សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជានឹងបន្តពង្រឹងកិច្ចសហការជាមួយចិន និងតួអង្គពាក់ព័ន្ធ ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា នឹងបន្តពង្រឹងកិច្ចសហការជាមួយប្រទេសចិន និងតួអង្គពាក់ព័ន្ធនានា ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យបានទាំងស្រុង។

ក្នុងសុន្ទរកថាអបអរសាទរខួបលើកទី៥០ នៃឱសថអាតេមីស៊ីនីន និងវេទិកាសហប្រតិបត្តិការអន្តរជាតិ ដើម្បីកសាងសហគមន៍នៃសុខភាពទូទៅសម្រាប់មនុស្សជាតិ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរខួបលើកទី៥០ នៃឱសថអាតេមីស៊ីនីន និងវេទិកាសហប្រតិបត្តិការអន្តរជាតិ ដើម្បីកសាងសហគមន៍ នៃសុខភាពទូទៅសម្រាប់មនុស្សជាតិ។

សម្តេចតេជោ ក៏បានប្រកាសគាំទ្រចំពោះសកម្មភាព និងកិច្ចសហប្រតិបត្តិការ ដែលបាននិងកំពុងអនុវត្ត ដើម្បីកសាងសហគមន៍នៃសុខភាពទូទៅសម្រាប់មនុស្សជាតិ ជាពិសេស ការលុបបំបាត់ជំងឺគ្រុនចាញ់ តាមរយៈការប្រើប្រាស់ឱសថអាតេមីស៊ីនីន។

ក្នុងសុន្ទរកថានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ប្រទេសកម្ពុជាដែលស្ថិតក្នុងមហាអនុតំបន់ទន្លេមេគង្គ ធ្លាប់មានជំងឺគ្រុនចាញ់ជាង ១៧ម៉ឺនករណី និងស្លាប់ជិត ១ពាន់នាក់នាទស្សវត្សឆ្នាំ៨០។ តែក្នុងឆ្នាំ២០២១ កន្លងទៅ ជំងឺគ្រុនចាញ់បានថយចុះមកនៅចំនួន ៣,៩៥៩ករណី និងគ្មានការស្លាប់រយៈពេល ៤ឆ្នាំចុងក្រោយ បើទោះជាប្រឈមនឹងការលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។

បើតាមសម្តេចតេជោ ហ៊ុន សែន, សមិទ្ធផលដ៏ត្រចះត្រចង់នេះកើតចេញពីការអនុវត្តនូវយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ ២០១១-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានទិសដៅយុទ្ធសាស្រ្តចំនួនបួន រួមមាន៖ ១) ការធ្វើរោគវិនិច្ឆ័យនិងព្យាបាលឲ្យបានរហ័ស ២) ព្យាបាលដោយប្រើថ្នាំអាតេមីស៊ីនីន ឲ្យបានត្រឹមត្រូវតាមរូបមន្តដើម្បីបញ្ជៀសភាពស៊ាំរបស់ថ្នាំនេះ ៣) បង្ការការចម្លងមេរោគគ្រុនចាញ់ដោយប្រើប្រាស់មុងជ្រលក់ថ្នាំ និង៤) ការងារអប់រំលើកកម្ពស់សុខភាព ដោយមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោ ក៏បានគូសរំលេចដែរថា ប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្រ្តជាតិ គឺការផ្សារភ្ជាប់ដោយភាពទន់ភ្លន់ និងបត់បែន តាមយុទ្ធសាស្រ្តសកល និងតំបន់ ព្រមទាំងរៀនសូត្រដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក។

សម្រាប់ទិសដៅទៅអនាគតវិញ សម្តេចតេជោ បានប្រកាសថា កម្ពុជានឹងបន្តពង្រឹងកិច្ចសហការជាមួយគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសប្រទេសចិន តាមរយៈគំនិតផ្តួតផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ, កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងមូលនិធិជំនួយសហប្រតិបត្តិការត្បូង-ត្បូងប្រទេសចិនជាដើម ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង។

