ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញបិទសិក្ខាសាលាស្តីពីការលើកកម្ពស់សមត្ថភាព និងការពង្រីកយន្តការឆ្ពោះទៅរកការលុបបំបាត់សារធាតុ អាសបេស្តុស


នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញបិទសិក្ខាសាលាស្តីពីការលើកកម្ពស់សមត្ថភាព និងការពង្រីកយន្តការឆ្ពោះទៅរកការលុបបំបាត់សារធាតុ អាសបេស្តុស នៅខេត្តសៀមរាប។
ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ក្នុងនាមជាប្រធានក្រុមការងារកសាងកម្រងព័ត៌មានជាតិស្តីពីសារធាតុអាសបេសស្តុសនៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ និងអង្គការ អាហ្វីដា ដែលបានរួមសហការគាំទ្រ និងរួមចំណែកយ៉ាងសកម្ម ក្នុងការយកចិត្តទុកដាក់សហការអភិវឌ្ឍជាដៃគូក្នុងរយះពេលកន្លងមក ដែលធ្វើឱ្យយើងសម្រេចបានជោគជ័យស្របតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមបន្តថាសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ពិតជាបានឆ្លើយតបយ៉ាងមានប្រសិទ្ធភាពខ្ពស់បំផុតនូវកំណែទំរង់ស៊ីជម្រៅ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនៅក្នុងកម្មវិធីនយោបាយ ក៏ដូចជាយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣។
ឯកឧត្តមក៏បានថ្លែងអំណរគុណដល់វាគ្មិនដែលបានចូលរួមចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងមតិយោបល់ល្អៗ សម្រាប់ចូលរួមចំណែកលើកកម្ពស់វិស័យសុខភាព និងសុវត្ថិភាពការងារ។ នេះគឺជាសក្ខីភាពមួយទៀត ដែលឆ្លុះបញ្ជាំងពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ចំពោះការអភិវឌ្ឍវិស័យសុខភាព និងសុវត្ថិភាពការងារនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមបានឲ្យដឹងថាកន្លងមកនេះ ក្រសួងបានខិតខំអនុវត្តនូវអ្វីដែលបានដាក់ចេញយ៉ាងមានប្រសិទ្ធភាពខ្ពស់ ដោយទទួលបានលទ្ធផលសំខាន់ៗដូចជា បានរៀបចំគោលនយោបាយស្តីពីសុខភាព និងសុវត្ថិភាពការងារ, សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាពការងារ, សេចក្តីព្រាងបញ្ជីឈ្មោះជំងឺវិជ្ជាជីវៈដោយយោងតាមបញ្ជីឈ្មោះជំងឺវិជ្ជាជីវៈរបស់អង្គការអន្តរជាតិខាងការងារ, ផែនការមេលើកទី២ ស្តីពីសុខភាព និងសុវត្ថិភាពការងារ, រៀបចំ និងធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្តបន្ថែម, បន្តយុទ្ធនាការបង្ការមេរោគអេដស៍ និងជំងឺអេដស៍ នៅកន្លែងធ្វើការ, ពង្រឹងការចូលរួម និងការលើកទឹកចិត្តក្នុងការការពារសុខភាព និងសុវត្ថិភាពការងារពីសំណាក់ម្ចាស់សហគ្រាស គ្រឹះស្ថាន អង្គការកម្មករនិយោជិត, ពង្រីកការការពារសុខភាព និងសុវត្ថិភាពការងារដល់សហគ្រាសខ្នាតតូច និងមធ្យម ការជម្រុញការរៀបចំសេវាពេទ្យនៅតាមសហគ្រាស គ្រឹះស្ថាន, គម្រោងបង្កើតមន្ទីរពិសោធន៍សុខភាព និងសុវត្ថិភាពការងារនាពេលខាងមុខ ដើម្បីពង្រឹងប្រព័ន្ធសុខភាព និងសុវត្ថិភាពថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់សហគ្រាស