព៕