ផ្លូវបេតុងមួយខ្សែភ្ជាប់ពីមហាវិថីឈ្នះឈ្នះ ដល់ផ្លូវលេខ៤២ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ


(ភ្នំពេញ)៖ កំណាត់ផ្លូវបេតុងអាម៉េមួយខ្សែ ដែលមានប្រវែងជាង៦គីឡូម៉ែត្រ ដោយចាប់ពីមហាវិថីឈ្នះឈ្នះ រហូតដល់ផ្លូវលេខ៤២ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរដឹកទំនិញ និងកសិផលផ្សេងៗ។ ពិធីសម្ពោធនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា កំណាត់ផ្លូវមួយខ្សែនេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយមានបំពាក់បង្គោលភ្លើងបំភ្លឺសាធារណៈតាមអមសងខាងផ្លូវថែមទៀតផង។ កំណាត់ផ្លូវនេះ ពីដើមជាផ្លូវតូចចង្អៀត ពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់ ដោយមើលឃើញពីការលំបាកនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យមានការស្ថាបនាឡើងជាបន្តបន្ទាប់ ហើយចុងក្រោយនេះ បើទោះបីប្រទេសកម្ពុជាស្ថិតក្នុងបរិបទជំងឺកូវីដ១៩ក៏ដោយ កំណាត់ផ្លូវនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន សម្រេចឲ្យស្ថាបនាថ្មីឡើងវិញ ជាមួយនឹងការពង្រឹកឲ្យកាន់តែធំទូលាយជាងមុនទៀតផង។

បន្ថែមពីនេះ ឯកឧត្តម ឃួង ស្រេង បានណែនាំឲ្យកម្លាំងមានសមត្ថកិច្ច ពិសេសអាជ្ញាធរដែនដី ត្រូវមើលថែផ្លូវនេះឲ្យបានល្អ ពិសេសពិនិត្យមើលលើការដឹកទំនិញលើសទម្ងន់ ដូចជាឡានដឹកដី ដឹកខ្សាច់ និងដឹកថ្មជាដើម។ ឯកឧត្តមបន្ថែមថា ប្រទេសកំពុងអភិវឌ្ឍន៍លោកមិនហាមឃាត់ការដឹកជញ្ជូនទេ តែត្រូវដឹកឲ្យបានសមស្រប កុំដឹកលើសទម្ងន់ដែលច្បាប់បានកំណាត់ដែលធ្វើឲ្យខូចផ្លូវ ប្រើប្រាស់មិនបានយូរអង្វែង។

ឯកឧត្តម  ឃួង ស្រេង បានបញ្ជាក់ទៀតថា ក្រោយផ្តល់ផ្លូវ១ខ្សែនេះ សម្តេចតេជោហ៊ុន សែន ក៏បានសម្រេចផ្តល់កំណាត់ផ្លូវ១ខ្សែទៀត ចាប់ពីផ្លូវ១០៨០នេះ ទៅផ្លូវលេខ៤២ទៀត ដែលមានប្រវែង១,៥០០ម៉ែត្រ ទទឹង១២ម៉ែត្រ ហើយបានប្រកាសបើកការដ្ឋាននាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ជាមួយនឹងការបើកសម្ពោធផ្លូវលេខ១០៨០នេះតែម្តង។

ជាមួយគ្នានេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា កំណាត់ផ្លូវលេខ១០៨០នេះ លាតសន្ធឹងចាប់ពីមហាវិថីឈ្នះឈ្នះ រហូតដល់ផ្លូវលេខ៤២ ដោយឆ្លងកាត់សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ, សង្កាត់ស្នោ ខណ្ឌកំបូល និងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ មានប្រវែង៦,៤៩០ម៉ែត្រ ទទឹង១២ម៉ែត្រ ចាក់មេតុងកំរាស់ ២០សង់ទីម៉ែត្រ ដាក់លូ១ម៉ែត្រ សងខាង និងតំឡើងបង្គោលភ្លើងសងខាងផ្លូវ។

លោក សាំ ពិសិដ្ឋ បានបញ្ជាក់ផងដែរថា កំណាត់ផ្លូវនេះ ពីមុនមានទទឹងត្រឹមតែ ៦ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែពេលនេះ បានពង្រីកដល់១២ម៉ែត្រ ដែលវានឹងក្លាយជាផ្លូវមេសម្រាប់ធ្វើចរាចរតភ្ជាប់ ពីតំបន់លំដ្ឋានមកផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយាល័យ និងវិថីបម្រើឲ្យវិស័យទេចរណ៍ និងការដឹកជញ្ជូនផលិតផលមកផ្គត់ផ្គង់រាជធានីភ្នំពេញ។ ម្យ៉ាងវិញទៀត ផ្លូវលេខ១០៨០នេះ អាចធ្វើដំណើរទៅកាន់មហាវិថីឈ្នះឈ្នះ ផ្លូវលេខ៤២ អាចតទៅផ្លូវ Express Way ភ្នំពេញ-ក្រុងព្រះសីហនុ ឬតភ្ជាប់ពីផ្លូវលេខ១៥១ ឆ្ពោះទៅភ្នំបាសិដ្ឋ ជាតំបន់ទេសចរណ៍ និងជាផ្លូវតភ្ជាប់ទៅផ្លូវលេខ៥១ រួចបែងចែកចរាចរណ៍ ទៅផ្លូវជាតិលេខ៤ ត្រង់ថ្នល់ទទឹង និងផ្សារត្រង់ឧដុង្គ ផ្លូវជាតិលេខ៥។

លោកអះអាងថា កំណាត់ផ្លូវលេខ១០៨០ បានប្រើប្រាស់ពេលសាងសង់ចំនួន៥ខែ ដោយចាប់ផ្តើមការដ្ឋានសាងសង់ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ និងបញ្ចប់នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៕