សម្ដេចតេជោ ហ៊ុន សែន នៅតែចាត់ទុកការបង្កើនសមត្ថភាពគ្រូពេទ្យជារឿងសំខាន់ បូកជាមួយក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាដល់ការព្យាបាលកាន់តែប្រសើរ


ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា ការបង្កើនសមត្ថភាពគ្រូពេទ្យជារឿងសំខាន់ បូកជាមួយការពង្រឹងនូវក្រមសីលមធ៌វិជ្ជាជីវៈ ដើម្បីធានាបានការព្យាបាលកាន់តែល្អប្រសើរ។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា បរិក្ខារទំនើប គឺទាមទារជាចាំបាច់មិនអាចខ្វះខាតនោះទេ ប៉ុន្ដែអ្វីដែលកាន់តែចាំបាច់ជាងនេះទៅទៀតនោះ គឺមនសិកា ក្រមសីលធម៌វិជ្ជាជីវៈ និងការប្ដេជ្ញាចិត្តខ្ពស់របស់គ្រូពេទ្យ។ សម្ដេចថា មន្ទីរពេទ្យល្អ តែគ្រូពេទ្យ និងការព្យាបាលត្រូវតែប្រឹងប្រែងធ្វើឲ្យបានល្អផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា «មន្ទីរពេទ្យល្អ ក៏ត្រូវខិតខំធ្វើយ៉ាងមិចការពិនិត្យព្យាបាលត្រូវតែល្អ គ្រូពេទ្យរបស់យើង ត្រូវបានប្រសិទ្ធនាមថា ជាកងទ័ពអាវស នៅក្នុងដំណាក់កាលនៃការប្រឆាំងកូវីដ។ ការបង្កើនសមត្ថភាពរបស់យើង គឺជាការចាំបាច់ បន្ថែមទៅដោយគុណធម៌ វិជ្ជាជីវៈ សីលធម៌របស់គ្រូពេទ្យយើង ដែលត្រូវធ្វើឲ្យបានល្អបំផុត សម្រាប់សុខមាលភាពរបស់ប្រជាជនយើង»

ទាក់ទិននឹងសមត្ថភាពរបស់គ្រូពេទ្យកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅតែបន្ដគូសបញ្ជាក់ជាថ្មីថា កន្លងទៅធ្លាប់មានការតិះតៀនមកលើវិស័យសុខាភិបាលនៅកម្ពុជាថាទន់ខ្សោយ ដែលអាចនឹងជួបស្ថានភាពមិនល្អនៅពេលរីករាលដាលជំងឺកូវីដ១៩ ប៉ុន្ដែសម្ដេចបញ្ជាក់ត្រឡប់ទៅវិញថា វិស័យសុខាភិបាលកម្ពុជា មិនខ្លាំងក៏ពិតមែន តែគ្រូពេទ្យកម្ពុជាមានឆន្ទៈមនសិការខ្ពស់។

ជាមួយនឹងការសម្ពោធមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលជាមន្ទីរពេទ្យបំពាក់បរិក្ខារវេជ្ជសាស្ត្របម្រើការព្យាបាលដ៏ទំនើបនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹក និងណែនាំបន្ថែមទៀត ដល់ក្រុមគ្រូពេទ្យត្រូវថែទាំមន្ទីរពេទ្យ និងបរិក្ខារទាំងឡាយដែលបំពាក់នៅខាងក្នុងនោះ ដើម្បីធានាការប្រើប្រាស់បានយូរ។ បើតាមការបញ្ជាក់ពីក្រុមសាងសង់មន្ទីរពេទ្យនេះ អាចមានអាយុកាលប្រើប្រាស់រហូតដល់៥០ឆ្នាំ ប៉ុន្ដែសម្ដេចថា បើមានការថែទាំល្អ យើងនឹងអាចប្រើប្រាស់បានយូរជាងនេះ។

សូមជម្រាបថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលប្រជាពលរដ្ឋខ្មែរស្គាល់ជាទូទៅថា ជាមន្ទីរពេទ្យលោកសង្ឃនោះ ត្រូវបានសាងសង់ និងបំពាក់បរិក្ខារ ដោយចំណាយថវិកាជាង ៨០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។

មន្ទីរពេទ្យនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ដោយចំណាយពេល៣៩ខែ។ អគារមន្ទីរពេទ្យថ្មីនេះ ត្រូវបានសាងសង់លើទំហំដីជាង ១៣ពាន់ម៉ែត្រក្រឡា មានកម្ពស់ ១១ជាន់ ជាមួយប្រវែង ៥៣ម៉ែត្រ។ ចែកចេញជាផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ ផ្នែកជំងឺទូទៅ ជំងឺវះកាត់ ផ្នែកសម្ភព រោគស្ត្រី ព្រមទាំងសេវាជំនួយផ្សេងៗទៀត។ នៅលើដំបូលអគារមានចំណតឧត្ថម្ភាគចក្រចុះចត ទម្ងន់ពី ៣តោន ទៅ ៥តោនថែមទៀតផង។

មន្ទីរពេទ្យដែលបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗនេះ មានគ្រែសម្រាប់ព្យាបាលអ្នកជំងឺរហូតដល់ទៅ ៤០០គ្រែ។ ក្នុងមន្ទីរពេទ្យនេះ ក៏មានកន្លែងព្យាបាលតាមបែបវេជ្ជសាស្ត្របុរាណចិនផងដែរ ហើយព្យាបាលដោយគ្រូពេទ្យចិនផ្ទាល់តែម្តង៕