នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ នយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន គឺជាមរតកមហាសាលនាំមកនូវសន្តិភាព និងការអភិវឌ្ឍ


នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា នយោបាយឈ្នះឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន គឺជាមរតកមហាសាល នាំមកនូវសន្តិភាព និងការអភិវឌ្ឍ។

ការថ្លែងរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន បានធ្វើឡើងក្នុងពេលចុះសួរសុខទុក្ខកងទ័ពនៅយោធភូមិភាគទី២ ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលជាច្រើនដែលនាយទាហាន នាយទាហានរង និងពលទាហាន យោធភូមិភាគទី២សម្រេចបាន ទាំងក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី ការពារសុខសន្តិភាព ស្ថិរភាព និងការកសាងអង្គភាព។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីរយៈពេលជាង២៣ឆ្នាំមកនេះ ដែលកម្ពុជាបានបិទបញ្ចប់ភ្លើងសង្គ្រាម ដណ្តើមបានមកវិញនូវសុខសន្តិភាព និងការឯកភាពទឺកដី បន្ទាប់ពីការបែកបាក់ជាង ៥០០ឆ្នាំ ក្នុងប្រវត្តិសាស្ត្រកម្ពុជា។

«នយោបាយឈ្នះ ឈ្នះ ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន គឺជាមរតកដ៏មហាសាលសម្រាប់ជាតិ និងប្រជាជនកម្ពុជា ហើយតាមរយៈនយោបាយឈ្នះឈ្នះនេះហើយ នាំមកនូវពន្លឺជីវិត និងសង្គមថ្មីមួយពោរពេញ ដោយការអភិវឌ្ឍ និងការរីកចម្រើន»។ នេះជាការបញ្ជាក់របស់នាយឧត្តមសេនីយ៍ វង្ស ពិសេន នៅចំពោះមុខនាយទាហាន។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់នាយទាហានត្រូវចងចាំ និងយល់ពាក្យថា «អរគុណសន្តិភាព»! អរគុណនយោបាយ ឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ! ព្រោះថា សន្តិភាពមានតម្លៃមិនសាបសូន្យ មិនថាថ្ងៃនេះ ឬថ្ងៃក្រោយនោះឡើយ។ ដូច្នេះត្រូវការពារឲ្យបាន ទោះក្នុងតម្លៃណាក៏ដោយ៕