រសៀលនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២នេះ នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ដោយហៅកាត់ថា «កជទី២»។

ប្រទេសកម្ពុជា បន្ទាប់ពីទទួលបានសន្តិភាព ស្ថេរភាពនយោបាយ ឯកភាពជាតិ និងឯកភាពទឹកដីពេញលេញតាមរយៈការអនុវត្ត «នយោបាយឈ្នះ-ឈ្នះ» ដែលផ្តួចផ្តើមគំនិត និងដឹកនាំអនុវត្តដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាចុងទសវត្សរ៍ទី៩០ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណតាមដំណាក់កាល១ ទី២ ទី៣ និងទី៤ តាមអាណត្តិនីមួយៗ ដោយផ្តោតទៅលើការធ្វើកំណែទម្រង់ក្នុងវិស័យសំខាន់ៗនានា ដើម្បីធានាដល់ការបន្តរក្សា និងពង្រឹងសន្តិភាពស្ថេរភាពនយោបាយ និងការជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចប្រកបដោយសមធម៌ និងចីរភាព។ ក្នុងនោះកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក៏ជាកំណែទម្រង់មួយក្នុងចំណោមកំណែទម្រង់សំខាន់នានាផងដែរ។

កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាកំណែទម្រង់វិស័យអភិបាលកិច្ចដ៏មានសារៈសំខាន់មួយ ដែលផ្តោតជាសំខាន់លើការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ ឈរលើគោលការណ៍គន្លឹះនានានៃអភិបាលកិច្ចល្អ គឺគណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព ការចូលរួម ការឆ្លើយតប នីតិរដ្ឋ និងការលើកកម្ពស់បរិយាប័ន្ន និងសមធម៌សង្គម។

គោលបំណងដ៏ទូលំទូលាយនៃកំណែទម្រង់នេះ គឺការបង្កើតនូវវប្បធម៌ប្រជាធិបតេយ្យនៅមូលដ្ឋានដោយមានការចូលរួមពីប្រជាពលរដ្ឋ ការលើកកម្ពស់គុណភាពសេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដើម្បីលើកស្ទួយគុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព។

កម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានចាប់ផ្តើមក្នុងដំណាក់កាលដំបូងជាប្រវត្តិសាស្រ្តតាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងប្រទេស និងការដាក់ឱ្យដំណើរការនូវប្រព័ន្ធគ្រប់គ្រងតាមបែបវិមជ្ឈការនៅថ្នាក់ឃុំ សង្កាត់នាឆ្នាំ២០០២ ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។

ផ្អែកតាមបទពិសោធន៍ និងភាពជោគជ័យនៃការអនុវត្តកំណែទម្រង់នៅថ្នាក់ឃុំ សង្កាត់ រាជរដ្ឋាភិបាលបានពង្រីកវិសាលភាពនៃកំណែទម្រង់នេះទៅគ្រប់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការបោះឆ្នោតអសកលជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស និងការដាក់ឱ្យដំណើរការនូវប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិតាមបែបវិមជ្ឈការ និងវិសហមជ្ឈការនាឆ្នាំ២០០៩ ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

កម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងដំណាក់កាលនៃការពង្រីកនេះ គឺមានវិសាលភាពកាន់តែទូលំទូលាយពាក់ព័ន្ធគ្រប់ក្រសួង ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងមានលក្ខណៈសាំញ៉ាំស្មុគស្មាញ ដែលទាមទារឱ្យរាជរដ្ឋាភិបាលត្រូវរៀបចំ និងដាក់ឱ្យអនុវត្តនូវកម្មវិធីជាតិសម្រាប់អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ គឺចាប់ពីឆ្នាំ២០១០-២០២០ ដើម្បីផ្តល់ជាផែនទីបង្ហាញផ្លូវសម្រាប់អនុវត្តច្បាប់រៀបចំអង្គការពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។

