កម្ពុជាដាក់ឱ្យដំណើរការមជ្ឍមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនជាផ្លូវការនៅខេត្តព្រះសីហនុ


(ព្រះសីហនុ)៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមជាមួយដឹកនាំថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន តំណាងកម្លាំងទាំង៣ប្រភេទ ប្រជាពលរដ្ឋ សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមជាង៥០០នាក់ បានអញ្ជើញសម្ពោធមជ្ឈមណ្ឌលជាតិព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុ។

ពិធីនេះប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមផងដែរពីប្រតិភូព្រះរាជាណាចក្រថៃដឹកនាំដោយឯកឧត្តម ផាន់យ៉ារ៉ាក់ ភូធូប ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងប្រតិភូ សាធារណរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយលោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា។

ឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ប្រធានគណៈកម្មការកសាងមជ្ឈមណ្ឌលជាតិ បានរាយការណ៍ថា មជ្ឈមណ្ឌលជាតិចាប់ផ្តើមសាងសង់នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ បានបញ្ចប់ការសាងសង់នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ និងទើបបានបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ ដោយកសាងបាននូវហេដ្ឋារចនាសម្ព័ន្ធមាន ផ្លូវកៅស៊ូ សំណង់អគារសរុប២១ តារាងបាល់បោះ តារាងបាល់ទាត់ និងតារាងបាល់ទះ ចំណាយថវិកាសម្រាប់ការសាងសង់ និងការបំពាក់សម្ភារនៅក្នុងមណ្ឌលសរុបចំនួនជាង៧លានដុល្លារ។

ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា ការកសាងមជ្ឈមណ្ឌលជាតិពិតជាមានសារៈសំខាន់ និងបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល លើការជំរុញការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ក៏ដូចជា ផែនការជាតិ៥ឆ្នាំ ស្តីពីការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៩-២០២៣ ពង្រឹងប្រសិទ្ធភាពព្យាបាលស្តារនីតិសម្បទា និងសមាហរណកម្ម។

ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានលើកឡើងថា ជំនួយនេះជាការចូលរួមរិតចំណងមិត្តភាពសាមគ្គីភាពកម្ពុជា-វៀតណាមខួបលើកទី៥៥។ ដោយឡែក ឯកឧត្តម ផាន់យ៉ារ៉ាក់ ភូធូប ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានថ្លែងថា ការចូលរួមជួយសាងសង់មជ្ឈមណ្ឌលជាតិនេះ ដើម្បីរិតចំណងសាមគ្គីភាពមិត្តភាពខួប៧០ឆ្នាំជួយ។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់សម្តេចក្រឡាហោម ស ខេង សប្បុរសជននានា អ្នកពាក់ព័ន្ធទាំងអស់ ពិសេសភាគីមិត្តកម្ពុជាទាំងពីរវៀតណាម និងថៃ និងបានដាក់ចេញនូវទិសដៅ និងសំណូមពរ១០ចំណុចស្របតាមបេសកកម្ម និងចក្ខុវិស័យដែលបានគ្រោងទុកដូចខាងក្រោម៖

*ទី១៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តពង្រឹង និងពង្រីកបន្ថែមនូវរចនាសម្ព័ន្ធ មន្ត្រី បុគ្គលិកស្របតាមគោលការណ៍ច្បាប់ សម្រាប់ការងារគ្រប់គ្រង និងបម្រើការនៅក្នុងមជ្ឈមណ្ឌលជាតិនេះ។
*ទី២៖ ក្រសួងសុខាភិបាល គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនត្រូវចាត់ចែងនូវសម្ភារបច្ចេកទេសពេទ្យ បុគ្គលិកជំនាញ។
*ទី៣៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តរៀបចំនិងបញ្ជូនមន្ត្រី ជំនាញបច្ចេកទេសដើម្បីបម្រើការងារបណ្តុះបណ្តាលវិជ្ជាជីវៈចំណេះជំនាញដល់ជនរងគ្រោះដោយសារគ្រឿងញៀន។
*ទី៤៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគណៈគ្រប់គ្រងមជ្ឈមណ្ឌលជាតិនេះ ត្រូវបន្តកៀរគរ កិច្ចសហការគាំទ្រពីវិស័យឯកជន ពិសេសក្នុងខេត្តព្រះសីហនុ ដើម្បីជួយរកទីផ្សារការងារសម្រាប់ក្មួយៗ ដែលកំពុងសម្រាកព្យាបាល។
*ទី៥៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបន្តជួយសម្របសម្រួលថវិកាពាក់ព័ន្ធលើការចំណាយចាំបាច់សម្រាប់ដំណើរនៅក្នុងមជ្ឈមណ្ឌលជាតិនេះ។
*ទី៦៖ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបន្តសហការ និងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីដំណើរការមជ្ឈមណ្ឌលជាតិ។
*ទី៧៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានកងរាជអាវុធហត្ថផ្ទៃប្រទេស ត្រូវសហការកម្លាំងការពារសន្តិសុខ សុវត្ថិភាពដល់មជ្ឈមណ្ឌល។
*ទី៨៖ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ បន្តជួយសហការលើការងារសន្តិសុខ និងការងារផ្សេងៗទៀតតាមតម្រូវការជាក់ស្តែង។
*ទី៩៖ គណៈកម្មាធិការទទួលបន្ទុកសាង់សង់មជ្ឈមណ្ឌលនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័ន អង្គភាពពាក់ ព័ន្ធ ពិនិត្យលទ្ធភាព កៀរគរដើម្បីសាងសង់អគារស្នាក់នៅសម្រាប់មន្ត្រីបុគ្គលិក។
*ទី១០៖ សំណូមពរភាគីថៃ ភាគីវៀតណាម ភាគីចិន អង្គការជាតិ និងអន្តរជាតិនានា និងសប្បុរស ជនទាំងអស់បន្តជួយគាំទ្របន្ថែមទៀតជាថវិកា មធ្យោបាយនានាតាមគ្រប់រូបភាព ផ្ដល់ការបណ្តុះបណ្តាលធនធានមនុស្ស និងសម្ភារបច្ចេកទេសដើម្បីធានាបាននូវនិរន្តភាពនៃការ ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅកម្ពុជា៕