ប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់, លោកជំទាវ លាង ហៃ ជាវតាយ ជំនួសលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ដែលត្រូវផ្ទេរទៅខេត្តកំពត


លោកជំទាវ មាន សំអាន សមាជិកអចិន្ត្រៃយ៍ព្រឹទ្ធសភា អនុប្រធានគណៈកម្មាធិការកណ្តាល តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់។ លោកជំទាវ លាង ហៃ ជាវតាយ ជាប្រធានកិត្តិយសសាខាថ្មី ជំនួសលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ដែលត្រូវផ្ទេរទៅខេត្តកំពត។

បន្ទាប់ពីឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងសុន្ទរកថាស្វាគមន៍ និងបានជម្រាបជូនអំពីស្ថានភាពសកម្មភាពទូទៅរបស់ខេត្ត និងសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់នោះរួចមក, លោកជំទាវ មៀច សុធារី អគ្គលេខាធិការសមាគមនារីថ្នាក់កណ្តាល បានអានសេចក្តីសម្រេច ត្រូវបានប្រកាសតែងតាំងលោកជំទាវ លាង ហៃ ជាវតាយ ប្រធានកិត្តិយសថ្មីសាខា ជំនួសលោកជំទាវ ហ៊ុន ចាន់ ម៉ៅធនិន ដែលត្រូវផ្ទេរទៅទទួលភារកិច្ចថ្មីនៅខេត្តកំពត និងសេចក្តីសម្រេចទទួលស្គាល់សមាជិកាកិត្តិយសថ្នាក់ខេត្តថ្មី ចំនួន៩រូប ថ្នាក់ដឹកនាំ កិត្តិយស អនុសាខារួមមាន ក្រុងពោធិ៍សាត់ ស្រុកកណ្តៀង ស្រុកបាកាន ស្រុកក្រគរ និងស្រុកវាលវែង ចំនួន៥រូប ថ្នាក់ដឹកនាំនៃអនុសាខា និងបណ្តាញសមាគមនារីបណ្តាមន្ទីរ អង្គភាព ចំនួន៩រូប។

លោកជំទាវ លាង ហៃ ជាវ តាយ ប្រធានកិត្តិយសថ្មី សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ បានប្តេជ្ញា គោរព និងអនុវត្តតាមលក្ខន្តិកៈ ចូលរួមសហការជាមួយគណៈចលនាស្ត្រី ថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ លើកកម្ពស់ស្ថានភាពស្ត្រី និងកុមារ។ ខិតខំគៀងគរស្វែងរកថវិកា ដើម្បីធ្វើសកម្មភាពអភិវឌ្ឍន៍ ការងារសង្គម និងការងារមនុស្សធម៌ សម្រាប់ជួយដល់ជនចាស់ជរា កុមារកំព្រា និងជនក្រីក្រគ្មានទីពឹងជាដើម។

លោកជំទាវ មាន សំអាន បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹក ពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ។ លោលោកជំទាវ បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ស្មារតី និងទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចការងារចលនាស្រ្តី ក្នុងរយៈពេលកន្លងមក របស់លោកជំទាវ លោកស្រី ដែលជាថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ក្នុងទូទាំងខេត្តពោធិ៍សាត់ ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់។

លោកជំទាវបន្ថែមថា ទាំងអស់នេះក៏មានការជួយសម្របសម្រួល និងផ្តល់ភាពងាយស្រួល ពីឯកឧត្តមលោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំគ្រប់ផ្នែក គ្រប់ថ្នាក់ ពិសេសបងប្អូនអាជីវករនៅក្នុងខេត្តផងដែរ។ លោកស្រីក៏បានអបអរចំពោះ លោកជំទាវ លាង ហៃ ជាវតាយ និងលោកជំទាវ ដែលជាសមាជិកាគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តពោធិ៍សាត់ ដែលបានស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាពសមាគមនារី តាមសេចក្តីសម្រេចរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍។

លោកជំទាវ បានផ្តាំផ្ញើដល់គណៈកម្មការសាខាសមាគមនារីខេត្តពោធិ៍សាត់ ដែលត្រូវបានប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពនាថ្ងៃនេះ ត្រូវបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាព ដូចជាពង្រឹងរបៀបរបបធ្វើការ ចេះបែងចែក តួនាទីភារកិច្ចទទួលខុសត្រូវ ទៅដល់ថ្នាក់ដឹកនាំ នៃគណៈកម្មការ សមាគមនារីសាខា អនុសាខាទាំងថ្នាក់ខេត្ត ស្រុក មន្ទីរអង្គភាព កាន់តែទូលំទូលាយ និងស៊ីជម្រៅទៅតាមគោលនយោបាយរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្គាល់ថា ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំ នៃសេដ្ឋកិច្ច និងសង្គមជាតិ របស់យើងទាំងអស់គ្នា។

ជាមួយគ្នានោះ ត្រូវបង្កើនប្រសិទ្ធិភាពការពាររាងកាយពីមេរោគកូវីដ ប្រភេទបំប្លែងថ្មី ប្រភេទអូមីក្រុង ត្រូវពន្លឿននៃការចាក់វ៉ាក់សាំងដូសទី៣ បន្តដល់ដូសទី៤ ដែលជាដូសជម្រុញ និងត្រូវអនុវត្តវិធានការណ៍ «៣ការពារ, ៣កុំ» ជាប់ជាប្រចាំ។ ជាមួយគ្នានោះត្រូវចូលរួមយ៉ាងសកម្ម ក្នុងការពង្រឹងពង្រីកសមាជិកភាពបន្ថែម នៅតាមមន្ទីរ អង្គភាព ស្រុក ក្រុង ឃុំ សង្កាត់ និងខិតខំគៀងគរស្វែងរកប្រភពថវិកា ដើម្បីគាំទ្រដល់សកម្មភាពកិច្ចការមនុស្សធម៌ ក្នុងសមាគមនារីឱ្យកាន់តែមានភាពរលូន តម្លាភាព និងឆ្លើយតបបានទាន់ពេលវេលា៕