លោកជំទាវ ជូ ប៊ុនអេង ដឹកនាំប្រតិភូបើកកិច្ចប្រជុំពិភាក្សាការងារ


(ព្រំដែន កម្ពុជា-ថៃ)៖ នាថ្ងៃទី១៥-១៦-១៧ ខែកក្កដា ឆ្នាំ២០១៧ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍(គជបជ) បានដឹកនាំប្រតិភូអមដំណើរមានលោកជំទាវ សាន្ត អារុណ រដ្ឋលេខាធិការក្រសួងកិច្ចការនារី មានឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរងរបស់(គជបជ) ចុះជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម ចាន់ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកជំទាវអភិបាលរង ខេត្តនីមួយៗដែលទទួលបន្ទុកប្រធានលេខាធិការដ្ឋានប្រឆាំងការជួញដូរមនុស្ស មន្ទីរជំនាញមាន(មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន មន្ទីរកិច្ចការនារី) ការិយាល័យអន្តោប្រវេសន៍ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន អភិបាលស្រុកជាប់ព្រំដែន ប្រធានច្រកវរៈព្រំដែនឈរជើងតាមច្រក ពលករ និងប្រជាពលរដ្ឋដែលចេញចូល សមត្ថកិច្ចច្រកអន្តោប្រវេសន៍ ដែលឈរជើងនៅខាងព្រំដែនថៃ ដើម្បីសិក្សាចុះពិនិត្យស្ថានភាពតាមច្រកព្រំដែនដើម្បីជម្រុញការអនុវត្តប្រសាសន៍របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាពលករ និងការពង្រឹងការគ្រប់គ្រងលំហូរពលករតាមច្រកព្រំដែន កម្ពុជា-ថៃ។
នៅក្នុងបេសកកម្មនោះផងដែរលោកជំទាវ និងគណៈប្រតិភូ អមដំណើរដោយថ្នាក់ដឹកនាំខេត្ត អភិបាល និងអភិបាលរង ក៏បានជួបប្រាស្រ័យ និងពិនិត្យស្ថានភាពជាក់ស្តែងនៅច្រកព្រំ ខេត្តប៉ៃលិន, ច្រករបៀង ចន្ទគិរីត្រង់បង្គោលព្រំដែនលេខ៦៣, ច្រកដូង ខេត្តបាត់ដំបង, ច្រកម៉ាឡៃ និងច្រកប៉ោយប៉ែត បន្ទាយមានជ័យ និងបានសួរសុខទុក្ខដោយផ្ទាល់ផងដែរជាមួយពលករចំណាកស្រុកទាំងនោះ ដោយលោកជំទាវបានផ្តល់នូវអនុសាសន៍ល្អៗសម្រាប់បងប្អូនយើងពិចារណាជាគតិអនុវត្តន៍ប្រកបដោយសុច្ចរឹតភាពនិងសេចក្តីសុខសាន្ត៕