រដ្ឋបាលខេត្តបាត់ដំបង ក្រុងពលីសាងសង់វេទិកាថ្មីសម្រាប់ពិធីបុណ្យអុំទូក


(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីក្រុងពលីសាងសង់វេទិកាថ្មី ដែលមាំធំទូលាយជាងមុនក្នុងរចនាបទខ្មែរ សម្រាប់ធ្វើពិធីបុណ្យអុំទូកប្រចាំខេត្តបាត់ដំបងជារៀងរាល់ឆ្នាំ។ ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ នៅទីតាំងមាត់ស្ទឹងសង្កែជិតទីតាំងចាស់ ស្ថិតនៅក្នុងសង្កាត់ស្វាប៉ោ ក្រុងបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រទាំងថ្នាក់ដឹកនាំ កងកម្លាំង គ្រប់លំដាប់ថ្នាក់ក្នុងខេត្តចូលរួមផងដែរ។

បន្ទាប់ពីបានធ្វើពិធីសាសនាក្រុងពលី បញ្ចុះបឋមសាលារួចមក ឯកឧត្តម សុខ លូ បានឲ្យដឹងថា ដោយមានការអនុញ្ញាតពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាខេត្តបាត់ដំបង និងយោងតាមស្ថានភាពជាក់ស្តែងស្ទឹងសង្កែឡើងជាងមុនពេលទំនប់ស្ទាក់ទឹកសាលាតាអនក្នុងស្រុកឯកភ្នំធ្វើរួច ត្រូវបានបង្ខាំងស្តុកទឹកទុកផង រដ្ឋបាលខេត្តបានរៀបចំពិធីក្រុងពលីសាងសង់ សម្រាប់ការប្រណាំងទូកនៅពេលក្រោយ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ដោយសារទីតាំងវេទិកាអុំទូកចាស់ តូចចង្អៀតផង ផ្ទុកគណ:អធិបតី និងភ្ញៀវកិត្តិយសបានតិច ដូច្នេះទើបរដ្ឋបាលខេត្តបានឯកភាពពីថ្នាក់ដឹកនាំ ក៏សម្រេចសាងសង់វេទិកាថ្មីនេះឡើង ដែលមានទំហំធំ ស្អាតជាងមុន និងមានរៀបចំសោភ័ណភាពទីក្រុងឲ្យបានស្អាតបន្ថែមទៀត ដើម្បីឲ្យសមទៅនឹងទីក្រុងស្អាតថ្នាក់ជាតិ និងថ្នាក់តំបន់ផង ហើយក៏បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលឆ្លងកាត់ មកលេងកម្សាន្តនៅខេត្តយើងមានការកើនឡើង ធ្វើឲ្យប្រជាពលរដ្ឋបានបម្រើសេវ៉ាទេសចរណ៍ប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ មានមុខរបរប្រចាំថ្ងៃផង៕