សម្តេចតេជោ ហ៊ុន សែន៖ ៩ខែ កម្ពុជាផលិតមាសបានជាង ២,២៧៥គីឡូក្រាម នៅក្នុងតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ខណៈកន្លែងផ្សេងទៀត កំពុងរុករក


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានថ្លែងបញ្ជាក់ថា រយៈពេល៩ខែ នៃដំណើរការអាជីវកម្មរ៉ែមាស នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី កម្ពុជាអាចផលិតបានចំនួន ២ ២៧៥គីឡូក្រាម។

សម្តេចតេជោបញ្ជាក់ថា អាជីវកម្មរ៉ែមាសនេះ បានជំនួសដោយរ៉ែប្រេងកាត ដែលមានចំនួនតិច ហើយការបូបប្រេងជួបបញ្ហា មានការលួចយកនាវាផ្ទុកប្រេងទៅបាត់ផងដែរ។

បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី រ៉ែមាសរបស់កម្ពុជា នៅមានទីតាំងច្រើនកន្លែងទៀត ដែលកំពុងរុករក ហើយការរុករកនេះ គឺជាការបើប្រាស់នូវធនធានធម្មជាតិ ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «៩ខែ យើងផលិតមាសបាន២២៧៥គីឡូក្រាម ឬជាង២តោន នេះយើងគិតតែមួយទេ [តំបន់អូរខ្វាវ មណ្ឌលគិរី] នៅកន្លែងដទៃទៀត។ អីចឹងយើងក៏ចាប់ផ្តើមប្រើប្រាស់នូវធនធានធម្មជាតិរបស់យើងមួយចំណែក ដែលយើងបាននិងកំពុងរុករក ដើម្បីធ្វើអាជីវកម្មបម្រើឲ្យសេចក្តីត្រូវការរបស់ប្រទេសជាតិ»

គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd គឺជាក្រុមហ៊ុនទី១ ខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅប្រទេសកម្ពុជា។ ក្រុមហ៊ុននេះ បានចាប់ផ្ដើមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី របស់ខ្លួន នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។

ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានបញ្ជាក់ សព្វថ្ងៃនេះកម្ពុជាមាន៧ក្រុមហ៊ុន ដែលធ្វើអាជីវកម្មរ៉ែ ដែលទទួលបានអាជ្ញាប័ណ្ណ ពីក្រសួងរ៉ែ និងថាមពល។

ទីតាំងការដ្ឋានអាជីវកម្មរ៉ែមាសទាំង៧នោះ មាននៅក្នុងខេត្តរួមមាន៖ ខេត្តក្រចេះ ១ទីតាំង ខេត្តព្រះវិហារ ២ទីតាំង ខេត្តមណ្ឌលគីរី ០២ទីតាំង ខេត្តរតនគីរី ១ទីតាំង និងខេត្តបាត់ដំបង ១ទីតាំង។ គិតត្រឹមថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ រាជដ្ឋាភិបាលទទួលបានចំណូល១៤លានដុល្លារ ពីវិស័យរ៉ែមាស ដែលក្នុងនោះ៥លានដុល្លារ គឺជាចំណូលពន្ធដារ និងពន្ធគយ។