គ.ជ.ប នឹងត្រួតពិនិត្យ ផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី១៣-១៤ ខែមិថុនា


គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២២។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមិថុនានេះ។

គ.ជ.ប បានឱ្យដឹងថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ គ.ជ.ប ទទួលស្បោង “ឃ” និងកញ្ចប់ “ឃ ពិសេស” ព្រមទាំងសម្ភារ ឯកសារពាក់ព័ន្ធពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង ២៥។

បន្ទាប់ពីបានទទួលសម្ភារ និងឯកសារខាងលើ គ.ជ.ប នឹងធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញនូវលទ្ធផលនៃការបោះឆ្នោតតាមឃុំ សង្កាត់ទាំងអស់ នាថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ៩:០០នាទីព្រឹកតទៅ នៅទីស្ដីការ គ.ជ.ប។

សូមជម្រាបថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តទី៥ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ មានប្រជាពលរដ្ឋប្រមាណជាង ៨០.១៩ភាគរយ បានទៅបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋជាង៩.២លាននាក់ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត។

គណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅមូលដ្ឋាននេះ ខណៈដែលគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ទទួលបានសំឡេងនាំមុខគេ នៅគ្រប់បណ្តារាជធានីខេត្ត ទូទាំងប្រទេស៕