មេបញ្ជាការ​កងទ័ពជើងគោក​ជួបពិភាក្សា​ការងារ​ជាមួយ​អគ្គសេនាធិការ​ចម្រុះ​កងកម្លាំង​ស្វ័យការពារ​ជប៉ុន​


លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក
​នា​រសៀល​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២២ នៅ​ទីបញ្ជាការ​កងទ័ពជើងគោក បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ នាយ​ឧ​ត្ត​ម​សេនីយ៍ យ៉ាម៉ា​សា​គិ កូ​ជិ (Yamazaki Koji) អគ្គសេនាធិការ​ចម្រុះ នៃ​កងកម្លាំង​ស្វ័យការពារ​ជប៉ុន ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​ពីរ​ថ្ងៃ របស់​គណៈប្រតិភូ​នៃ​កងកម្លាំង​ស្វ័យការពារ​ជប៉ុន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុងនាម​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ នាយ​ឧ​ត្ត​ម​សេនីយ៍ យ៉ាម៉ា​សា​គិ កូ​ជិ មកកាន់​កម្ពុជា និង​បាន​កត់សម្គាល់ថា ដំណើរ​ទស្សនកិច្ច​នេះ នឹង​ផ្តល់នូវ​សន្ទុះ​ថ្មី​មួយទៀត​នៃ​ការ​បេ្ត​ជ្ញា​ចិត្ត​របស់​ប្រទេស​ទាំងពីរ​កម្ពុជា​-​ជប៉ុន ក្នុងការ​ជំរុញ និង​លើកកម្ពស់​ចំណងមិត្តភាព និង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ​ទ្វេភាគី​ឱ្យ​កាន់តែ​រីកចម្រើន​រឹងមាំ​។

ទន្ទឹមគ្នានេះ លោក​ក៏បាន​កត់សម្គាល់​អំពី​សារៈសំខាន់​នៃ​តួនាទី​របស់​ការ​រឹតចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​គ្រប់​បណ្តា​ប្រទេស​ជា​មិត្ត រួមទាំង​ប្រទេស​ជប៉ុន​ផ្ទាល់ នៅក្នុង​ការចូលរួមចំណែក​ដល់​ការពង្រឹង​ទំនុកចិត្ត​ក្នុង​ក្របខ័ណ្ឌ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស និង​ប្រទេស ក៏ដូចជា​ប្រជាជន និង​ប្រជាជន​។ ក្នុងន័យនេះ កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​រាល់​កិច្ចសហប្រតិបត្តិការ​គ្រប់​កម្រិត ជាពិសេស​ការជំរុញឱ្យ​មាន​ទំនាក់ទំនង​ជាក់ស្តែងរ​វាង​អង្គភាព និង​អង្គភាព តាមរយៈ​សកម្មភាព​មួយចំនួន ដូចជា​៖ ការហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធានមនុស្ស​, ការចែករំលែក​បទពិសោធ​ន៍ និង​លំ​ហាត់​រួម ជាដើម​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ក្នុងនាម​ប្រជាជន​កម្ពុជា ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល ប្រជាជន និង​កងកម្លាំង​ស្វ័យការពារ​ជប៉ុន ដែលជា​មិត្ត​ដ៏​ល្អ​រហូតមក និង​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជួយឧបត្ថម្ភ​គាំទ្រ​កម្ពុជា​ក្នុង​គ្រប់​ដំណាក់កាល​ទាំងអស់ រាប់​ចាប់ពី​ការទទួលស្គាល់​ឯករាជ្យ​, ការស្វែងរក​សន្តិភាព និង​ដំណើការ​កសាង និង​អភិវឌ្ឍ​កម្ពុជា​ក្រោយ​សម័យ​សង្គ្រាម​។

នាយ​ឧ​ត្ត​ម​សេនីយ៍ យ៉ាម៉ា​សា​គិ កូ​ជិ បាន​សម្តែង​នូវ​ក្តី​រីករាយ ដែល​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដែល​នេះ​គឺជា​ការសម្រេច​តាម​បំណងប្រាថ្នា​ដែល​បានគិត​ទុកជា​យូរ​មកហើយ និង​ស្រប​ពេលដែល​ឆ្នាំ​២០២២​នេះ ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ក៏បាន​ផ្លាស់ប្តូរ​ទស្សនកិច្ច​ទៅវិញទៅមក​យ៉ាងសកម្ម​ផងដែរ​។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​ដ៏​មាន​សារៈសំខាន់​នេះ លោក​ក៏បាន​សម្តែង​នូវ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ និង​ប្រកបដោយ​ផ្លែផ្កា​រវាង​ប្រទេស ប្រជាជន និង​កងទ័ព​ទាំងពីរ ដែល​អាច​ឆ្លុះបញ្ចាំង​បាន​អំពី​ចំណងមិត្តភាព​ដ៏​រឹងមាំ​ប្រកបដោយ​ទំនុកចិត្ត និង​ការគោរព​គ្នា​ទៅវិញទៅមក​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​ដ៏​យូរអង្វែង​មួយ​នេះ ហើយ​ក្នុងនាម​ជា​អគ្គសេនាធិការ​ចម្រុះ នៃ​កងកម្លាំង​ស្វ័យការពារ​ជប៉ុន ឯកឧត្តម ក៏​នឹង​បន្ត​គាំទ្រ​ជំរុញ​ទំនាក់ទំនង​រវាង​កង​ទ័ព​ទាំងពីរ​ឱ្យ​កាន់​តែមាន​កម្រិត​ខ្ពស់​ឡើង​បន្ថែមទៀត ជាពិសេស​ការចូលរួម​ចំណែក​ជួយ​ដល់​ការពង្រឹង​សមត្ថភាពរ​បស់​កងទ័ពជើងគោក​កម្ពុជា​។​

​គួរ​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​នាពេលនេះ គឺ​ស្រប​ពេលដែល​ក្នុង​ឆ្នាំ​២០២២​នេះ កម្ពុជា​-​ជប៉ុន បាន​ប្រារព្ធ​ខួប​ទី​៣០ ឆ្នាំ នៃប្រតិបត្តិ​ការរក្សា​សន្តិភាព (PKO) ដែលជា​ប្រតិបត្តិការ​ក្រៅប្រទេស​លើក​ទី​១ របស់​កង​ម្លាំ​ង​ស្វ័យការពារ​ជប៉ុន​ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ ដោយ​ក្នុងនេះ​មានការ​រៀបចំ​កម្មវិធី​ជាច្រើន​រួមមាន​៖ (i) ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ពជើងគោក នៅក្នុង​ប្រទេស​ជប៉ុន ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២២ និង (ii) ពិធី​ប្រារព្ធ​ខួប​ដោយមាន​ការចូលរួមរ​បស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ការចូល​ចត​នាវា​កងកម្លាំង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន នៅ​ខេត្ត​ព្រះសីហនុ ដែល​អមដោយ​ទស្សនកិច្ច​នៅ​កំពង់ផែ​យោធា​រាម កាលពី​ខែមីនា ឆ្នាំ​២០២២ កន្លងទៅនេះ​៕​