ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់កម្ពុជា បានលើកឡើងថា ការលុបបំបាត់ និងកាត់បន្ថយរបាំងពាំណិជ្ជកម្ម គឺជាមធ្យោបាយដ៏សំខាន់បំផុតក្នុងការស្តារសេដ្ឋកិច្ចចេញពីវិបត្តិឱ្យបានឆាប់រហ័ស។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងបែបនេះ ក្នុងពេលចូលរួមកិច្ចពិភាក្សាស្តីពី «ការដោះស្រាយបញ្ហារបាំងពាណិជ្ជកម្ម ដើម្បីការងើបឡើងវិញ» ដែលត្រូវបានរៀបចំឡើងក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។
នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់ និងភាពចាំបាច់នៃការលុបបំបាត់ និងកាត់បន្ថយរបាំងពាណិជ្ជកម្ម តាមរយៈយន្ដការនៃកិច្ចសម្រួលពាណិជ្ជកម្មក្នុងប្រទេស តំបន់ និងពិភពលោក ដែលជាមធ្យោបាយដ៏សំខាន់ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់រហ័ស។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការបើកចំហរទីផ្សារសម្រាប់ពាណិជ្ជកម្ម និងផែនការសកម្មភាពដែលផ្ដោតលើការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់សេដ្ឋកិច្ច និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក ដែលទាំងនេះ គឺជាផ្នែកនៃអាទិភាពអាស៊ាន ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ២០២២ ស្របតាមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា (ASEAN : Addressing Challenges Together)»។
ឯកឧត្តមរដ្ឋមន្ដ្រី ប៉ាន សូរស័ក្តិ ក៏បានលើកឡើងអំពីសកម្មភាពរបស់កម្ពុជា ក្នុងការសម្រួលពាណិជ្ជកម្ម ដូចជា ក្របខណ្ឌយុទ្ធសាស្ដ្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីថ្មីសម្រាប់ឆ្នាំ២០២១-២០២២, វេទិកាវេទិការដ្ឋាភិបាល និងវិស័យឯកជន, ប្រព័ន្ធ ASYCUDA, ប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) និងកំណែទម្រង់មួយចំនួន ដែលជួយពន្លឿនដល់ការបញ្ចេញទំនិញតាមព្រំដែនសម្រាប់ទំនិញទូទៅ ក៏ដូចជាទំនិញនិងសម្ភារៈពេទ្យសំខាន់ៗ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩។
បន្ថែមពីនេះទៀត កម្ពុជានៅតែបន្ដធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធទាំងនេះ និងបានលើកឡើងអំពី គម្រោង SeT4SME ជាមួយ Global Alliance ដើម្បីកិច្ចសម្រួលពាណិជ្ជកម្មដើម្បីបង្កើត Electronic Advance Data ដ៏ពេញលេញមួយ តាមរយៈការច្របាច់បញ្ចូលគ្នានៃប្រព័ន្ធ ASYCUDA និង ប្រព័ន្ធប្រកាសពន្ធគយនៃប្រៃសណីយ៍កម្ពុជា។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើឱ្យមានការចាប់អារម្មណ៍លើបញ្ហាសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ពាក់ព័ន្ធអនុលោមភាពនៃឯកសារតម្រូវសម្រាប់ការនាំចេញ ដូចជា «proof of non-manipulation» ឬ វិញ្ញាបនបត្របញ្ជាប់ប្រភពដើម ដែលឯកសារតម្រូវទាំងនេះ ធ្វើឱ្យការចំណាយកើនឡើងសម្រាប់អ្នកនាំចេញទំនិញ ដូច្នេះឯកសារតម្រូវទាំងនេះគួរត្រូវបានលុបចោល និងជំនួសវិញដោយ ការបញ្ជាក់ប្រភពដើមដោយខ្លួនឯង (self-certification)៕