ឆ្នាំនេះកម្ពុជានឹងរៀបចំកិច្ចសន្ទនាសកល លើកទី២ ពាក់ព័ន្ធបញ្ហាអាស៊ាន ដោយមានការចូលរួម ពីសមាជិកអាស៊ាន, ប្រទេសដៃគូ និងអ្នកពាក់ព័ន្ធ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជានឹងរៀបចំកិច្ចសន្ទនាសកលលើកទី២ ពាក់ព័ន្ធបញ្ហាអាស៊ាន ដោយមានការចូលរួមរបស់ប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូ ព្រមទាំងអ្នកពាក់ព័ន្ធជាមួយអាស៊ានផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ស្ថិតនៅក្នុងខេត្តព្រៃវែង។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ម្សិលមិញខ្ញុំមានឱកាសពិភាក្សាជាមួយប្រធានធនាគារពិភពលោក ដែលកម្ពុជាត្រូវធ្វើជាអ្នករៀបចំកិច្ចសន្ទនាសកល លើបញ្ហាពាក់ព័ន្ធជាមួយនឹងអាស៊ាន។ កម្ពុជា នឹងរៀបចំកិច្ចសន្ទនាសកលលើកទី២ ដែលលើកទី១ ធ្វើនៅឆ្នាំ២០១២ ដោយមានការចូលរួមពីតួអង្គអាស៊ាន ដៃគួរអាស៊ាន និងយើងអញ្ជើញមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍អាស៉ី (ADB) ។ លើកនេះយើងអាចទាញ នូវបណ្តាដៃគូដទៃទៀត ដើម្បីចូលរួម»

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបន្ថែមថា កម្ពុជាក៏កំពុងជ្រើសរើសប្រធានបទ ដែលប្រធានបទនោះ ពិតជានឹងមាននិយាយពីបញ្ហាសេដ្ឋកិច្ច អំឡុងពេលកូវីដ១៩ និងក្រោយកូវីដ១៩ ជាដើម។

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា កម្ពុជាបានសម្រេចលុបចោល ការបញ្ជាក់ធ្វើតេស្តរកកូវីដ១៩ តាមម៉ាស៉ីន PCR មុនចូលមកកម្ពុជារយៈពេល ៧២ម៉ោង ហើយកម្ពុជាក៏សម្រេចលុបចោល ការធ្វើតេស្តរហ័ស នៅពេលមកដល់កម្ពុជា និងអនុញ្ញាតឲ្យដំណើរការឡើងវិញ នូវការផ្តល់ការទិដ្ឋាការ ពេលមកដល់សម្រាប់អ្នកដំណើរអន្តរជាតិផងដែរ ដែលនេះជាវិធីសាស្ត្រទាក់ទាញការវិនិយោគ ជួយដល់សេដ្ឋកិច្ចបានមួយផ្នែក៕