ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន៖ ក្នុងអំឡុងពេល នៃវិបត្តិជំងឺកូវីដ១៩ គ្រូបង្រៀនជាបេះដូងនៃការស្តារ និងអភិវឌ្ឍវិស័យអប់រំ


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងបញ្ជាក់ថា ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩ គ្រូបង្រៀនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់និងធានានិរន្តរភាពនៃការសិក្សាដល់សិស្សានុសិស្ស និងនិស្សិតទាំងអស់ ហើយត្រូវបានគេទទួលស្គាល់ថាគ្រូបង្រៀន គឺជាបេះដូងនៃការស្តារ និងអភិវឌ្ឍវិស័យអប់រំ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានអះអាងទៀតថា ការទទួលស្គាល់ដូចនេះដោយសារតែគ្រូបង្រៀន បានខិតខំប្រឹងប្រែងសិក្សា និងស្រាវជ្រាវទាំងផ្នែកចំណេះដឹង ជំនាញឌីជីថលនិង វិធីសាស្រ្តបង្រៀនថ្មីៗ តួយ៉ាងការខិតខំបង្រៀន ពីចម្ងាយ ដើម្បីឱ្យសិស្សអាចរៀនសូត្រពីផ្ទះ ក្នុងករណីខ្លះគ្រូបង្រៀនត្រូវធ្វើដំណើរទៅភូមិជនបទ និងបង្កើតជាក្រុមតូចៗ ដើម្បីឲ្យសិស្សអាចបន្តការសិក្សា ក្នុងអំឡុងពេលនៃការផ្អាកដំណើរការសាលារៀនជាបណ្តោះអាសន្នផងដែរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់យ៉ាងដូចនេះ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ ក្នុងឱកាសតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា២០២១-២០២២ នៅវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ទៀតថា ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងគណៈគ្រប់គ្រងសាលារៀន គឺជាកត្តាគន្លឹះមួយទៀត ដែលនាំទៅរកភាពជោគជ័យ ក្នុងការផ្តល់សេវាអប់រំប្រកបដោយការ ទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាពនៅគ្រប់កាលៈទេសៈ។ គ្រូបង្រៀននឹងបន្តដើរតួជាបុគ្គលនាំមុខ ជាមគ្គុទ្ទេសក៍ជាអ្នកស្រាវ ជ្រាវជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិតដែលចាំបាច់ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំទាំងផ្នែកចំណេះដឹង ទាំងវិធីសាស្រ្តបង្រៀន រួមទាំងការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស ដើម្បីយកចំណេះដឹងថ្មីៗ និងគរុកោសល្យថ្មីៗ មកបង្ហាត់បង្រៀនដល់សិស្ស-និស្សិត ឱ្យមានចំណេះដឹងទូលំទូលាយ និង អភិវឌ្ឍខ្លួនទៅជាពលរដ្ឋសកល និងជាអ្នកបន្តវេនសម្រាប់អនាគត។

សាលារៀនត្រូវធានាឱ្យបាននូវបរិយាកាសសិក្សា ប្រកបដោយសុវត្ថិភាព អនុវត្តកម្មវិធីសិក្សាបង្រួញ និងអាចបត់បែនបាន ដោយប្រើប្រាស់ខ្លឹមសារឌីជីថល សម្រាប់ការ បង្រៀននិងការរៀន ព្រមទាំងកែទម្រង់សាលារៀន ដើម្បីធ្វើឱ្យសាលារៀនមានការទទួលខុសត្រូវចំពោះឪពុកម្តាយសិស្ស និងសហគមន៍ តាមរយៈការផ្លាស់ប្តូរវប្បធម៌ សាលារៀន និងការលើកទឹកចិត្តឱ្យមានការចូលរួមរបស់សហគមន៍ ក្នុងការគ្រប់គ្រងសាលារៀន និងការផ្តល់ការគាំទ្រសម្រាប់បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា នៅក្នុងយុគសម័យនៃបដិវត្តឧស្សាហកម្មទី៤ តម្រូវការសិក្សារបស់សិស្ស ក៏មានការផ្លាស់ប្ដូរស៊ីជម្រៅផងដែរ ដោយសារ សិស្សត្រូវការនូវ៖ របៀបរៀនបែបថ្មីសមស្របទៅនឹងវិធីសាស្ត្រថ្មីនៃការបង្រៀន, ការទទួលបាននូវការបណ្តុះបណ្តាលជំនាញថ្មីៗ ពិសេសជំនាញឌីជីថល ដើម្បីដោះស្រាយបញ្ហាប្រឈមនៃសតវត្សទី២១; និងការត្រៀមខ្លួនបានសមស្របសម្រាប់ទីផ្សារការងារដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សផងដែរ៕