ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញទទួលទានអាហារការងារជាមួយប្រធានអង្គការ JCIA និងបណ្តាដៃគូនានារបស់JCIA នៅទីក្រុងតូក្យូ ប្រទេសជប៉ុន


 

នៅល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈប្រតិភូ បានអញ្ជើញទទួលទានអាហារការងារជាមួយលោក Fumio Yamada ប្រធានអង្គការ JCIA និងបណ្តាដៃគូនានារបស់JCIA នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

នាឱកាសនេះលោកប្រធានក៏បានសម្តែងនូវការស្វាគមន៍ និងមានការរីករាយចំពោះឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ហើយឆ្លៀតឱកាសជួបពិភាក្សាការងារ និងពិសារអាហារពេលល្ងាចជាមួយលោក ដែលជាកិត្តិយសសម្រាប់លោក និងអង្គការរបស់លោក។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងបានគាំទ្រចំពោះកិច្ចសហការល្អរបស់អង្គការ JCIA ចំពោះកម្ពុជា ដែលកន្លងមកបានជួយដល់កម្ពុជាក្នុងការបណ្តុះបណ្តាលដល់ជនក្រីក្រ ជនពិការ ហើយមកដល់ពេលនេះបានបន្តជួយដល់ប្រជាជនកម្ពុជាដើម្បីមានឱកាសមកធ្វើកម្មសិក្សានៅប្រទេសជប៉ុន ហើយទទួលបានការងារល្អ មានប្រាក់ចំណូលខ្ពស់ មានទំនាក់ទំនងល្អ ដែលធ្វើអោយពួកគេរស់នៅប្រកបដោយភាពកក់ក្តៅ ព្រោះនៅតាមកន្លែងការងារ មានភាពទំនើប។

ឯកឧត្តមបានស្នើសុំឱ្យដៃគូរទាំងឡាយរបស់អង្គការ JCIA សូមរួមគ្នាអនុវត្តតាមច្បាប់ថ្មី និងកិច្ចព្រមព្រៀងរវាងក្រសួងការងារកម្ពុជា និងជប៉ុន ហើយសង្ឃឹមថាក្រុមហ៊ុននានានឹងទទួលយកកម្មសិក្សាការីខ្មែរ មកធ្វើការនៅជប៉ុនឱ្យបានកាន់តែច្រើន និងសូមទៅវិនិយោគបង្កើតរោងចក្រនៅកម្ពុជា ព្រមទាំងជូនពរឱ្យអង្គការ និងក្រុមហ៊ុនមានជោគជ័យ។