ក្រុមការងារបក្សប្រជាជនកម្ពុជាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឃោសនាប្រាប់ពលរដ្ឋថា បក្សប្រជាជនមិនមែនជាអ្នកសន្យា តែជាអ្នកកសាងសមិទ្ធផលឃើញនឹងភ្នែកពិតៗ


លោកជំទាវ ឃួន ឃុនឌី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងពេលចុះឃោសនាបោះឆ្នោតនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២នេះ បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា គណបក្សប្រជាជនមិនមែនជាអ្នកសន្យា តែជាអ្នកកសាងសមិទ្ធផលឱ្យឃើញនឹងភ្នែកពិតៗ។

លោកជំទាវ ឃួន ឃុនឌី បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ជាពិសេសក្នុងបរិបទកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានគិតគូរនូវសុខមាលភាពប្រជាពលរដ្ឋបាន ស្វែងរកទិញវ៉ាក់សាំងចាក់ស្រោចជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដោយឥតគិតថ្លៃដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយនោះឡើយ ទើបធ្វើឲ្យកម្ពុជាទទួលការកោតសរសើរពីមជ្ឈដ្ឋានជាតិ-អន្តរជាតិ។

លោកជំទាវបានថ្លែងថា «គណបក្សប្រជាជនកម្ពុជាបានកសាងប្រទេសកម្ពុជាតាំងពីបាតដៃទទេ និងបានស្វែងរកសន្តិភាព ចាប់ផ្តើមកសាងប្រទេសរហូតដល់រីកចម្រើនមកដល់បច្ចុប្បន្ននេះ គណបក្សប្រជាជនមិនមែនជាអ្នកសន្យា តែអ្នកធ្វើសមិទ្ធផលគឺឃើញនឹងភ្នែកពិតៗនៅគ្រប់មូលដ្ឋានទូទាំងប្រទេស»

លោកជំទាវបានអំពាវនាវសូមឱ្យប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបានបន្តបំពេញភារកិច្ចបម្រើដល់ប្រជាពលរដ្ឋក្នុងឃុំធានាបាននូវសិទ្ធិសេរីភាព ប្រជាធិបតេយ្យ សន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់ សុវត្ថិភាព គណនេយ្យភាព និងការទទួលខុសត្រូវចំពោះការអភិវឌ្ឍក្នុងមូលដ្ឋាន ព្រោះគណបក្សមានធនធានមនុស្សដែលមានសមត្ថភាពខ្ពស់គ្រប់គ្រាន់ដែលអាចបម្រើការងារ និងការផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងរយៈពេលប្រាំឆ្នាំបាន និងឆន្ទះដ៏មោះមុត ហ៊ានធ្វើពលីកម្មអ្វីៗទាំងអស់ដើម្បីការរស់រានរបស់ប្រជាពលរដ្ឋ។

លោកជំទាវរីបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តទី៥ នៅថៃ្ងទី៥ ខែមិថុនា ឆ្នាំ២០២២ ឱ្យបានគ្រប់ៗគ្នា គឺបោះឆ្នោតគាំទ្រជូនដល់បេក្ខជនមកពីគណបក្សប្រជាជនកម្ពុជា ពិសេសនូវឃុំផាត់សណ្តាយឈរលំដាប់លេខរៀងទី២៕