ខេត្តកែបត្រូវជ្រើសរើសសម្រាប់បុណ្យសមុទ្រលើកទី៦(ជុំទី២) នឹងប្រព្រឹត្តទៅនៅខែធ្នូខាងមុខ


ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន រួមជាមួយលោក កែន សេត្ថា អភិបាលខេត្តកែប បានឯកភាពគ្នាដាក់ចេញនូវផែនការអាទិភាព ៧ចំណុច ដើម្បីត្រៀម និងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ប្រចាំឆ្នាំមួយនេះ ប្រកបដោយភាពរលូន និងពិសេសលើសឆ្នាំមុនៗ និងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យចូលរួមឲ្យបានច្រើនកុះករផងដែរ។

សូមរំឭកដែរថា ក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី៥ រយៈពេល៣ថ្ងៃ នៅខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៦ មានភ្ញៀវទេសចរជាតិ-អន្តរជាតិចូលរួមទស្សនាប្រមាណ ៥០ម៉ឺននាក់។ ហើយអាជ្ញាធរក្រុង​ព្រះសីហនុព្រម​ទាំង​ប្រជាពល​រដ្ឋទាំងអស់ បាន​ត្រៀម​​រួចជាស្រេចនូវសណ្ឋាគារចំនួន៣,០០០បន្ទប់ ផ្ទះសំណាក់​ចំនួន​៣,០០០​បន្ទប់ ព្រមទាំង​មាន​ការ​រៀបចំពិសេស​នូវតង់​ស្នាក់​នៅ​ប្រមាណ​ជា​ ៥០០បន្ថែមទៀតសម្រាប់ ភ្ញៀវជាតិ និងអន្តរជាតិ​ផង​ដែរ។

ដូច្នេះ ក្នុងនាមយើងជាពលរដ្ឋខ្មែរ ជាភ្ញៀវទេសចរជាតិ ក៏ដូចជាជាអ្នកសារព័ត៌មានផងនោះ សូមអញ្ជើញចូលរួមទស្សនាបុណ្យសមុទ្រនេះទាំងអស់គ្នា៕