ពលរដ្ឋ៣៩៥គ្រួសារ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទទួលបានកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ពីសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា


នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខ និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនប្រជាពលរដ្ឋចំនួន៣៩៥គ្រួសារ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ពិធីនេះត្រូវបានប្រព្រឹត្តទៅនៅភូមិព្រៃពិស ឃុំឈូកស ស្រុកកំពង់ត្រឡាច។

អំណោយទាំងនេះទទួលបានពី ទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួល នៃប្រទេសទួរគី (TIKA) តាមរយៈសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា (CIWODA) សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF)។

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់ ទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលនៃប្រទេសទួរគី (TIKA) ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងផ្តល់ជំនួយជូនប្រជាពលរដ្ឋកម្ពុជាដែលមានភាពខ្វះខាត ដោយមិនប្រកាន់ជាតិសាសន៍ និងសាសនា។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានរំលឹកនូវសមិទ្ធផលជាច្រើនដែលសហគមន៍ឥស្លាមទទួលបានពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សាសនិកឥស្លាមមានឱកាស ដើម្បីបានចូលបម្រើការងារជូនរដ្ឋ ពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន។ គ្រូបង្រៀនខ្មែរឥស្លាម ១,៥០០នាក់ ត្រូវបានដាក់បញ្ចូលទៅក្នុងក្របខណ្ឌគ្រូបង្រៀន នៃក្រសួងអប់រំយុវជន និងកីឡា។

ស្ត្រីឥស្លាម អាចពាក់ហ៊ីចាប (ពាក់ក្រមាបិទបាំងសក់) ចូលសិក្សានៅគ្រឹះស្ថានសិក្សាគ្រប់កម្រិត និងការបំពេញការងារនៅស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល។ល។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលក៏បានផ្តល់សិទ្ធិស្លៀកពាក់បែបសាសនា សម្រាប់ការថតរូបឯកសារសំខាន់ៗ ដូចជា ថតអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ លិខិតឆ្លងដែន និងលិខិតរដ្ឋបាលផ្សេងៗតាមតម្រូវការ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានធានាមកនូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។ លើសពីនោះទៅទៀត រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ។ ដូច្នេះយេីងទាំងអស់គ្នា ត្រូវអរគុណសន្តិភាព ព្រមទាំងបន្តគាំទ្រចំពោះរាជរដ្ឋាភិបាល ដេីម្បីបន្តរក្សាបាននូវសុខសន្តិភាពនេះឲ្យបានយូរអង្វែងតទៅមុខទៀត។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិតក៏បានរំលឹកដល់ប្រជាពលរដ្ឋត្រូវចេះថែរក្សាសុខភាពខ្លួនឯង ដោយអនុវត្តវិធានរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺគ្រប់ប្រភេទ ជាពិសេសជំងឺកូវីដ១៩។

គួរជម្រាបផងដែរថា អំណោយដែលទទួលបានពីអង្គការខាងលើ សម្រាប់ប្រជាពលរដ្ឋ ៣៩៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួល បាន សាគូ ១គីឡូក្រាម ល្មើ ១គីឡូក្រាម មី២៥កញ្ចប់ ស្ករស ២គីឡូក្រាម ទឹកសេរ៉ូ ១ដប ទឹកដោះគោខាប់ ៥កំប៉ុង ប្រេងឆា ២លីត្រ និងទឹកត្រចៀកកាំ ៦កំប៉ុង។ បន្ថែមពីនេះ សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា បានឧបត្ថម្ភ អង្ករ ១តោន និងថវិកា ១លានរៀល លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ថវិកា ១លានរៀល សម្រាប់យុវជន នៃសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ចំនួន ២០០នាក់ ផងដែរ៕