ឯកឧត្តមរដ្ឋមន្រ្តី ម៉ម ប៊ុនហេង អនុញ្ញាតឱ្យ អគ្គនាយកវិទ្យាស្ថានប៉ាស្ទ័រទីក្រុងប៉ារីស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


ឯកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យ សាស្ដ្រាចារ្យ Stewart COLE អគ្គនាយកវិទ្យាស្ថានប៉ាស្ទ័រទីក្រុងប៉ារីសនៃសាធារណរដ្ឋបារាំង, លោក Jacques FELLET ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា អមដំណើរដោយលោកសាស្ត្រាចារ្យ André SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងសុខាភិបាល។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ លោក សាស្ត្រាចារ្យអគ្គនាយកវិទ្យាស្ថានប៉ាស្ទ័រទីក្រុងប៉ារីសនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះរដ្ឋាភិបាលបារាំង ជាពិសេសវិទ្យាស្ថានប៉ាស្ទ័រ ដែលតែងតែផ្តល់នូវការគាំទ្រទាំងថវិកា និងការ កសាងធនធានមនុស្សលើវិស័យសុខាភិបាល ដូចជានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មន្ទីរពេទ្យ កាល់ម៉ែត និងការងារប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ និងជាពិសេសក្នុងដំណាក់កាលនៃការរីករាលដាល នៃជំងឺកូវីដ-១៩។

ជាការឆ្លើយតបក្នុងជំនួបនោះ លោកអគ្គនាយកវិទ្យាស្ថានប៉ាស្ទ័រទីក្រុងប៉ារីស បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រី និងមន្ត្រីសុខាភិបាលទាំងអស់ ដែលតែងតែផ្តល់នូវកិច្ចសហការយ៉ាងល្អ ជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ លោកអគ្គនាយក ក៏បានសម្តែងនូវការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានដឹកនាំគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ អាចឱ្យបើកដំណើរការប្រទេសបានឡើងវិញ។

លោកអគ្គនាយក ក៏បានគូសរំលេចថា មន្ទីរពិសោធន៍នៃ IPC ផ្តល់លទ្ធភាពដល់ក្រសួងសុខាភិបាលនៃកម្ពុជា សម្រាប់ការសិក្សាស្រាវជ្រាវនានាក្នុងគោលដៅបង្ការជំងឺឆ្លង និងការពារផ្នែកសុខភាពសាធារណៈ ជាក់ស្ដែងក្នុងអំឡុងពេល២ឆ្នាំ ចុងក្រោយនេះវិទ្យាស្ថានប៉ាស្ទ័រ បានដើរតួនាទីយ៉ាងសំខាន់ រួមចំណែកឆ្លើយតបប្រឆាំងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ជាមួយក្រសួងសុខាភិបាល ក្នុងនាមជាមន្ទីរពិសោធន៍ទីមួយនៅកម្ពុជា ដែលអាចវិភាគធ្វើរោគវិនិច្ឆ័យបាន អាចផ្ទេរចំណេះដឹងទៅដល់ក្រុមការងារផ្សេងទៀតនៃក្រសួងសុខាភិបាល និងអាចតាមដានលើពូជរបស់វីរុសកូដ ១៩។

លោកអគ្គនាយក ក៏បានរាយការណ៍អំពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជាមួយក្រសួងសុខាភិបាល ដូចជា៖

– ការអភិវឌ្ឍធនធានមនុស្ស៖ ជារៀងរាល់ឆ្នាំ ក្រសួងការបរទេស នៃសាធារណរដ្ឋបារាំងបានផ្តល់ អាហារូបករណ៍កម្រិតអនុបណ្ឌិត និងបណ្ឌិត (Master និង PhD)

– ការស្រាវជ្រាវ៖ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានកិច្ចសហការជាមួយវិទ្យាស្ថានប៉ាស្ទ័រនៅទីក្រុងប៉ារីស វិទ្យាស្ថានស្រាវជ្រាវបារាំង (ANRS, INSERM, CIRAD, IRD) និងសាកលវិទ្យាល័យបារាំងដែល ស្រាវជ្រាវទៅលើ Tuberculosis, Malaria, Influenza, Dengue, EV71, HIV, Hepatitis, Chikunguya, Rabies, Encephalitis, Zika…។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងអំណរគុណដល់វិទ្យាស្ថានប៉ាស្ទ័រទីក្រុងប៉ារីស និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលតែងតែផ្តល់នូវការគាំទ្រ ជាពិសេសការគាំទ្រផ្នែកបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្ស និងបានស្នើសុំភាគីបារាំងបន្តការគាំទ្រដល់ផ្នែកពាក់ព័ន្ធទាំងអស់។ កិច្ចជំនួបពិភាក្សាបានបញ្ចប់ ដោយលទ្ធផល គួរជាទីមោទនៈក្នុងស្មារតីសាមគ្គីភាពជាប្រពៃណី មិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងបារាំង និងកម្ពុជា៕