គណៈកម្មាធិការជាតិដែលបញ្ជូនកម្លាំងកងទ័ពមួកខៀវកម្ពុជា បម្រើការងារអង្គការសហប្រជាជាតិ នឹងធ្វើសន្និបាត មួយបង្ហាញលទ្ធផលរយៈពេល ១០ឆ្នាំ នៃកម្ពុជា ដែលចូលរួមរកសន្តិភាពជាមួយនឹងពិភពលោក ។
ប្រវត្តិសាស្ត្របានបង្ហាញថា កម្ពុជាទើបតែក្នុងសម័យដឹកនាំរបស់តេជោសែននេះទេ ដែលមានកម្លាំងកងទ័ពខ្មែរលើកដំបូងបង្អស់ ដែលបានចេញទៅបម្រើបេសកកម្មអង្គការសហប្រជាជាតិនៅក្រៅប្រទេស ។ សន្និបាតនៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ ២០១៦ នឹងស្តាប់ប្រសាសន៍ចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅវិមានសន្តិភាព ។
យោងតាមសេចក្តីប្រកាសព័ត៌មាន សន្និបាតនឹងមានការចូលរូមពីសមាជិករាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ មន្ត្រីសម្របសម្រួលអង្គការសហប្រជាជាតិ មន្ត្រីទូត និងកងកម្លាំងប្រដាប់អាវុធប្រមាណជាង ៧០០នាក់ ចូលរួមផងដែរ ។
យោងតាមសេចក្តីប្រកាសព័ត៌មានដដែល កម្ពុជាក្នុងរយៈពេល ១០ឆ្នាំមកនេះ បានបញ្ជូនកម្លាំងចំនួន ៣ពាន់ ៥៥៧នាក់ ចូលរួមក្នុងបេសកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៨ រួមមានស៊ូដង់… ស៊ូដង់ខាងត្បូង… ឆាដ និងសាធារណរដ្ឋអាហ្វ្រិចកណ្តាល លីបង់ ស៊ីព្រ ស៊ីរី និងប្រទេសម៉ាលី ដោយផ្តោតលើជំនាញបោសសំអាតមីន… តម្រួតយោធា… ពេទ្យកំរិត២… ការកំទេចគ្រាប់មិនទាន់ផ្ទុះ… វិស្វកម្មសំណង់បញ្ឈរ និងសំណង់ផ្តេក ព្រមទាំងជំនាញសេនាធិការ និងការសង្កេតការណ៍យោធាផងដែរ ។
ក្នុងឆ្នាំ ២០១៦នេះ កម្លាំងកងទ័ពមួកខៀវកម្ពុជា ដែលកំពុងបំពេញបេសកម្មក្រៅប្រទេសមានចំនួន៨៨៨នាក់ ប្រតិបត្តិការនៅក្នុងប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ។