ប្រធានគណបក្សខេត្តកំពង់ចាម បានដាក់ចេញយុទ្ធសាស្ត្រនានាជូនដល់សមាជិក សមាជិកា និងសកម្មជនក្នុងការចុះធ្វើសកម្មភាព ស្វែងរកការគាំទ្រពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត


នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា និងសកម្មជន នៃគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាមជាង៥០០នាក់ នៅវត្តបុទមរតនៈដីដុះ ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្ត បានដាក់ចេញយុទ្ធសាស្ត្រនានា ជូនដល់សមាជិក សមាជិកា និងសកម្មជន ក្នុងការចុះធ្វើសកម្មភាព ស្វែងរកការគាំទ្រពីប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។

ក្នុងជំនួបសំណេះសំណាលនោះ ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំឱ្យសកម្មជន និងយុវជនបក្សចុះទៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីសួរសុខទុក្ខ ក៏ដូចជាការឲ្យពួកគាត់ត្រៀមឯកសារពាក់ព័ន្ធនានា ដើម្បីចូលរួមបោះឆ្នោត នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

ឯកឧត្តមប្រធានគណបក្សខេត្ត បានយកឱកាសនោះ ថ្លែងអំណរគុណដល់សមាជិកសមាជិកាគ្រប់រូប ដែលបានជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា និងបានគាំទ្រ ក៏ដូចជាបានអញ្ជើញទៅចូលរួមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជារហូតមក។

ទន្ទឹមនឹងនោះដែរឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងអំពីសមិទ្ធផលធំៗដែលរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានរហូតមកដល់ពេលនេះ ដែលបានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរ លើគ្រប់វិស័យគួរជាទីមោទនៈ ដូច្នេះយើងគ្រប់គ្នាត្រូវរួមគ្នាថែរក្សាឲ្យបានគង់វង្សនូវសុខសន្តិភាព ដែលរកបានដោយលំបាក ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានស្នើឲ្យបេក្ខជនក្រុមប្រឹក្សាក្នុងឃុំសង្កាត់ ទាំងអស់ខិតខំបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែសកម្ម និងល្អប្រសើរថែមទៀត សម្រាប់ភាពសុខសាន្ត និងភាពរីកចម្រើនក្នុងមូលដ្ឋានរបស់ខ្លួន និងបានស្នើឲ្យ មានការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើន និងសម្បូររុងរឿងបន្ថែមទៀត៕