កម្មវិធីជាតិនេះ ត្រូវបានបញ្ចប់នៅចុងឆ្នាំ២០២០ ដោយសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន ពាក់ព័ន្ធនឹងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ការលើកកម្ពស់សិទ្ធិអំណាច និងការចូលរួមរបស់ប្រជាពលរដ្ឋ ការលើកកម្ពស់គុណភាពនៃសេវាសាធារណៈ និងការទទួលបាននូវផលប្រយោជន៍ពីការអភិវឌ្ឍមូលដ្ឋានប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម តាមរយៈការបង្កើតឡើងនូវរចនាសម្ព័ន្ធ និងប្រព័ន្ធអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ការផ្ទេរមុខងារក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ការធ្វើវិមជ្ឈការហិរញ្ញវត្ថុ ការផ្ទេរបុគ្គលិកនិងការកសាងសមត្ថភាពដល់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ការលើកកម្ពស់តួនាទីស្រ្តីក្នុងដំណើរការអភិបាលកិច្ចនៅថ្នាក់ក្រោមជាតិ ព្រមទាំងការផ្តល់សេវាសាធារណៈមានការឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ ជាពិសេសស្រ្តី និងក្រុមជនងាយរងគ្រោះនានា។

បន្ទាប់ពីអនុវត្តដោយជោគជ័យ និងទទួលបានលទ្ធផលដ៏ល្អប្រសើរហើយនោះ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ឆ្នាំ២០២១-២០៣០ ក៏ត្រូវបានរៀបចំដាក់ឱ្យអនុវត្តបន្ត។ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលសម្រាប់កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិក្នុងរយៈពេល១០ឆ្នាំខាងមុខ (ឆ្នាំ២០២១ ដល់ឆ្នាំ២០៣០) គឺ «ប្រជាពលរដ្ឋទទួលបានសេវាសាធារណៈ និងផលប្រយោជន៍ពីការអភិវឌ្ឍមូលដ្ឋានដែលផ្តល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិប្រកប ដោយ បរិយាប័ន្ន និងសមធម៌សង្គម ដែល រួមចំណែកសម្រេចឱ្យបាន នូវគោលបំណងដ៏ទូលំទូលាយក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមជាតិ និងប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០»

ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើនេះ កជទី២ ត្រូវផ្តោតជាសំខាន់ទៅលើ ការពង្រឹង និងការ កែលម្អរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិដែលរួមមានដូចខាងក្រោម៖

* ការកែសម្រួលរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងាររដ្ឋបាលថ្នាក់ក្រោមជាតិឱ្យស្របទៅនឹងចរិតលក្ខណៈ នៃរដ្ឋបាលថ្នាក់ក្រោមជាតិតាមប្រភេទនីមួយៗ រួមមានការកែសម្រួលរដ្ឋបាល រាជធា នី ភ្នំ ពេ ញ ឱ្យមានរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងារតាមចរិតលក្ខណៈជារដ្ឋបាលក្រុងមេត្រូប៉ូលីតែន រដ្ឋបា លខេត្តឱ្យមានរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងារតាមចរិតលក្ខណៈជារដ្ឋបាលតំបន់ និងរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ឱ្យមានរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងារតាមចរិតលក្ខណៈជារដ្ឋបាលមូលដ្ឋាន

* ការលើកកម្ពស់សមត្ថភាពគ្រប់គ្រងកិច្ចការរដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹង និងការកែលម្អប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ ក្រោមជាតិ ព្រមទាំ ងការរៀបចំ និងការដាក់ឱ្យអនុវត្តតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (អភិបាល កិច្ចឌីជីថល)

* រដ្ឋបាលថ្នាក់ក្រោមជាតិមានធនធានហិរញ្ញវត្ថុកាន់តែច្រើន តាមរយៈការបង្កើនប្រភពចំណូល មូលដ្ឋាន និងការផ្ទេរធនធានបន្ថែមពីថ្នាក់ជាតិប្រកបដោយតម្លាភាព អាចព្យាករណ៍បាន និងកាត់បន្ថយនូវគម្លាតនៃការអភិវឌ្ឍរវាងរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។ ជាមួយគ្នានេះដែរ រដ្ឋបាលថ្នាក់ក្រោមជាតិក៏មានសិទ្ធិអំណាច និងការទទួលខុសត្រូវកាន់តែច្រើនក្នុងការរៀបចំ និងការអនុវត្តផែនការ និងថវិការបស់ខ្លួន

* ការរៀបចំ ការកែសម្រួល និងការពង្រឹងយន្តការ នីតិវិធី និងស្តង់ដារសម្រាប់ការផ្តល់សេវា សាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម

