ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយ សមាជិកគណបក្សប្រជាជនកម្ពុជា ជាសាស្ត្រាចារ្យ គ្រូបច្ចេកទេស បុគ្គលិក និស្សិត និងសិស្សផ្នែកអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ


ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ បានជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ជាសាស្ត្រាចារ្យ គ្រូបច្ចេកទេស បុគ្គលិក និស្សិត និងសិស្សផ្នែកអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ប្រមាណ ជាង ៣២០០នាក់ ដែល រៀបចំ ឡើង ដោយ ក្រុម សកម្មជន យុវជន ក្រុម ១៨។

បើតាមរបាយការណ៍ដែល ឯកឧត្តម ហេង សួរ ស្តីពីសកម្មភាពការងាររបស់ក្រុមសកម្មជនយុវជន ក្រុម១៨ ជាពិសេសក្នុងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលរហូតមកដល់ពេលនេះ ក្រុមសកម្មជនយុវជន ក្រុម១៨ មានសាខានៅតាមគ្រឹះស្ថានអប់រំបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈចំនួន ២៤ ក្នុងរាជធានី ខេត្តចំនួន ១៣ ដែលមានសមាជិកសរុបចំនួន ៦ ៨១៨នាក់ ដែលជាថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូបច្ចេកទេស បុគ្គលិក និស្សិត និងសិស្ស របស់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ កន្លងទៅក៏បានចូលរួមយ៉ាងសកម្មក្នុងការងារបក្ស និងការងារសង្គម ទាំងការចូលរួមចំណែកក្នុងការងារបេសកកម្ម ៣៣ម៉ោង របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងការប្រែក្លាយសណ្ឋាគារ The Great Duke ទៅជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល ការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ និងកម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជនក្រោមអនុគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង និងក្រោមឆ័ត្រកងយុទ្ធពលខេមភូមិន្ទ និងកិច្ចការងារជាច្រើនទៀតរាប់មិនអស់។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការជួបជុំគ្នាក្នុងថ្ងៃនេះ អាចធ្វើឡើងប្រកបដោយភាពជិតស្និទ្ធសប្បាយរីករាយ ព្រមជាមួយនឹងទំនុកចិត្តខ្ពស់លើសុវត្ថិភាពផ្នែកសុខភាព ដោយសារកម្ពុជាទទួលបានជោគជ័យលើការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលនាំឱ្យមានការបើកប្រទេសទ្បើងវិញលើគ្រប់វិស័យ និងការរៀនរស់នៅជាមួយជំងឺកូវីដ-១៩ ដោយប្រុងប្រយ័ត្នតាមគន្លងប្រក្រតីភាពថ្មី។ លោកបន្តថា ស្ថានការណ៍ធូរស្រាលដូចពេលនេះ បានរំលឹកឱ្យនឹកឃើញដល់ស្ថានការណ៍កាលពីឆ្នាំ២០២១ កន្លងទៅ ខណៈដែលកម្ពុជាកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺដ៏កាចសាហាវមួយនេះ ហើយគ្រប់គ្នាក៏មានការមមាញឹកក្នុងការទប់ស្កាត់ការរីករាលដាល និងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្ថែមថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំបន្តយកចិត្តទុកដាក់ធានានូវបរិយាកាសការងារ និងមុខរបរឱ្យកាន់តែទូលំទូលាយ តាមរយៈការបង្កើនឱកាសការងារសមរម្យ និងផលិតភាពការងារខ្ពស់, ការពង្រីកយន្តការ វិសាលភាព និងប្រសិទ្ធភាពក្នុងការផ្តល់សេវាមុខរបរ និងការងារ ឱ្យឆ្លើយតបកាន់តែប្រសើរតាមតម្រូវការអ្នកប្រើប្រាស់, ការពង្រឹងយន្តការវេទិកាការងារ និងការបង្កើនការប្រមូលផ្សព្វផ្សាយ និងបញ្ជ្រាបព័ត៌មានទីផ្សារការងារ, ការពង្រឹងយន្តការគ្រប់គ្រងការប្រើប្រាស់កម្លាំងពលកម្មក្នុងប្រទេស និងការពារពលករទេសន្តរប្រវេសន៍ខ្មែរនៅបរទេស, ការបង្កើនផលិតភាពកម្លាំងពលកម្ម ដែលកំពុងស្ថិតក្នុងទីផ្សារការងារ, ការផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងការពង្រីកការផ្តល់សេវារកការងារឱ្យធ្វើ ជាដើម។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងទៀតថា «ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ គឺពិតជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងឈានទៅសម្រេចឱ្យបាននូវបរិយាកាសការងារ និងមុខរបរកាន់តែទូលំទូលាយ។ ជាក់ស្តែង សមត្ថភាពសិស្ស-និសិ្សតយើង នៅក្នុងវិស័យនេះ កាន់តែមានការទទួលស្គាល់ទាំងកម្រិតជាតិ និងអន្តរជាតិ ហើយព្រមទាំងមានតម្រូវការទីផ្សារការងារខ្ពស់ផងដែរ»