សម្តេចតេជោ ក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ បន្តជំរុញកិច្ចសហប្រតិបត្តិការផ្អែកលើទំនុកចិត្ត, ភាពជាដៃគូដោយយកប្រជាជនជាស្នូល និងមូលដ្ឋានពហុភាគីនិយម ដើម្បីឈានឆ្ពោះទៅសម្រេចទស្សនៈវិស័យ ពិភពលោកគ្មានជំងឺគ្រុនចាញ់ឆ្នាំ២០២៥។

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ ក៏ជាទិវាជាតិរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញសារលិខិតចូលរួមអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់នេះផងដែរ។

ក្នុងសារលិខិតនេះ សម្តេចតេជោ បានគូសរំលេចថា ជំងឺគ្រុនចាញ់មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សុខភាព ចំណាយថវិកាដោយផ្ទាល់លើការព្យាបាល ការខាតបង់ការងារ ការបាត់បង់ផលិតភាព និងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដ៏ធ្ងន់ធ្ងរទៀតផង។

បើទោះបីកម្ពុជាទទួលបានលទ្ធផលល្អប្រសើរលើការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់នេះយ៉ាងណាក្តី ក៏សម្តេចតេជោ បានស្នើដល់ភាគីពាក់ព័ន្ធខិតខំបង្កើនល្បឿនទៀតនៃការលុបបំបាត់ជំងឺគ្រុនចាញ់ទៅតាមផែនការដូចមានក្នុងអភិក្រមសកម្មភាពការងារលុបបំបាត់ជំងឺគ្រុនចាញ់ដំណាក់កាលទី២ឆ្នាំ២០២១-២០២៥ ដែលជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជា ឆ្នាំ២០១១-២០២៥។ ជាពិសេសត្រូវរួមគ្នាសម្រេចឱ្យបានជោគជ័យនូវគោលដៅគន្លឹះចំនួន៣រួមមាន៖

១៖ ធានាទាំងប្រសិទ្ធភាព និងគុណភាពលើគ្រប់សកម្មភាពយុទ្ធសាស្ត្រ ព្រមជាមួយកិច្ចសហការដៃគូជាតិ-អន្តរជាតិ លើការបន្តប្រតិបត្តិការផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជាឆ្នាំ២០១១-២០២៥ រហូតទទួលបានជោគជ័យទាំងស្រុង
២៖ លុបបំបាត់ជំងឺគ្រុនចាញ់ទម្រង់សន្ធំ (ឬប្រភេទហ្វាល់ស៊ីប៉ារ៉ូម) ឱ្យអស់ទាំងស្រុងនៅដំណាច់ឆ្នាំ២០២៣ ដោយបញ្ចូលបន្ថែមនូវវិធីសាស្ត្រជំហានចុងក្រោយលុបបំបាត់ជំងឺគ្រុនចាញ់ និងចូលរួមគាំទ្រផ្សព្វផ្សាយសារអប់រំសុខភាពទូលំទូលាយតាមគ្រប់បណ្តាញ និងមជ្ឈដ្ឋាន
៣៖ លុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ទូទាំងស្រុកប្រតិបត្តិឱ្យអត្រាជំងឺតិចជាង ៥.០ករណី ក្នុងចំណោមប្រជាជន ១,០០០នាក់ នៅឆ្នាំ២០២៣ និងលុបបំបាត់ទាំងស្រុងគ្រប់ទម្រង់គ្រុនចាញ់ នៅដំណាច់ឆ្នាំ២០២៥។

ក្នុងសារនេះសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ទាំងក្នុង និងក្រៅប្រទេស រួមទាំងមន្ត្រី បុគ្គលិកសុខាភិបាល និងប្រជាជនគ្រប់រូប ដែលបានធ្វើឱ្យសម្តេចជោគជ័យនូវសមិទ្ធផលលើការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់នៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់ក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ វិស័យឯកជន អង្គការនានា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន សហគមន៍ជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍ ជាពិសេសប្រជាជនគ្រប់រូប បន្តចូលរួម និងគាំទ្រដល់បេសកកម្មរបស់ក្រសួងសុខាភិបាល តាមផែនការយុទ្ធសាស្ត្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា ឱ្យទទួលបានជោគជ័យ និងសម្រេចគោលដៅយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០២៥៕