ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកកំពង់ស្វាយ៖ «បោះឆ្នោតជូនគណបក្សប្រជាជន គឺបោះឆ្នោតឲ្យខ្លួនឯង ដើម្បីសន្តិភាព និងការអភិវឌ្ឍ»


លោកជំទាវ ឃួន ឃុនឌី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានប្រាប់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតថា «បោះឆ្នោតជូនគណបក្សប្រជាជន គឺបោះឆ្នោតឲ្យខ្លួនឯង ដើម្បីបន្តសន្តិភាព និងការអភិវឌ្ឍ»

ការថ្លែងបែបនេះ ក្នុងឱកាសលោកជំទាវចូលរួមឃោសនារកសម្លេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅភូមិព្រៃទប់ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។

ក្នុងឱកាសនេះលោកជំទាវ បានថ្លែងអំណរគុណសមាជិកសមាជិកា នៃគណបក្សប្រជាជន ក៏ដូចជាប្រធានក្រុមការងារចុះជួយឃុំ និងក្រុមការងារចុះជួយភូមិ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការចូលរួមអភិវឌ្ឍភូមិឃុំ មានការរីកចម្រើន ក្រោមការដឹកនាំរបស់គណបក្សប្រជាជនដែលមានសម្តេចតេជោជាប្រមុខ។

លោកជំទាវថា «នៅក្នុងកាលៈទេសៈនេះប្រទេសជាតិមានសន្តិភាព និងគ្មានសង្រ្គាម ហើយគ្មានជោគជ័យណាមួយដែលខ្វះការចូលរួម និងការគាំទ្រនោះទេ ហេតុដូចនេះសូមបងប្អូនមានការជឿទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការអភិវឌ្ឍ ហើយសមិទ្ធផលទាំងនេះ គឺជាគឺការលះបង់ដ៏ធំធេងរបស់គណបក្សប្រជាជន ក្នុងការកសាង និងអភិវឌ្ឍន៍ឲ្យមានការរីកចំរើនជឿនលឿនទៅមុខជារៀងរហូត»

លោកជំទាវបានបញ្ជាក់ថា បោះឆ្នោតជូនគណបក្សប្រជាជន គឺបោះឆ្នោតឲ្យខ្លួនឯង បោះឆ្នោតការពារសុខសន្តិភាព និងការអភិវឌ្ឍន៍ រក្សាខ្ជាប់ឥតប្រែប្រួលតំណាងដ៏បរិសុទ្ធ នៃផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនកម្ពុជា ហើយប្តេជ្ញាជម្នះរាល់ឧបសគ្គ និងហ៊ានធ្វើពលិកម្មមិនរុញរាសំដៅកសាងប្រទេសកម្ពុជាមួយដោយឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិតេយ្យ និងវឌ្ឍនភាព។

ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋខ្មែរត្រូវបានជួយសង្គ្រោះក្នុងសង្គ្រាមជាមួយជំងឺកូវីដ១៩ ហើយក្រុមគ្រូពេទ្យបានបន្តធ្វើការជាប់ជាប្រចាំ ដើម្បីត្រៀមការពារសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងដំណាក់កាលទាំងអស់នៃការប្រយុទ្ធនឹងជំងឺនេះ។ នេះជាការបញ្ជាក់បន្ថែមរបស់លោកស្រី។

ជាចុងក្រោយលោកជំទាវ ឃួន ឃុនឌី បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ទៅចូលរួមការបោះឆ្នោតព្រោះថា វាជាពេលវេលាមួយដែលប្រជាពលរដ្ឋគ្រប់រូបបានសំដែងឆន្ទៈរបស់ខ្លួន ដើម្បីបោះឆ្នោតជ្រើសរើសបេក្ខជនដែលខ្លួនពេញចិត្ត ឲ្យធ្វើជាអ្នកតំណាងរបស់ខ្លួនដោយគិតទៅលើសមត្ថភាពការងារ ទស្សនវិជា្ជក្នុងការដោះស្រាយបញ្ហា និងការបេជ្ញាចិត្តបម្រើសុខសុមាភាពរបស់ប្រជាជន ការខិតខំកសាងប្រទេសជាតិ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទាំងអស់គ្នា នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ចំណែកគណបក្សប្រជាជនកម្ពុជានៅឃុំជ័យ គឺឈរលេខរៀងទី០១៕