ឯកឧត្តម ស៊ុន ចាន់ថុល ប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ៤០០នាក់ ក្នុងភូមិទាំង៦ នៅឃុំកោះធំក ស្រុកកោះធំ ខេត្តកណ្តាល ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
ពិធីនេះក៏មានការចូលរួមពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក លោក លោកស្រី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុក ឃុំ ភូមិ គណៈអចិន្ត្រៃយ៍គណបក្សស្រុក គណៈអចិន្ត្រៃយ៍គណបក្សឃុំកោះធំក សមាជិកគណបក្សប្រជាជនកម្ពុជាទូទាំងឃុំកោះធំក។
ថ្លែងនាឱកាសនោះ ឯកឧត្តមបានគូសបញ្ជាក់ពីសារសំខាន់នៃតួនាទីនិងភារកិច្ច របស់សមាជិកសមាជិកាបេក្ខភាពដែលបានឈរឈ្មោះបោះឆ្នោតដើម្បីបម្រើប្រជា ពលរដ្ឋនៅឃុំកោះធំ “ក” ឱ្យអស់ពីកម្លាំងកាយកម្លាំងចិត្ត និងបានស្នើឱ្យបងប្អូនប្រជាពលរដ្ឋពិចារណាឱ្យបានច្បាស់លាស់នៅពេលគូសសន្លឹកឆ្នោត ដោយចោទសួរខ្លួនឯងថាតើគួរបោះឆ្នោតឱ្យគណបក្សណា? តើគណបក្សណាដែលនាំមកនូវសុខសន្តិភាពជូនប្រទេសជាតិមាតុភូមិរបស់យើង តើគណបក្សណាដែលកសាងមន្ទីរពេទ្យតេជោសែនកោះធំឱ្យយើង និងអាចឆ្លើយថា៖ អ្នកកសាង មន្ទីពេទ្យតេជោសែនកោះធំ គឺគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្រុមការងារគណបក្សប្រជាជននៅឃុំកោះធំ”ក” ស្រុកកោះធំ ខេត្តកណ្ដាល គឺជាអ្នកបម្រើរាស្ត្រ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឱ្យខំបម្រើរាស្ត្រ ផ្ដល់សេវាសាធារណៈ សេវាចាំបាច់ ធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យមានតម្លាភាព។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានរំឭកផងដែរអំពីកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយជាកត្តាដ៏សំខាន់ មិនអាចខ្វះបាន ក្នុងការទាក់ទាញវិនិយោគិនពីបរទេស បង្កើតការងារជូនប្រជាពលរដ្ឋ ទាក់ទាញអ្នកទេចរណ៍ ស្វែងរកទីផ្សារលក់កសិផល រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក្រោមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាប្រតិបត្តិករដ៏ឆ្នើម នាំមកនូវការបង្រួបបង្រួមជាតិ បង្រួបបង្រួមទឹកដី សន្តិភាព សេរីភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជូនប្រជាពលរដ្ឋនៅគ្រប់ទិសទី។
ជាមួយគ្នានោះផងដែរឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវឱ្យសមាជិក សមាជិកាគណបក្សទាំងអស់ជួយផ្សព្វផ្សាយ អំពីការពិតនៃសមិទ្ធផលដែលសម្រេចបានទៅកាន់មិត្តភក្កិ បងប្អូន សាច់ញាតិ ក៏ដូចជាសាធារណជនឱ្យបានយល់ជ្រួតជ្រាបអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងជួយផ្សព្វផ្សាយអំពីការកើនឡើងនៃជីវិតសង្ឃឹមរស់គិតជាមធ្យម (Life Expectancy) ចំនួន១៤ឆ្នាំបន្ថែម ទៀតរបស់ប្រជាជនកម្ពុជាប្រៀបធៀបទៅនឹងរយៈពេល ២០ឆ្នាំកន្លងទៅ ដោយសារកម្ពុជាមានការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសមធ្យោបាយ និងផ្លូវធ្វើដំណើរឆ្ពោះទៅកាន់មន្ទីរពេទ្យ ដើម្បីស្វែងរកសេវាថែទាំនិងព្យាបាលសុខភាព រួមជាមួយនឹងបរិស្ថានរស់នៅស្អាត អាហារបរិភោគគ្រប់គ្រាន់ និងទឹកទទួលទានស្អាតជាដើម។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើផងដែរសុំឱ្យបងប្អូនប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ឱ្យបានគ្រប់ៗគ្នា ចាប់ផ្ដើមពីម៉ោង៧៖០០នាទីព្រឹក រហូតដល់ម៉ោង១៥៖០០នាទីរសៀល និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាឃុំកោះធំ”ក” ស្ថិតក្នុងលំដាប់លេខរៀងទី១ មានរូបទេវតាបាចផ្កាជាសម្គាល់ ក្នុងចំណោមគណបក្សចូលរួមការបោះឆ្នោតចំនួន២ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការបោះឆ្នោត ព្រមទាំងពិនិត្យមើលឈ្មោះ និងទិន្នន័យឱ្យបានច្បាស់លាស់ផងដែរ។
គួរកត់សម្គាល់ផងដែរថា៖ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតភ្ជាប់សម្រេចបានក្នុងឃុំកោះធំ”ក” រួមមាន៖ ធ្វើផ្លូវបេតុង ៦កន្លែង ក្នុងនោះភូមិក្បាលកោះថ្មី ១កន្លែង ប្រវែង ៧០០ម៉ែត្រ ភូមិចុងកោះថ្មី ១កន្លែង ប្រវែង ៩៨៣ ម៉ែត្រ ភូមិពោធិ៍ទន្លេ ១កន្លែង ប្រវែង ១.១០០ម៉ែត្រ ភូមិចុងកោះធំ ១កន្លែង ប្រវែង ២.០៦៦ម៉ែត្រ ភូមិក្បាលកោះធំ ២កន្លែង ប្រវែង ១.១២០ម៉ែត្រ និងសាងសង់ទីស្នាក់ការគណបក្សឃុំ ១កន្លែង៕