រាជរដ្ឋាភិបាល បានសម្រេចយល់ព្រមឲ្យកម្មករនិយោគជិត ឈប់សម្រាក១ថ្ងៃមុនថ្ងៃបោះឆ្នោត និង១ថ្ងៃក្រោយថ្ងៃបោះឆ្នោត ដើម្បីទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ, ដោយសរុបកម្មករនិយោគជិត បានឈប់សម្រាកសរុបចំនួន៣ថ្ងៃ។
លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើជូនរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានខ្លឹមយ៉ាងដូច្នេះថា «ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តម [រដ្ឋមន្ត្រីក្រសួងការងារ] ជ្រាបថា រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ ឱ្យបងប្អូនកម្មករនិយោជិតឈប់សម្រាក ដើម្បីទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ១ថ្ងៃមុនថ្ងៃបោះឆ្នោត និង១ថ្ងៃក្រោយថ្ងៃបោះឆ្នោត ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ»។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ដោយមានការប្រកួតប្រជែង ពីគណបក្សនយោបាយចំនួន១៧៕