លោកជំទាវ ឱ វណ្ណឌីន ប្រកាសច្រានចោលការប្រឌិតព័ត៌មានថា ចាក់វ៉ាក់សាំងនាំឱ្យកើតជំងឺមហារីក និងចាត់ទុកការញុះញង់នេះជាការបង្កមហន្ដរាយដល់សង្គម


លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស (គវក១៩) និងជាប្រធានអនុគណៈកម្មការអប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ (អ.ប.ទ) បានប្រកាសច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលកើតចេញពី ជនខិលខូច ដោយប្រឌិតថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នាំឱ្យកើតជំងឺមហារីកឈាម និងបានចាត់ទុកចំពោះការប្រឌិតព័ត៌មាននេះជាការញុះញង់បង្ករជា មហន្ដរាយដល់សង្គមជាតិ។

លោកជំទាវ ឱ វណ្ណឌីន បានប្រកាសច្រានចោលដូចនេះ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅក្នុងពិធីប្រកាសបើកយុទ្ធនាការជាតិអប់រំសុខភាព ក្រោមប្រធានបទ «វីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ឆ្លងលឿនខ្លាំងជាងមុន អាចបង្កឲ្យមានហានិភ័យធ្ងន់ធ្ងរដល់អ្នក និងគ្រួសារ ដែលបានរៀបចំនៅសាលាខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការចូលរួមពីលោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រី Foroogh Foyouzat តំណាងអង្គការ UNICEF ប្រចាំកម្ពុជា, លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ រួមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

លោកជំទាវរី ឱ វណ្ណឌីន ថ្លែងដូចនេះថា «ឥលូវមានបញ្ហាអ្នកដែលដើរផ្សព្វផ្សាយថា កុំឱ្យទៅចាក់វ៉ាក់សាំងថែមធ្វើអីទៀត បើបានចាក់វ៉ាក់សាំងរួចហើយ ចាក់ហើយនៅ ឈឺដដែល [..] និងមានជនខិលខូចគាត់ដើរផ្សព្វផ្សាយថា ចាក់វ៉ាក់ទៅវាបង្កើតទៅជាជំងឺមហារីកឈាម វាបង្កើតទៅជាមហារីកកោសិកា ដែលវាខុសពីលក្ខណៈបច្ចេក ទេសត្រឹមត្រូវពិតប្រាកដ»

លោកជំទាវរី ឱ វណ្ណឌីន បានបញ្ជាក់បន្ថែមទៀតថា ការដែលមានព័ត៌មានប្រឌិតពីជនខិលខូច ដែលបំផុសចលនាមិនឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង គឺជាការខុសឆ្គង ធំណាស់ និងជាការបង្ករជាគ្រោះមហន្តរាយដ៏ធំទៅដល់ប្រជាពលរដ្ឋ និងបង្ករមហន្តរាយទៅដល់សុខភាពសាធារណៈ និងដល់សង្គមជាតិផងដែរ។

លោកជំទាវ បានអះអាងដែរថា បុគ្គលអ្នកប្រឌិតព័ត៌មានទាំងនោះ មិនមែនមិនដឹងពីផលប្រយោជន៍នៃការចាក់វ៉ាក់សាំងនោះទេ ប៉ុន្តែមានបំណងផ្សេង គឺចង់ឱ្យអង្គទីករ ការពារក្នុងខ្លួនរបស់ប្រជាពលរដ្ឋធ្លាក់ចុះ និងមានការឆ្លង និងផ្ទុះឡើងវិញនៃជំងឺកូវីដ១៩ ដែលយើងមិនអាចមើលរំលងបានទេ, ហើយអ្នកដែលបានដើរផ្សព្វផ្សាយនោះ នឹងធ្វើការទម្លាក់កំហុសទៅលើការដាក់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩តែម្តង។

លោកជំទាវ ឱ វណ្ណឌីន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំមានការធ្វេសប្រហែសឱ្យសោះប្រសិនដល់ពេលហើយសូមទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដោយ វ៉ាក់សាំងទាំងអស់នៅកម្ពុជា សុទ្ធតែជាវ៉ាក់សាំងដែលមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោករួចទៅហើយ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំង ការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៧៨៨,២៦៨នាក់។ ក្នុងនោះរួមមាន៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,២៦០,០១៨នាក់, ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨២៨,៧៨៨នាក់, ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៤១,២៩០នាក់, អាយុ៥ឆ្នាំ ៣៧១,៩០៤នាក់ និងអាយុ៣ឆ្នាំដល់៥ឆ្នាំ ២៨៦,២៦៨នាក់៕