សម្តេចតេជោ ហ៊ុន សែន ស្នើកុំឱ្យមានការភាន់ច្រឡំថា ប្រធានអាស៊ានមិនព្រមប្រជុំរវាងអាស៊ាន និងអាមេរិក ទើបមានការលើកពេល


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានពន្យល់បន្ថែមទៀតអំពីមូលហេតុដែលនាំឱ្យមានការលើកពេលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលគ្រោងនឹងរៀបចំនៅចុងខែមីនាខាងមុខនេះ។ សម្តេចបានស្នើកុំឱ្យមានការយល់ច្រឡំថា ប្រធានអាស៊ានជាអ្នកមិនព្រមចូលរួមកិច្ចប្រជុំនេះទើបឱ្យមានការលើកពេល ឱ្យសោះ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ស្ថិតនៅក្នុងខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ បានលើកឡើងថា៖ «សូមកុំមានការភាន់ច្រឡំថា ប្រធានអាស៊ានមិនព្រមប្រជុំរវាងអាស៊ាន និងអាមេរិក អ្នកដែលត្រូវសម្របសម្របសម្រួលហ្នឹង គឺឥណ្ឌូនេស៊ីជាអ្នកទទួលបន្ទុកសម្របសម្រួល ប្រធានអាស៊ានគឺជាសមាជិកអាស៊ានមួយ ដែលធ្វើការសម្របសម្រួលក្រោមភាពសម្រួបសម្រួលរបស់ឥណ្ឌូនេស៊ីតែប៉ុណ្ណោះ សង្ឃឹមថា លោកបណ្ឌិត សាស្រ្តាចារ្យ រៀនយល់ពីអាស៊ាន»។

កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះ ត្រូវបានសេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិក ប្រកាសថា នឹងរៀបចំឡើងនៅថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ បន្ទាប់ពីបានលើកពេលជាង១ខែ។

ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានលើកពេលវិញ ដោយសារមេដឹកនាំអាស៊ានខ្លះ មិនអាចប្រជុំតាមពេលវេលាស្នើឡើងបាន។

អ្នកវិភាគមួយចំនួន បានវាយប្រហារចំពោះកម្ពុជា ចំពោះមុខការលើកពេលកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ជាលើកទី២នេះ។ លោកបណ្ឌិត សូ ណារ៉ូ បានរិះគន់ថា ការបណ្តាលឱ្យមានការលើកពេលនេះ អាចដោយសារកម្ពុជា ដែលរងឥទ្ធិពលពីចិន។

ក្នុងពិធីដដែល សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការមិនយល់ ឬចេះមិនដល់ អាចបង្កើតបាននូវបញ្ហា។ សម្តេចបានថ្លែងថា កន្លងទៅមានការបកស្រាយដោយបំភ្លៃការពិតទៅលើការប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែមីនា។ ដោយចំណុចនេះ ត្រូវបានបកស្រាយដោយមនុស្សចំនួន ដោយលើកឡើងថា ប្រធានអាស៊ានមិនយល់ស្របក្នុងការប្រជុំរវាងអាស៊ាន-អាមេរិកនោះទេ។

សម្តេចបានគូសបញ្ជាក់ថា «ប៉ុន្តែខ្ញុំគួរតែប្រដៅគេ ហើយផ្តល់នូវព័ត៌មានជាក់លាក់សម្រាប់ការយល់ដឹងរបស់ប្រជាជនកម្ពុជា ជំនួសឱ្យការខ្វះការចេះដឹងរបស់អ្នកខ្លះដែលគេហៅថាបណ្ឌិត និងអ្នកខ្លះសាស្រ្តចារ្យ»