* រដ្ឋបាលថ្នាក់ក្រោមជាតិអាចវាយតម្លៃ គ្រប់គ្រង និងឆ្លើយតបដោយប្រសិទ្ធភាពទៅនឹងភាពងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ និងជំងឺឆ្លងកាចសាហាវនានា ដើម្បី គាំទ្រដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍប្រកបដោយចីរភាព និង បរិយាប័ន្ន នៅក្នុងមូលដ្ឋានរបស់ខ្លួន

* ការលើកកម្ពស់សិទ្ធិអំណាចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការដាក់ចេញនូវគោលនយោបាយ ការពិនិត្យ និងអនុម័តលើផែនការ ថវិកា និងកិច្ចការចម្បងៗជាអាទិភាពដទៃទៀតរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការដោះស្រាយនូវសំណើសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ មា ន គោលបំណង «លើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យប្រកបដោយបរិយាប័ន្ន សមធម៌ និងយុត្តិធម៌តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចថ្នាក់ក្រោមជាតិ និងការកែលម្អនូវដំណើរ ការផ្តល់ សេវា និងគុណភាពសេវា ដើម្បីរួមចំណែកក្នុងការលុបបំបាត់ភាពក្រីក្រ និងការលើកកម្ពស់គុណភាព ជីវិតរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង»

គោលបំណងនេះបានឆ្លុះបញ្ចាំង និងធ្វើបច្ចុប្បន្នភាពនូវគោលបំណងនៃកជទី១ និងការដាក់បញ្ចូល នូវគោលដៅជាយុទ្ធសាស្រ្តសម្រាប់អភិបាលកិច្ចនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាល ទី៤របស់រាជរដ្ឋាភិបាលដែលបានសង្កត់ធ្ងន់លើការធ្វើទំនើបកម្មនៃប្រព័ន្ធអភិបាលកិច្ចថ្នាក់ក្រោមជាតិ ឱ្យស្របទៅតាមការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងសង្គមកម្ពុជា និងសេចក្តីត្រូវការរបស់ប្រទេសជាតិនាពេ ល អនាគ ត ជាពិសេសនៅពេលដែលកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។

គោលដៅនៃកជទី២ នៅឆ្នាំ២០៣០ គឺ «រចនាសម្ព័ន្ធ និងប្រព័ន្ធអភិបាលកិច្ចរបស់រដ្ឋបាល ថ្នាក់ក្រោមជាតិមានលក្ខណៈទំនើប ស្វ័យភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋប្រកប ដោយ បរិយាប័ន្ន និងសមធម៌សង្គម ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។ រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗមានសិទ្ធិអំណាចសមស្រប និងសមត្ថភាពគ្រប់គ្រាន់សម្រាប់អនុវត្តមុខងារទាំងឡាយក្រោមការត្រួតពិនិត្យពីក្រុមប្រឹក្សារបស់ខ្លួន ដើម្បីធានាដល់ការពង្រឹងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ»។

កជទី២ រួមមានសមាសភាគចំនួន៥ ដូចខាងក្រោម

សមាសភាគទី១៖ ការដឹកនាំ និងការសម្របសម្រួលការងារកំណែទម្រង់៖ សមិទ្ធផលរំពឹងទុកនៃសមាសភាគ នេះគឺ យន្តការដឹកនាំ សម្របសម្រួល និងគាំទ្រនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវបានពង្រឹង ដើម្បីលើកកម្ពស់ភាពជាម្ចាស់ និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ននានានៅក្នុងការរៀបចំតាក់តែង និងអនុវត្តនូវកម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។

សមាសភាគទី២៖ រចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ៖ សមិទ្ធផលរំពឹងទុកនៃសមាសភាគនេះគឺ រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាល សិទ្ធិអំណាច និងមុខងាររបស់រដ្ឋបាលថ្នាក់ ក្រោមជាតិ ត្រូវបានកំណត់យ៉ាងច្បាស់លាស់តាមកម្រិត និងតាមប្រភេទរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ស្របតាមចរិតលក្ខណៈជារដ្ឋបាលនៃតំបន់ទីក្រុងធំ រដ្ឋបាលនៃតំបន់ទីប្រជុំជន និងរដ្ឋបាលនៃតំបន់ជនបទ ដោយជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង ការផ្តល់សេវា សាធារណៈ និងការប្រាស្រ័យទាក់ទងសាធារណៈ។

