៦ខែ ឆ្នាំ២០១៧ កម្ពុជាមានទីក្រុងរណបបុរីលំនៅឋានមានលក្ខណៈជាបុរីសរុបចំនួន១៤ទីតាំង


នៅក្នុងរយៈពេល ៦ខែ ពាក់កណ្តាលឆ្នាំ២០១៧នេះ កម្ពុជា មានទីក្រុងរណបបុរីលំនៅឋានមានលក្ខណៈជាបុរីសរុបចំនួន ១៤ទីតាំង និងមានអគារខ្ពស់ចាប់ពី ០៥ជាន់ ឡើងទៅមានចំនួន សរុប ៤៣អគារ។

បើយោងតាមទិន្នន័យរបស់ក្រសួង រៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ទិន្នន័យបុរីលំនៅឋាន និងអគារខ្ពស់ៗ ក្នុងរយៈពេល ០៦ខែ ឆ្នាំ ២០១៧ មានទីក្រុងរណបបុរីលំនៅឋានមានលក្ខណៈជាបុរីសរុបចំនួន ១៤ទីតាំង មានអគារខ្ពស់ចាប់ពី ០៥ជាន់ ឡើងទៅមានចំនួន សរុប ៤៣អគារ។

ការបូកសរុបទិន្នន័យសំណង់ទូទាំងប្រទេស ០៦ខែ ឆ្នាំ២០១៧ ក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០១៧ នេះ ទាំងសមត្ថកិច្ចថ្នាក់ក្រោមជាតិ និងថ្នាក់រាជធានី ខេត្ត បានផ្ដល់លិខិតអនុញ្ញាតសាងសង់ ចំនួន ១៥២៣ គម្រោង មានផ្ទៃក្រឡាសំណង់សរុប ៧.២៨៤.៦៧៥ ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មាន ៤.៩៤៣.៥២៣.៥១៧ ដុល្លារសហរដ្ឋអាមេរិក។

បើប្រៀបធៀបទុនវិនិយោគក្នុងរយៈពេលដូចគ្នានឹងឆ្នាំ២០១៧ ចំនួន ១.១៨៣ គម្រោង មានផ្ទៃក្រឡាសំណង់សរុប ចំនួន ១០.៥១២.២៦១ ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មាន ៣.៨៧៩.០៥៨.៤៨២ ដុល្លារអាមេរិក មានការកើនឡើងទុនវិនិយោគប្រមាណ ២៧,៤៤%។

គិតពីឆ្នាំ ២០០០ ដល់ ០៦ខែ ឆ្នាំ២០១៧ ការបោះទុនវិនិយោគលើវិស័យនេះ មកពីបរទេសចំនួន ១៨ប្រទេស មានចំនួន ៣០៩ គម្រោង មានផ្ទៃក្រឡាសំណង់សរុប ១៣.៤៦២.០២៣ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុនវិនិយោគសាងសង់ ៤.៦៨៦.៨០៧.១០១ ដុល្លារ​អាមេរិក។

ការចុះបញ្ជីក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់ ក្នុងរយៈពេល ០៦ខែ ឆ្នាំ២០១៧ ក្រសួងបានចុះបញ្ជីក្រុមហ៊ុន សិក្សាគម្រោងប្លង់ និងសាងសង់ នៅមានសុពលភាពចំនួន ១០០៦ ក្រុមហ៊ុន ក្នុងនោះ ៖ (១) ក្រុមហ៊ុនសិក្សាគម្រោងប្លង់ មាន​ចំនួន ៤០ក្រុមហ៊ុន និង (២) ក្រុមហ៊ុនសាងសង់មានចំនួន ៩៦៦ ក្រុមហ៊ុន។

គួរបញ្ជាក់ថា  មានក្រុមហ៊ុនអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់ជនបរទេសនៅមានសុពលភាពចំនួន ៤០៨ ក្រុមហ៊ុន​។