សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យពន្លឿនការបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដនៅកម្ពុជា


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញសាជាថ្មីឱ្យដៃគូពាក់ព័ន្ធបង្កើនកិច្ចសហប្រតិបត្តិការជាមួយភាគីចិន ដើម្បីពន្លឿនការបង្កើតរោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅប្រទេសកម្ពុជា ខណៈរដ្ឋាភិបាលចិនក៏បានឯកភាពរួចហើយដែរលើការងារផលិតវ៉ាក់សាំងនេះ។

ការណែនាំខាងលើត្រូវបានធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។

នាឱកាសនោះ សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ការផលិតវ៉ាក់សាំងក៏ត្រូវបន្តជំរុញ…. ដៃគូក្នុងប្រទេសរបស់យើងត្រូវតែបង្កើនល្បឿងក្នុងការធ្វើការជាមួយភាគីចិន ដើម្បីបង្កើតឱ្យមានរោងចក្រសម្រាប់ផលិតវ៉ាក់សាំងនៅកម្ពុជា (គឺវ៉ាក់សាំងបង្ការជំងឺកូវីដ១៩)»

ជាមួយគ្នានោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យកម្ពុជា ត្រូវមានកិច្ចសហការល្អជាមួយក្រុមគ្រូពេទ្យ និងអ្នកជំនាញខាងភាគីចិន ដើម្បីសិក្សាពីបច្ចេកវិទ្យាផលិតថ្នាំព្យាបាលជំងឺកូវីដ១៩ (ថ្នាំ LIANGHUA QINGWEN JIAONANG) ដើម្បីឈានទៅដល់ការចេះផលិតថ្នាំនេះនៅថ្ងៃក្រោយ។

គួររំឭកផងដែរថា សម្ដេចតេជោ ហ៊ុន សែន បានស្នើតាមរយៈឯកអគ្គរដ្ឋទូតចិនេះ លោក វ៉ាង វិនធាន ទៅកាន់លោកប្រធានាធិបតីចិន ស៉ី ជិនពីង និងនាយករដ្ឋមន្រ្តី លី ខឺឈាង ដើម្បីជំរុញឱ្យមានរោងចក្រសម្រាប់ផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ចិននៅក្នុងប្រទេសកម្ពុជា។ ពាក់ព័ន្ធនឹងចំណុចនេះ លោក វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន ក៏បានប្រកាសគាំទ្រឱ្យមានការបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ១៩នៅកម្ពុជាផងដែរ កាលពីដើមខែធ្នូ ឆ្នាំ២០២១ កន្លងទៅ។

បច្ច័យសំខាន់មួយចំនួនដែលជំរុញឱ្យប្រទេសទាំងពីរ ចិន-កម្ពុជា ឈានដល់កិច្ចសហប្រតិបត្តិការក្នុងការបង្កើតរោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ គឺការជឿទុកចិត្ត និងការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវ៉ាក់សាំងរបស់ចិន ខណៈរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនក៏បានផ្តល់ជំនួយ និងផ្គត់ផ្គង់វ៉ាក់សាំងមកឱ្យកម្ពុជាច្រើនជាងគេ ចាប់ពីដើមឆ្នាំ២០២១រហូតមកទល់ពេលនេះ។

បើតាមការរំពឹងទុក បន្ទាប់ពីវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ចិនត្រូវបានផលិតឡើងនៅប្រទេសកម្ពុជាហើយនោះ កម្ពុជានឹងមានលទ្ធភាពទប់ស្កាត់វីរុសកូវីដ១៩ ឬវីរុសបំប្លែងថ្មីបានយ៉ាងទាន់ពេលវេលា និងគ្រប់គ្រាន់សម្រាប់ផ្ដល់ជូនប្រជាជនក្នុងប្រទេស ហើយក៏អាចចែកចាយវ៉ាក់សាំងទាំងនោះទៅកាន់ប្រទេសដទៃផងដែរ៕