រដ្ឋមន្ត្រីការបរទេសអាស៊ានពង្រឹងឯករាជ្យភាព


Asean agreement 01 03 16 2 copy

     កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ចង្អៀត ​ក្នុង​ក្រុង​វៀង​ច័ន្ទ​បាន​បញ្ចប់ ដោយ​អាស៊ាន​បាន​ឯក​ភាព​ពង្រឹង​នូវ​តួ​នាទី​ស្នូល ដែល​មិន​ត្រូវ​ចូល​រួម​ក្នុង​យុទ្ធ​សាស្ត្រ​សកល ​របស់​ប្រទេស​មហា​អំណាច​ណា​មួយ​ទេ​ ។ សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​ក្រសួង​ការ​បរទេស​កម្ពុជា បាន​សរសេរ​ថា អាស៊ាន​ចាំ​បាច់​ត្រូវ​ពង្រឹង​តួនាទី​ស្នូល​ ASEAN centrality និង​ការ​ឯក​ភាព Unity ក្នុង​ការ​ធ្វើ​ទំនាក់​ទំនង​ជាមួយ​នឹង​ប្រទេស​មហា​អំណាច​នានា ​ជា​ពិសេស ចិន អាម៉េរិក និង​រុស្ស៊ី​ ។

     ឯក​ឧត្តម​ឧប​នាយក​រដ្ឋ​មន្ត្រី​ ហោ ណាំហុង បាន​ថ្លែង​ថា​ អាស៊ាន​មិន​ត្រូវ​ចូល​រួម​ក្នុង​យុទ្ធ​សាស្ត្រ​សកល​របស់​ប្រទេស​មហា​អំណាច​ណា​មួយ​នោះ​ឡើយ ​។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ដដែល​បាន​ឱ្យ​ដឹង​ថា កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ចង្អៀត​បាន​ពិភាក្សា​ផង​ដែរ ​លើ​ការ​អនុវត្ត​ចក្ខុ​វិស័យ សហគមន៍​អាស៊ាន​ឆ្នាំ​ ២០២៥​… ការ​អនុវត្ត​ផែន​ការ​លំអិត​របស់​សហគមន៍​សន្តិ​សុខ និង​នយោបាយ​អាស៊ាន ទំនាក់​ទំនង​ក្រៅ​តំបន់ បញ្ហា​សមុទ្ទ​ចិន​ខាង​ត្បូង បញ្ហា​ឧប​ទ្វីប​កូរ៉េ បញ្ហា​ភេរវ​កម្ម​ និង​ក្រុម​ជ្រុល​និយម​អាយ​ស៊ីស និង​អាយ​អេស ផង​ដែរ​ ។

     ឯក​ឧត្តម​ឧប​នាយក​រដ្ឋ​មន្រ្តី​ ហោ​ ណាំហុង បាន​ស្នើ​អាស៊ាន​ឱ្យ​ពិចារ​ណា​ការ​ត​ភ្ជាប់​អាស៊ាន​… ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ…​ ការ​ចូល​រួម​របស់​យុវជន​អាស៊ាន ​ក្នុង​ការ​កសាង​សហគមន៍​អាស៊ាន ដោយ​យុវជន​មាន​តួនាទី​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ និង​ដោយ​យុវជន​មាន​ចំនួន​ប្រមាណ​ជាង​ ៣៥​% នៃ​ប្រជា​ជន​កម្ពុជា​ទាំង​មូល​ និង​ប្រមាណ​ ៦០​% ​នៃ​ប្រជា​ជន​អាស៊ាន​សរុប​ចំនួន​ ៦២៥​លាន​នាក់​… ការ​ត្រៀម​ខ្លួន​ និង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ និង​ការ​សំរេច​បាន​ពេញ​លេញ​នូវ​ការ​អនុត្ត​ផែន​ការ​ការងារ​ទី៣​ នៃ​គំនិត​ផ្តួច​ផ្តើម​សម្រាប់​សមា​ហរណ​កម្ម​អាស៊ាន នៅ​ពេល​ដែល​ផែន​ការ​នេះ ត្រូវ​បាន​អនុម័ត​ដោយ​ថ្នាក់​ដឹក​នាំ​អាស៊ាន​នៅ​ខែ​កញ្ញា​ឆ្នាំ​ ២០១៦ ​ខាង​មុខ​នេះ​ ។​

     គួរ​កត់​សម្គាល់​ថា​ កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ចង្អៀត​ ក្នុង​ក្រុង​វៀង​ច័ន្ទ​រយៈ​ពេល​ ២​ថ្ងៃ ​ដែល​បង្ហាញ​ជំហរ​ឯក​រាជ្យ​នេះ បាន​ប្រព្រឹត្ត​ទៅ​ក្រោយ​កិច្ច​ប្រជុំ​កំពូល​រវាង​មេ​ដឹក​នាំ​អាស៊ាន​ និង​អាម៉េរិក​រួច​កាល​ពី​ ខែ​កុម្ភៈ កន្លង​មក​នេះ​ ក្នុង​រដ្ឋ​កាលីហ្វ័រនីញ៉ា​សហរដ្ឋ​អាម៉េរិក​។