សម្ដេចក្រឡាហោម ស ខេង៖ ប្រទេសខ្លះមិនទទួលយកអ្នកទោស ដែលជាជនជាតិរបស់ខ្លួនទេ ក្រោយចាប់ខ្លួនពេលប្រព្រឹត្តបទល្មើសនៅកម្ពុជា


សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នេះ បានលើកឡើងថា ប្រទេសមួយចំនួនមិនទទួលយកអ្នកទោស ដែលជាជនជាតិរបស់ខ្លួនឡើយ បន្ទាប់ពីចាប់ខ្លួនពេលប្រព្រឹត្តបទល្មើសនៅកម្ពុជា ដែលការណ៍នេះក្លាយជាបន្ទុកមួយផ្នែកទៀតដល់កម្ពុជា។

សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ និងទិសដៅបន្ដរបស់រដ្ឋបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា មានតែសាធារណៈរដ្ឋប្រជាមានិតចិនប៉ុណ្ណោះ ដែលសហការល្អជាមួយកម្ពុជាក្នុងការទទួលយកអ្នកទោសជាជនជាតិរបស់ខ្លួន ទៅបន្ដអនុវត្តទោសនៅប្រទេសចិនវិញ ក្រោយបញ្ចប់ការបំពេញបែបបទនៅកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងបែបនេះថា «ប្រទេសខ្លះគាត់អត់យកទេ (អ្នកទោស) គាត់ដឹងថាជនជាតិគាត់ ប៉ុន្ដែយើងស្នើឲ្យគាត់យកត្រឡប់ទៅវិញ បញ្ជូនទៅគាត់បដិសេធ។ ចំណុចនេះ គឺពិបាក ដែលយើងកំពុងខិតខំប្រឹងប្រែងធ្វើការងារនេះ»

សម្ដេចក្រឡាហោម មិនបានបញ្ជាក់ថា ប្រទេសណាខ្លះនោះទេ ដែលមិនព្រមទទួលយកអ្នកទោសរបស់ខ្លួន។

ក្នុងន័យនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន, ក្រសួងសន្ដិសុខសាធារណៈ និងឯកអគ្គរដ្ឋទូតចិន ដែលតែងយកចិត្តទុកដាក់ចំពោះសំណើរបស់កម្ពុជា ចំពោះបញ្ហាស្នើសុំបញ្ជូនអ្នកទោសដែលជាជនជាតិរបស់ខ្លួន ត្រឡប់ទៅបន្ដអនុវត្តទោសនៅប្រទេសនោះវិញផងដែរ។

ដោយសារតែបិទសន្និបាតរបស់រដ្ឋបាលខេត្តព្រះសីហនុ សម្ដេចក្រឡាហោម ស ខេង ក៏បានរំលឹករឿងរ៉ាវកាលពីពេលកន្លងទៅមួយចំនួនផងដែរ ពិសេសរឿងដែលគេតែងតែតិះតៀន ឬរើសអើងជាតិសាសន៍។ ប៉ុន្ដែស្ថានភាពនេះ នាពេលបច្ចុប្បន្នលែងមានដូចកាលពីពេលមុនទៀតហើយ ហើយខេត្តព្រះសីហនុ តែងតែបង្ក្រាបបានជាបន្ដបន្ទាប់ចំពោះបទល្មើសផ្សេងៗ ដែលបង្កដោយជនជាតិបរទេស។

ប៉ុន្ដែយ៉ាងណាក៏ដោយ សម្ដេចក្រឡាហោម ស ខេង ស្នើឲ្យបន្ដយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការពង្រឹងការថែរក្សា សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈផ្សេងៗ នៅខេត្តព្រះសីហនុ សម្ដៅការពារទេសចរណ៍ និងវិនិយោគិន ដែលមកវិនិយោគ។ សម្ដេចក៏បានសង្កត់ធ្ងន់លើការងារឆ្លើយតប និងបកស្រាយចំពោះព័ត៌មានប្រឌិតផ្សេងៗ ដែលប៉ះពាល់ដល់ខេត្តព្រះសីហនុផងដែរ ដើម្បីកុំឲ្យជះផលមិនល្អក្នុងសង្គម។

សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា ក្នុងករណីមានព័ត៌មានប្រឌិត ហើយប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់ ហើយគ្មានការបកស្រាយបំភ្លឺឆ្លើយតបទេនោះ ច្បាស់ណាស់នឹងប៉ះពាល់ដល់ការធ្វើទេសចរណ៍ និងវិនិយោគជាក់ជាមិនខានឡើយ ដូច្នេះការងារនេះត្រូវពង្រឹងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត៕