សេនាធិការក្រសួងមហាផ្ទៃ និងសមាគមសហព័ន្ធវិនិយោគិនកម្ពុជាផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងពីហានិភ័យ និងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ


គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ហៅកាត់ថា គ.ប.ផ.ក ដែលជាសេនាធិការរបស់ក្រសួងមហាផ្ទៃ និងសមាគមសហព័ន្ធវិនិយោគិនកម្ពុជា ហៅកាត់ថា ស.ស.វិ ព្រមទាំងបណ្ដាអ្នកច្បាប់មួយចំនួន បានរួមគ្នាផ្សាព្វផ្សាយបញ្ជ្រាបការយល់ដឹងបន្ថែមអំពីច្បាប់-លិខិតបទដ្ឋានគតិយុត្ត និងហានិភ័យនៃការនាំចូល ស្តុកទុក និងចែកចាយផលិតផលក្លែងក្លាយ ខូចគុណភាព និងផលិតផលដែលមិនអនុលោមតាមច្បាប់។

ការផ្សាព្វផ្សាយបញ្ជ្រាបការយល់ដឹងទាំងនេះត្រូវបានធ្វើឡើងតាមរយៈសិក្ខាសាលាស្ដីពីការយល់ដឹងពីច្បាប់ និងហានិភ័យនៃការនាំចូល ស្តុកទុក និងចែកចាយផលិតផលក្លែងក្លាយ ខូចគុណភាព មិនអនុលោមតាមច្បាប់នេះ ដែលបានរៀបចំឡើងនារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការសមាគមសហព័ន្ធវិនិយោគិនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សោម ច័ន្ទឌីណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារសម្របសម្រួលផ្នែកច្បាប់នៃគណៈកម្មាធិការ គ.ប.ផ.ក តំណាងនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ គ.ប.ផ.ក លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងលោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការ គ.ប.ផ.ក។

ឯកឧត្តម សោម ច័ន្ទឌីណា បានឱ្យដឹងថា «អ្វីដែល គ.ប.ផ.ក និងសមាគមសហព័ន្ធវិនិយោគិនកម្ពុជាធ្វើការរួមគ្នានោះ គោលបំណងរបស់យើងគឺយើងធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដោយមានកំណើននៃការនាំចូល ការផលិត និងការចែកចាយផលិតផលឱសថ គ្រឿងសម្អាងដែលក្លែងក្លាយនាំចូលគ្មានការអនុញ្ញាត រំលោភលើកម្មសិទ្ធិបញ្ញា រំលោភលើសិទ្ធិនាំចូលផ្តាច់មុខនៅក្នុងប្រទេសកម្ពុជា»

ឯកឧត្តម សោម ច័ន្ទឌីណា បានបន្តថា កិច្ចសហប្រតិបត្តិការទាំងនេះបាននិងកំពុងនាំមកនូវប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីអាចឱ្យ គ.ប.ផ.ក ប្រមែលប្រមូលនូវរាល់ព័ត៌មានពីម្ចាស់អាជីវកម្មនានាដែលជាសមាជិក-សមាជិកានៃសមាគម និងសមាជិក-សមាជិកាទាំងនោះអាចទទួលបានការផ្តល់ទំនុកចិត្ត និងទទួលបានការការពារសិទ្ធិមកវិញផងដែរ។

ឯកឧត្តម សោម ច័ន្ទឌីណា បានលើកឡើងទៀតថា គណៈកម្មាធិការ គ.ប.ផ.ក និងសមាគមសហព័ន្ធវិនិយោគិនកម្ពុជា ក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នាកាលពីឆ្នាំ២០២០ ដោយផ្តោតជាសំខាន់ទៅលើកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលកំពុងចរាចរណ៍នៅលើទីផ្សារកម្ពុជា។ ក្រៅពីការចែករំលែកព័ត៌មានឱ្យគ្នាទៅវិញទៅមក ក៏រួមបញ្ចូលទាំងការងារផ្សព្វផ្សាយអប់រំ និងបណ្តុះបណ្តាល តួយ៉ាងដូចជាសិក្ខាសាលាដែលបានរៀបចំនេះជាដើម។

