ឯកឧត្តម កែវ រ៉េមី៖ ភាពឈ្លាសវៃរបស់សម្តេចតេជោ តាមរយៈយុទ្ធសាស្ត្រស្រោចវ៉ាក់សាំង ជាការស្រោចស្រង់អាយុជីវិតពលរដ្ឋ


ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈយុទ្ធសាស្ត្រចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាការស្រោចស្រង់អាយុជីវិតប្រជាពលរដ្ឋពីការស្លាប់ដោយសារជំងឺកូវីដ១៩ ដែលជាគុណបំណាច់មិនអាចកាត់ថ្លៃបាន បន្ទាប់ពីការរំដោះប្រទេសជាតិ និងប្រជាពលរដ្ឋឱ្យរួចផុតពីការកាប់សម្លាប់របស់របបខ្មែរក្រហម។

ការលើកឡើងបែបនេះរបស់ ឯកឧត្តម កែវ រ៉េមី បានធ្វើឡើងក្នុងពិធីសម្ពោធអគារសាលាបាលី ដែលស្ថិត ក្នុងវត្តស្រីអ៊ុប្រសិទ្ធិរតនារាម នៃភូមិអន្លង់ឈើខ្លាង ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីលោកអភិបាលរងស្រុកស្អាង មន្រ្តីរាជការស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅក្នុងឃុំជាច្រើន។

ជាមួយគ្នានេះដែរ ឯកឧត្តម កែវ រ៉េមី ក៏បានជម្រាបពីស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ ព្រមទាំងជំរុញឱ្យបន្តនាំគ្នាទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា។ លោកថា កម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានខិតខំស្វះស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋគ្រប់រូបទាំងមនុស្សពេញវ័យ យុវវ័យ និងកុមារ ចាប់ពីដូសមូលដ្ឋាន រហូតដូសទី៣ និងទី៤។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបន្តថា «សម្តេចតេជោមានចក្ខុវិស័យក្នុងការទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសគិតគូរពីជីវិតរស់នៅរបស់ប្រជាពលរដ្ឋយើងទូទាំងប្រទេស ហើយយើងក៏នាំមុខគេក្នុងការចាក់វ៉ាក់សាំងនៅក្នុងពិភពលោកតែម្ដង»

បន្ថែមពីនេះ ឯកឧត្តម កែវ រ៉េមី បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកិច្ចការងារគ្រប់យ៉ាង ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋរបស់ខ្លួន ស្តែងឱ្យឃើញតាមរយៈការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ដោយមិនរើសអើងនិន្នាការនយោបាយ ពណ៌សម្បុរ សាសនា ជាដើម។ល។ តំណាងបណ្តាប្រទេសនានាបានកោតសសើរកម្ពុជាថា ជាប្រទេសដែលនាំមុនគេក្នុងការចាក់វ៉ាក់សាំង និងបើកចំហរយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

ក្រៅពីការស្វះស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនពលរដ្ឋ ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីទប់ស្កាត់ការឡើងថ្លៃម៉ាសអាកុល ព្រមទាំងសម្ភារៈមួយចំនួនមិនឱ្យឡើងថ្លៃលើទីផ្សារ ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋនាដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ១៩ ជាដើម។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម កែវ រ៉េមី បានគូសបញ្ជាក់ថា «គុណសម្បត្តិរបស់សម្តេចតេជោ ហ៊ុន សែន មានចំនួនពីរចំណុចធំៗ ទាក់ទងសិទ្ធិរស់រានមានជីវិត ខណៈសម្តេចបានរំដោះអាយុជីវិតរបស់ប្រជាពលរដ្ឋពីរបបខ្មែរក្រហម (១៩៧៩) និងលើកទី២ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាពិសេសសម្តេចបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងដល់កុមាចាប់ពីអាយុ៣ឆ្នាំ ដល់៥ឆ្នាំ សូមអរគុណសម្តេចតេជោ ហ៊ុន សែន ដែលលះបង់គ្រប់បែបយ៉ាងដើម្បីប្រជាពលរដ្ឋទូទាំងប្រទេស»

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៥៦៣,៥១២នាក់៕