សម្តេចបានបន្ថែមថា៖ «យើងជាប្រធានអាស៊ានត្រូវហើយ ប៉ុន្តែនៅក្នុងអាស៊ានគេមានការបែងចែកឱ្យប្រទេសនីមួយៗធ្វើការសម្របសម្រួលរវាងអាស៊ាន ជាមួយនឹងប្រទេសណា»។ សម្តេចពន្យល់បន្តថា៖ «ឥឡូវប្រទេសដែលធ្វើការសម្រួបសម្រួលរវាងអាស៊ាន និងអាមេរិក គឺប្រទេសឥណ្ឌូនេស៊ី អញ្ជឹងពេលវេលា ប្រជុំអាស៊ាន-អាមេរិក គឺជាតួនាទីរបស់ឥណ្ឌូនេស៊ី ហើយអាមេរិកប្រកាសនៅថ្ងៃទី២៨-២៩ គឺនៅពេលដែលឥណ្ឌូនេស៊ី អត់ទាន់ធ្វើការសម្របសម្រួលជាមួយសមាជិកអាស៊ានទេ ដល់ពេលឥណ្ឌូនេស៊ីចាប់ផ្តើមធ្វើការសម្របសម្រួលជាមួយអាស៊ាន មានប្រទេស៤ មិនអាចទៅចូលរួមថ្ងៃទី២៨-២៩បាន ប៉ុន្តែក៏មានប្រទេសដែលអាចទៅចូលរួមបានស្នើធ្វើថ្ងៃទី២៦-២៧ វិញ ប៉ុន្តែភាគីអាមេរិកផ្តល់នូវចម្លើយមកវិញថា ថ្ងៃទី២៦-២៧ មិនអាចប្រជុំបានទេ អញ្ចឹងជម្រើសដែលល្អភាគីទាំងពីរស្នើសុំលើកពេលសិន ហើយសម្របសម្រួលតាមក្រោយ»

តាមការប៉ាន់ប្រមាណរបស់សម្តេច, អំឡុងពេលនេះ ប្រធានាធិបតីអាមេរិកក៏អាចជាប់រវល់ក្នុងការទៅចូលរួមកិច្ចប្រជុំប ន្ទាន់ជាមួយសមាជិកណាតូ ហើយសមាជិកអាស៊ានមួយចំនួន ក៏មានកម្មវិធីរៀងៗខ្លួនផងដែរ។

«ខ្ញុំសូមពន្យល់ប្រជាពលរដ្ឋរបស់យើង កម្ពុជាសមាជិកម្នាក់ ប៉ុន្តែជាប្រធានអាស៊ាន ប្រធានអាស៊ានគ្មានសិទ្ធិក្នុងការកំណត់កាលបរិច្ឆេទ ប្រធានអាស៊ានមានសិទ្ធិក្នុងការបញ្ចេញយោបល់លើការសម្របសម្រួលអំពីពេលវេលាដើម្បីមានកុងសង់ស៊ីសក្នុងចំណោមអាស៊ាន១០ ឯអ្នកដែលត្រូវសម្របសម្រួលគឺឥណ្ឌូនេស៊ីទេ សូមកុំមានការភាន់ច្រឡំ ហើយសូមឱ្យអ្នកមិនយល់ ទៅរៀនពីការងារអាស៊ានឡើងវិញ»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ។

សម្តេចសង្ឃឹមថា អស់លោកបណ្ឌិត អស់លោកសាស្រ្តាចារ្យកិច្ចការអន្តរជាតិជាដើម ។ល។ រៀនសូត្រឱ្យបានច្រើនជាងនេះ កុំឱ្យគេហៅថា «អាល្ងង់ទូ» ព្រោះប្រទេសរបស់កម្ពុជាពេលនេះមាន សេដ្ឋវិទូ ទស្សនវិទូ ហើយក៏មាន «អាល្ងង់ទូ» ដែរ។

សម្តេចបញ្ជាក់ថា «ការមិនមានការចេះដឹងគ្រប់គ្រាន់ គឺធ្វើឱ្យចេញទៅជាមនុស្សបែបបោកប្រាស់ ឧទាហរណ៍ទម្លាក់កំហុសឱ្យប្រធានអាស៊ានថា ប្រធានអាស៊ានអត់ចង់ប្រជុំអាស៊ានអាមេរិក»

សម្តេចមិនទាន់ដឹងថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នឹងចាប់ផ្តើមនៅពេលណានោះទេ ដោយទុកឱ្យប្រទេសឥណ្ឌូនេស៊ី ធ្វើការសម្របសម្រួល នៅពេលមានកុងសង់ស៊ីរួចហើយ ទើបរៀបចំពេលវេលាជាថ្មីម្តងទៀត៕