គណបក្សប្រជាជនកម្ពុជា បានបាត់បង់ឥស្សរជនតស៊ូដ៏ឆ្នើមម្នាក់ ដែលកំពុងបម្រើជាសមាជិកក្នុងស្ថាប័នព្រឹទ្ធសភា ។ នាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ សមាជិកព្រឹទ្ធសភា និងជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ចនិងមុខងារសាធារណៈ បានទទួលមរណភាពនៅថ្ងៃទី២ ខែមិនា ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ ។ នាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ គឺជាស្វាមីរបស់ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។
សពនាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ កំពុងតម្កល់នៅភូមិគ្រឹះលេខ៣ ផ្លូវលេខ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជ ធានីភ្នំពេញ ។ ពិធីដង្ហែរសព នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃសៅរ៍ ទី៥ ខែមិនា ឆ្នាំ ២០១៦ ឆ្ពោះទីកាន់ឈាបនដ្ឋាន នៅទីលានមុខវត្តបុទុមវត្តី ។
ថ្នាក់ដឹកនាំស្ថាប័ននានាទូទាំងប្រទេស រួមនឹងកាកបាទក្រហមកម្ពុជាផងដែរ បានធ្វើលិខិតសម្តែងចូលរួមមរណទុក្ខ ។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២ ខែមិនា បានធ្វើលិខិតមួយក្នុងនាមស្ថាប័នព្រឹទ្ធសភា សម្តែងក្តីក្រៀមក្រំ សោកស្តាយ និងអាឡោះអាល័យ ចំពោះមរណភាព នាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ ដែលជាសមាជិកព្រឹទ្ធសភានេះ ។
នៅជាមួយគ្នានេះផងដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានធ្វើលិខិតមួយ ក្នុងនាមស្ថាប័នកាកបាទក្រហមកម្ពុជា ចាត់ទុកមរណភាពរបស់នាយឧត្តមសេនីយ៍ គឺជាការបាត់បង់ឧត្តមស្វាមី បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌ មានទឹកចិត្តសណ្តោសប្រណីថ្លៃថ្លា និងជាកុលបុត្រឆ្នើមមួយរូប ជាវីរជនពោរពេញដោយគុណធម៌ សច្ចធម៌ ដែលបានធ្វើពលិកម្មជាច្រើន បូជាកម្លាំងកាយចិត្ត ប្រាជ្ញា ចូលរួមដឹកនាំកម្លាំងតស៊ូរំដោះប្រទេស និងប្រជាពលរដ្ឋឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត និងបានចូលរួមយ៉ាង សកម្មក្នុងការស្តារកសាងប្រទេស ឱ្យមានសុខសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីវឌ្ឍនភាព វិបុលភាព និង ការរីកចម្រើនឥតឈប់ឈររបស់ជាតិមាតុភូមិ ។
នាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ គឺជាអតីតអ្នកតស៊ូនៃចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលបានរំដោះប្រទេសចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ នៅថ្ងៃ៧ ខែមករា ឆ្នាំ ១៩៧៩ ។ នាយឧត្តមសេនីយ៍ បានបំរើជាសមាជិកព្រឹទ្ធសភា នៃគណបក្សប្រជាជនកម្ពុជា តាំងពីនិតិកាលទី១ រហូតដល់និតិកាលទី៣ នេះដោយបានរួមចំណែកក្នុងដំណើរការពង្រឹងនិតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងលើកកម្ពស់កិត្យានុភាពជាតិ ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ។