លោកជំទាវ ឱ វណ្ណឌីន បន្ដចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅខេត្តរតនគិរី និងអំពាវនាវពលរដ្ឋដល់ពេលត្រូវចាក់ដូសជំរុញ សូមរួសរាន់ទៅចាក់ឲ្យបានគ្រប់គ្នា


(រតនគិរី)៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ បានបន្ដចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅខេត្តរតនគិរី។

ក្នុងបេសកកម្មនៅពេលនេះ ឯកឧត្តម ប៉ាប្លូ កាង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រទេសអូស្ត្រាលីប្រចាំកម្ពុជា លោកជំទាវ វេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា និងលោកជំទាវវេជ្ជបណ្ឌិត ហ្វារូហ្វ ហ្វូយូហ្សាត តំណាងអង្គការ UNICEF ប្រចាំប្រទេសកម្ពុជា រួមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

ក្រៅពីការចុះពិនិត្យជាក់ស្ដែង នៅទីតាំងដែលកំពុងដំណើរការចាក់វ៉ាក់សាំងនោះ លោកជំទាវ ឱ វណ្ណឌីន ក៏បានជួបពិភាក្សាការងារមួយចំនួន ជាមួយលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីផងដែរ។

ក្នុងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលខេត្តរតនគិរី សម្រេចបានក្នុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋតាំងពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញ។ ប៉ុន្ដែលោកស្រី បានណែនាំ និងដាក់ទិសដៅឲ្យអាជ្ញាធរខេត្ត និងក្រុមគ្រូពេទ្យ ត្រូវតែខិតខំប្រឹងប្រែងបំពេញកិច្ចការងារនេះឲ្យបានកាន់តែល្អបន្ថែមទៀត។

លោកជំទាវប្រធានគណៈកម្មការចំពោះកិច្ច បានបន្ដណែនាំឲ្យក្រុមគ្រូពេទ្យ ត្រូវតែបង្ខិតការចាក់វ៉ាក់សាំងឲ្យទៅដល់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋ ដូចអ្វីដែលបានអនុវត្តនាពេលកន្លងមកបន្ថែមទៀត សំដៅធ្វើយ៉ាងណាជំរុញដល់ប្រជាពលរដ្ឋដែលដល់ពេលត្រូវចាក់ដូសជំរុញ ត្រូវតែមកចាក់ឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពស៉ាំក្នុងសហគមន៍ គ្រាដែលខេត្តរតនគិរី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចដកកាតព្វកិច្ចពាក់ម៉ាស់ហើយនោះ។

ជាមួយគ្នានេះ តំណាងអង្គការសុខភាពពិភពលោក, អង្គការ UNICEF និងឯកអគ្គរដ្ឋទូតអូស្ដ្រាលីប្រចាំកម្ពុជា ក៏បានស្ញប់ស្ញែង និងកោតសរសើរចំពោះរដ្ឋបាលខេត្តរតនគិរី និយាយដោយឡែក និងនិយាយជារួមរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ រហូតសម្រេចលើសផែនការថែមទៀតផង ដែលអាចបង្កលក្ខណៈឲ្យកម្ពុជា អាចបើកដំណើរការប្រទេសឡើងវិញ។

ខាងក្រោមនេះ ជាវីដេអូទាំងស្រុង នៃកិច្ចសម្ភាសរបស់លោកជំទាវ ឱ វណ្ណឌីន៖