គ្រឹះស្ថាន ដែលជាកម្លាំងជម្រុញដ៏សំខាន់ក្នុងការកសាងវប្បធម៌សុខភាព និងសុវត្ថិភាពការងារនៅកន្លែងធ្វើការ។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបញ្ជាក់ថាការផ្តល់សេវាសុខភាពការងារ ជាផ្នែកមួយដ៏សំខាន់ក្នុងការបង្ការ និងទប់ស្កាត់ហានិភ័យដោយសារគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ ទាមទារចាំបាច់ឱ្យមាននីតិវិធី ឬគោលការណ៍ណែនាំច្បាស់លាស់ក្នុងការស្រាវជ្រាវ និងពិនិត្យតាមដានជំងឺវិជ្ជាជីវៈ សំដៅរៀបចំប្រព័ន្ធ ធានារ៉ាប់រងហានិភ័យការងារប្រកបដោយគុណភាព បង្កើតនូវមន្ទីរពិសោធន៍ដែលមានលក្ខណៈស្តង់ដារ អន្តរជាតិ និងធនធានជំនាញប្រកបដោយសមត្ថភាពគ្រប់គ្រាន់ ព្រមទាំងការបង្កើតអង្គភាពជំនាញ សម្រាប់តាមដាន និងវាយតម្លៃលើសកម្មភាពការងារជាប្រចាំថែមទៀតផង។
ឯកឧត្តមបណ្ឌិតបានបានផ្តល់នូវអនុសាសន៍ដល់ ក្រុមការងារកសាងកម្រងព័ត៌មានជាតិស្តីពីសារធាតុអាសបេស្តុស ឲ្យត្រូវបន្តយកចិត្តទុកដាក់លើបញ្ហាសំខាន់ៗចំពោះមុខមួយចំនួនដូចខាងក្រោម៖
• បន្តអនុវត្តការងារកសាងកម្រងព័ត៌មានជាតិស្តីពីសារធាតុ អាសបេស្តុសឱ្យបានចប់មុនបំណាច់ឆ្នាំ២០១៨
• ពង្រឹង និងពង្រីកចំណេះដឹងពាក់ព័ន្ធនឹងសារធាតុអាសបេស្តុសពីអ្នកឯកទេស ជំនាញ ផ្នែកសារធាតុអាសបេស្តុសមកពី អូស្ត្រាលី និងកាណាដា ដែលបានចែករំលែកបទពិសោធន៍ ផ្តល់ការណែនាំ ពុទ្ធិ និងការសិក្សាស្រាវជ្រាវពាក់ព័ន្ធដ៏ល្អៗ ធ្វើជាមូលដ្ឋាន ក្នុងការរិះរកវិធានសម្រាប់កិច្ចដំណើរការបន្ត។
• គិតគូរជាពិសេសផលប៉ះពាល់ចំពោះសុខភាព និងសុវត្ថិភាពការងារ ដែលព័ត៌មានទាំងនេះពិតជាអាចផ្តល់នូវទស្សនទានថ្មីៗ ល្អៗ និងជាគនឹ្លះសម្រាប់បំពេញបន្ថែម ចំណុចខ្វះខាតក្នុងការអនុវត្តការងារកន្លងមក។
• រៀបចំផែនការកម្មវិធីការងារសំខាន់ៗទាក់ទងនឹងសារធាតុអាសបេស្តុស និងការបន្តរៀបចំកម្រងព័ត៌មានជាតិឲ្យមានលក្ខណៈវិទ្យាសាស្រ្ត និងគ្រប់ជ្រុងជ្រោយ មាន​សនិទាន​ភាពក្នុងការអនុវត្ត និង​​​អាចប្រើប្រាស់ក្នុងការបង្កើតគោលនយោបាយ និង​កម្មវិធីជាតិនានាពាក់ព័ន្ធនឹងផលិតផលដែលមានសារធាតុ​អាសបេស្តុស និង​វិធានការ​ទប់ស្កាត់​ជំងឺវិជ្ជាជីវៈ។
• ពិនិត្យលទ្ធភាពកសាងបទប្បញ្ញត្តិចាំបាច់មួយចំនួន ដែលសមនឹងធ្វើឱ្យមានជាគោល សម្រាប់ពេលខាងមុខនេះ ដូចជា៖ ប្រកាសស្តីពីការវាយកំទេចអាគារ ប្រកាសស្តីពីការប្រកាសព័ត៌មានអំពី វត្តមានសារធាតុអាសបេស្តុស នៅក្នុងទំនិញគ្រប់យ៉ាងដែលបាននាំចូលក្នុងប្រទេសកម្ពុជា ជាដើម។
ឯកឧត្តមសង្កត់ធ្ងន់ថាដូចនេះ ដើម្បីសម្រេចបានគោលដៅខាងលើ យើងមិនត្រឹមតែត្រូវការនូវធនធានជំនាញ ឧបករណ៍វិភាគទិន្នន័យទំនើបទាន់សម័យ គ្រូពេទ្យឯកទេសប៉ុណ្ណោះទេ ប៉ុន្តែជាមួយគ្នានេះក៏ ទាមទារជាចាំបាច់ឲ្យមានការចូលរួម និងការគាំទ្រពីគ្រប់ក្រសួងស្ថាប័ន អង្គការដៃគូ និងភាគីពាក់ព័ន្ធទាំងអស់តាមរយៈការរួមគ្នាគិត រួមគ្នាធ្វើសកម្មភាព និងរួមគ្នាទទួលខុសត្រូវ ចំពោះបណ្តាផលប៉ះពាល់មកពីសារធាតុអាសបេស្តុស នាថ្ងៃអនាគត។