ឯកឧត្តមថ្លែងបន្ថែមថា «ទន្ទឹមនឹងនេះ ក្នុងឆ្នាំ២០២២នេះ កម្ពុជាយើងបាន និងបន្តរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៥ (TVET DAY) ក្រោមប្រធានបទ «TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់» ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនឱ្យបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឱ្យឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារការងារនៅក្នុងស្រុក និងក្រៅប្រទេស។

បើតាមឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាទស្សនៈរួមនៅក្នុងសង្គមគ្រួសារនីមួយៗ ក៏ដូចជាក្នុងសង្គមជាតិទាំងមូល គឺមាតាបិតា អាណាព្យាបាល និងថ្នាក់ដឹកនាំនយោបាយ តែងបានកំណត់យកការផ្តល់ឱកាសឱ្យទទួលបានការអប់រំរៀនសូត្រឧត្តុង្គឧត្តមខ្ពង់ខ្ពស់ ជាកត្តាគន្លឹះនៃភាពជោគជ័យរបស់កុលបុត្រ កុលធីតា។ ក្នុងន័យនេះ ក្រៅពីការចូលរួមចំណែកជាមួយមាតា បិតា និងអាណាព្យាបាល នៅក្នុងកិច្ចខិតខំប្រឹងប្រែងឧបត្ថម្ភគាំទ្រ និងទំនុកបម្រុងសព្វគ្រប់បែបយ៉ាង ដើម្បីបង្កលក្ខណៈដល់ការសិក្សារៀនសូត្រយុវជន យុវនារី និងកុមារ ជាទំពាំងស្នងឫស្សីទាំងនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដោយមាន សម្តេចតេជោ ជាអ្នកដឹកនាំផ្ទាល់ បានខិតខំគិតគូរបន្ថែមទៀត សំដៅធ្វើយ៉ាងណា រក្សាឱ្យបាននូវនិរន្តរភាពយូរអង្វែងនៃឱកាសទាំងនេះ សម្រាប់ទាំងពេលបច្ចុប្បន្ន និងអ្នកជំនាន់ក្រោយតរៀងទៅ តាមរយៈការរក្សាការពារឱ្យបានដាច់ខាតនូវកត្តាកំណត់ ៣ធំៗ គឺ៖ ១. ការពារសុខសនិ្តភាព ២. រក្សាឱ្យបាននូវស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និង ៣. ពង្រឹងបន្ថែមនូវការអភិវឌ្ឍទៅមុខឥតឈប់ឈរ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា កត្តាទំាងនេះ អាចមានលំនឹងទៅបាន គឺអាស្រ័យលើចក្ខុវិស័យ និង សមត្ថភាពដឹកនាំដ៏ប៉ិនប្រសប់ ព្រមជាមួយនឹងសកម្មភាពអនុវត្តជាក់ស្តែងរបស់ថ្នាក់ដឹកនាំរបស់ជាតិ ដោយមានការចូលរួមរបស់ប្រតិបត្តិករ ដែលមានឆន្ទៈ ការប្តេជ្ញាចិត្ត និងសមត្ថភាពពិតប្រាកដ ក្នុងបុព្វហេតុរួម គឺការកសាង ការពារ និងអភិវឌ្ឍប្រទេស ដោយនាំមកនូវអនាគតដ៏ត្រចះត្រចង់ជូនប្រជាពលរដ្ឋ។ ដូច្នេះ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បី ដឹកនាំប្រទេស គឺជាការបោះឆ្នោតសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ តាមរយៈការធានាបាននូវលំនឹង និងឱកាសសម្រាប់អនាគតប្រកបដោយសុទិដ្ឋិនិយម។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាសាស្ត្រាចារ្យ គ្រូបច្ចេកទេស បុគ្គលិក និស្សិត និងសិស្ស ផ្នែកអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) ទូទាំងប្រទេស ប្រមាណ៣ ២០០នាក់ ដែលរៀបចំឡើងដោយក្រុមសកម្មជនយុវជន ក្រុម១៨ នៅវិមាន៧មករា។

បើតាមរបាយការណ៍ដែល ឯកឧត្តម ហេង សួរ ស្តីពីសកម្មភាពការងាររបស់ក្រុមសកម្មជនយុវជន ក្រុម១៨ ជាពិសេសក្នុងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលរហូតមកដល់ពេលនេះ ក្រុមសកម្មជនយុវជន ក្រុម១៨ មានសាខានៅតាមគ្រឹះស្ថានអប់រំបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈចំនួន ២៤ ក្នុងរាជធានី ខេត្តចំនួន ១៣ ដែលមានសមាជិកសរុបចំនួន ៦ ៨១៨នាក់ ដែលជាថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូបច្ចេកទេស បុគ្គលិក និស្សិត និងសិស្ស របស់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ កន្លងទៅក៏បានចូលរួមយ៉ាងសកម្មក្នុងការងារបក្ស និងការងារសង្គម ទាំងការចូលរួមចំណែកក្នុងការងារបេសកកម្ម ៣៣ម៉ោង របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងការប្រែក្លាយសណ្ឋាគារ The Great Duke ទៅជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល ការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ និងកម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជនក្រោមអនុគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង និងក្រោមឆ័ត្រកងយុទ្ធពលខេមភូមិន្ទ និងកិច្ចការងារជាច្រើនទៀតរាប់មិនអស់៕