សមាជិកគណបក្សប្រជាជនជិត៥០០នាក់ នៅសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន បន្តដង្ហែក្បួនស្វែងរកសម្លេងឆ្នោតតាមមូលដ្ឋាន


ឯកឧត្តម យ៉ូវ សេងគុណ សមាជិកគណៈអចិន្ត្រៃយ៍កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់កំពង់រទេះ បានថ្លែងអំណរគុណសមាជិកសមាជិកាជិត៥០០នាក់ ដែលបានលះបង់ថវិកា សម្ភារ កម្លាំងកាយមកដង្ហែក្បួនឃោសនារកសម្លេងឆ្នោតនៅសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែនថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តម យ៉ូវ សេងគុណ បានកោតសរសើរក្រុមការងារដែលបានលះបង់កម្លាំងកាយ ចិត្ត សម្ភារ ថវិកា ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងខិតខំប្រឹងប្រែងបម្រើជូនគាត់តាមលទ្ធភាពដែលអាចធ្វើបានឱ្យបានលឿន និងត្រូវរាយការណ៍បន្តទៅថ្នាក់លើជួយដោះស្រាយ។

ឯកឧត្តមបានថ្លែងថា «ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា, ប្រទេសជាតិត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយបាននាំមកនូវសុខសន្តិភាព ពេញលេញ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ»

ឯកឧត្តមបន្តទៀតថា តាមបណ្ដាមូលដ្ឋានឃុំសង្កាត់សុទ្ធតែមានការប្រែប្រួលមុខមាត់ថ្មីពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយអាណត្តិទៅមួយអាណត្តិ ដែលមិនមានគណបក្សណាអាចធ្វើបាននោះឡើយ ក្រៅពីគណបក្សប្រជាជនដែលជាគណបក្ស ចាស់ទុំ និងមានបទពិសោធន៍ច្បាស់លាស់ក្នុងការដឹកនាំប្រទេស។

ឯកឧត្តមបន្តថា «អាជ្ញាធរភូមិឃុំ ត្រូវយកចិត្តទុកដាក់តាមដានត្រួតពិនិត្យមើលប្រជាពលរដ្ឋ ដែលមិនទាន់មានមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ឬមានដែរ តែហួសសុពលភាព ឬបាត់ ឬខូច ត្រូវចាត់ចែងជួយ ពួកគាត់ឲ្យទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណ (ឯ.អ) ឲ្យបានទាន់ពេលវេលាក្នុងការបម្រើឲ្យការបោះឆ្នោតនៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត»

ឯកឧត្តមបានដាស់តឿនដល់ក្រុមប្រឹក្សាឃុំ ត្រូវរួមគ្នាចុះសួរសុខទុក្ខប្រជាពលរដ្ឋ នឹងចុះជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋឱ្យបានជាប់លាប់ជាប្រចាំ ដោយធ្វើយ៉ាងណាកុំឱ្យមានប្រជាពលរដ្ឋណាម្នាក់ជួបបញ្ហា ដោយមិនមានការដោះស្រាយ និងទៅពិនិត្យមើលការចែកប័ណ្ណព័ត៌មានសម្រាប់ជាដំណឹងនៃទីតាំងបោះឆ្នោត។

ចុងក្រោយឯកឧត្តម យ៉ូវ សេងគុណ ជំរុញប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅសង្កាត់កំពង់រទេះ មានលេខរៀងទី៤។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២។ ការឃោសនានេះមានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២៕