ជាមួយគ្នានោះ លោក ឡី សុភាព បានលើកឡើងថា តាមអនុសាសន៍ថ្នាក់ដឹកនាំជាន់ខ្ពស់ ការផ្សព្វផ្សាយ និងបញ្ជ្រាប់ការយល់ដឹងនេះគួរតែត្រូវបានធ្វើឡើងទៅដល់គ្រប់អ្នកចែកចាយ និងអ្នកផ្គត់ផ្គង់ទូទាំងរាជធានី-ខេត្តទាំងអស់ មិនចំពោះតែសមាជិក-សមាជិកានៃសមាគមសហព័ន្ធវិនិយោគិនកម្ពុជានោះទេ។

ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជាក៏បានអំពាវនាវទៅដល់អ្នកនាំចូលនិងចែកចាយទំនិញ អ្នកផ្គត់ផ្គង់ទំនិញទាំងអស់ ព្រមទាំងប្រើប្រាស់ទាំងអស់ សូមចាប់ផ្តើមផ្ទៀងផ្ទាត់ និងការចុះបញ្ជីផលិតផលរបស់ខ្លួនឱ្យបានត្រឹមត្រូវ។

លោកប្រធាន ឡី សុភាព បានបញ្ជាក់ទៀតថា សមាគមសហព័ន្ធវិនិយោគិនកម្ពុជាក៏អាចជួយផ្តល់នូវឯកសារ និងតម្រង់ទិសក្នុងការស្នើសុំការចុះបញ្ជី ដោយអាចសម្រួលដល់កិច្ចការងារនេះបានលឿន និងរហ័សថែមទៀតផង។

សូមបញ្ជាក់ថា ដោយមើលឃើញពីភាពចាំបាច់ ទើបគណៈកម្មាធិការ គ.ប.ផ.ក និងសមាគមសហព័ន្ធវិនិយោគិនកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងស្តីពីហានិភ័យនៃការនាំចូល ស្តុកទុក និងចែកចាយផលិតផលក្លែងក្លាយ ខូចគុណភាព មិនអនុលោមតាមច្បាប់នេះឡើង ក្នុងនោះមានការធ្វើបទបងញ្ហាស្តីអំពីផលប៉ះពាល់នៃការប្រើប្រាស់ឱសថក្លែងក្លាយ ឱសថគ្មានគុណភាព ចំពោះអ្នកប្រើប្រាស់ អ្នកលក់ ចែកចាយ និងអ្នកផលិត បទបង្ហាញស្តីពីការស្វែងយល់ពីលក្ខខណ្ឌច្បាប់ ដើម្បីទទួលបានការការពារផ្នែកកម្មសិទ្ធិបញ្ញា បទបង្ហាញស្តីពីការប្រមូលព័ត៌មានស៊ើបង្កេត និងនិតិវិធីទៅតុលាការ និងបទបញ្ហាស្តីពីបទល្មើសកម្មសិទ្ធិបញ្ញាពាក់ព័ន្ធនឹងការនាំចូល ផលិត រក្សាទុក លក់ ចែកចាយនូវផលិតផលក្លែងក្លាយ និងផ្តល់ឱកាសដល់សិក្ខាមទាំងអស់។

សមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងសិក្ខាកាមដែលសុទ្ធតែជាម្ចាស់ផលិតផល ពាណិជ្ជនាម ពាណិជ្ជសញ្ញា និងម្ចាស់អាជីវកម្មគ្រប់ប្រភេទ ហើយក៏ជាសមាជិកនៃសមាគមសហព័ន្ធវិនិយោគិនកម្ពុជាផងនោះ ក៏បានបង្កើតវេទិកាសំណួរ-ចម្លើយទៅកាន់វាគ្មិនដែលជាមន្ត្រីជំនាញនៃគណៈកម្មាធិការ គ.ប.ផ.ក និងអ្នកច្បាប់ផងដែរ ដើម្បីបង្កើនការយល់ដឹងពីការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលចរាចរណ៍នៅលើទីផ្សារនៅកម្ពុជា៕