សមាសភាគទី៣៖ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស៖ សមិទ្ធផលរំពឹងទុកនៃសមាសភាគនេះគឺ រដ្ឋបាលថ្នាក់ក្រោមជាតិមានសិទ្ធិជ្រើសរើស គ្រប់គ្រង ចាត់ចែង និងប្រើប្រាស់បុគ្គលិករបស់ខ្លួនផ្អែកលើទំហំ ការងារ និងលទ្ធភាពហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ និងមានបុគ្គលិកដែលប្រកប ដោយ ឆន្ទៈម្ចាស់ការ ភក្ដីភាព និងមនសិការជំនាញវិជ្ជាជីវៈស្របតាមតួនាទី ការទទួលខុសត្រូវរបស់ខ្លួន ព្រមទាំងទទួលបានការអភិវឌ្ឍសមត្ថភាព និងជំនាញវិជ្ជាជីវៈជាប្រចាំ។

សមាសភាគទី៤៖ វិមជ្ឈការហិរញ្ញវត្ថុ និងប្រព័ន្ធផែនការនិងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ៖ សមិទ្ធផលរំពឹងទុកនៃសមាសភាគនេះគឺ រដ្ឋបាលថ្នាក់ក្រោមជាតិមានធនធានថវិកាដែលអាចព្យាករណ៍បាន និងមានទំហំសមស្របទៅនឹងមុខងារ និងអាទិភាពគោលនយោបាយជាតិ ហើយត្រូវបានវិភាជសម្រាប់ការប្រើប្រាស់ ប្រកបដោយភាពបត់បែនក្នុងការឆ្លើយតបទៅនឹងតម្រូវការនានា ដូចមានកំណត់នៅក្នុងផែនការអភិវឌ្ឍ កម្មវិធីវិនិយោគ និងផែនការយុទ្ធសាស្រ្តថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

សមាសភាគទី៥៖ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន៖ សមិទ្ធផលរំពឹងទុកនៃសមាសភាគ នេះគឺ រដ្ឋបាលថ្នាក់ក្រោមជាតិមានយន្ដការ នីតិវិធី និងស្តង់ដារសម្រាប់ការផ្ដល់សេវាសាធារណៈ ការអភិវឌ្ឍ មូលដ្ឋាន និងការប្រាស្រ័យទាក់ទងសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គមតាមរយៈការអនុវត្តមុខងារជាអាណត្តិទូទៅ ឬមុខងារជាជម្រើស និងមុខងារជាកាតព្វកិច្ច ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

បន្ថែមលើសមាសភាគទាំង៥ខាងលើនេះ កជទី២ ក៏នឹងផ្តោតលើកិច្ចការអន្តរវិស័យចំនួន ២ដែលរួមមាន៖

ការលើកកម្ពស់សមភាពយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម៖ កិច្ចការនេះគឺ រដ្ឋបាលថ្នាក់ក្រោមជាតិជ្រើសរើស និងគ្រប់គ្រងបុគ្គលិក រៀបចំផែនការ និងធនធាន ព្រមទាំងចាត់ចែងការផ្តល់សេវាសាធារណៈ និងអភិវឌ្ឍមូលដ្ឋានដោយគ្មានការរើសអើង និងមិនប្រកាន់ជាតិសាសន៍ សាសនា ភេទ ជនពិការ និងឆ្លើយតបដល់ក្រុមជនងាយរងគ្រោះ នានាក្នុងសង្គមប្រកបដោយបរិយាប័ន្ន និងសមធម៌។

ការគ្រប់គ្រងការកាត់បន្ថយភាពងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ និងជំងឺឆ្លងកាចសាហាវនានា៖ កិច្ចការនេះគឺ រដ្ឋបាលថ្នាក់ក្រោមជាតិ អាចវាយតម្លៃ គ្រប់គ្រង និងឆ្លើយតបដោយប្រសិទ្ធភាពនឹងភាពងាយរងគ្រោះពីការប្រែប្រួល អាកាសធាតុ គ្រោះមហន្តរាយ និងជំងឺឆ្លងកាចសាហាវនានា ដើម្បីគាំទ្រដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងមូលដ្ឋានរបស់ខ្លួន៕