ឯកឧត្ដមវេជ្ជ. សុះ មុះសិន បានដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជាអញ្ជើញចូលរួមសន្និសីទសភា និងក្រុមនៅលើសកលលោក ស្ដីពីទេសន្ដប្រវេសន៍ និងជនភៀសខ្លួន នៅទីក្រុងអីស្ដង់ប៊ុល ប្រទេសតួកគី


ចាប់ពីថ្ងៃទី២០-២១ ខែមិថុនា ឆ្នាំ២០២២ គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយឯកឧត្ដមវេជ្ជ. សុះ មុះសិន សមាជិកគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូរដ្ឋសភា អមដំអមដំណើរដោយ លោកជំទាវ កុប ម៉ារីយ៉ាស សមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្ដិការអន្ដរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានអញ្ជើញចូលរួមសន្និសីទ “សភា និងក្រុមនៅលើសកលលោក ស្ដីពីទេសន្ដប្រវេសន៍ និងជនភៀសខ្លួន ” នៅទីក្រុង អីស្ដង់ប៊ុល ប្រទេសតួកគី។ ក្នុងសន្និសីនោះ ក្នុងនាមគណៈប្រតិភូរដ្ឋសភាកម្ពុជាឯកឧត្ដមវេជ្ជ. សុះ មុះសិន បានចូលរួមធ្វើបទអន្ដរាគមន៍ ចែករំលែកបទពិសោធន៍ ដែលមានខ្លឹមសារដូចខាងក្រោម៖

១-ក្នុងនាមគណៈប្រតិភូរដ្ឋសភាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហភាពអន្តរសភា និងរដ្ឋសភាជាតិនៃប្រទេស តួកគី ដែលបានផ្តល់ឱកាសសម្រាប់កម្ពុជាចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំនេះ

២-ការធ្វើចំណាកស្រុក និងជនភៀសខ្លួនឆ្លងព្រំដែន គឺជាបញ្ហាសន្តិសុខមនុស្សពហុភាគីដ៏ស្មុគស្មាញ ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងជិតស្និទ្ធ និងកិច្ចសហការបង្កើតគោលនយោបាយ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា

៣-ជាងនេះទៅទៀត យើងត្រូវបន្តជំរុញការពិគ្រោះយោបល់ពហុភាគីពាក់ព័ន្ធ និងភាពជាដៃគូក្នុងការរចនាអន្តរាគមន៍គោលនយោបាយប្រកបដោយភាពច្នៃប្រឌិត និងការប្រមូលធនធាន និងការបង្កើនប្រសិទ្ធភាព។ ក្នុងការតភ្ជាប់នេះ សភា និងរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធផ្សេងទៀតមកពីសង្គមស៊ីវិល និងវិស័យឯកជនត្រូវតែធ្វើការរួមគ្នាដើម្បីបង្កើតច្បាប់ និងបទដ្ឋាននានា ដើម្បីគ្រប់គ្រងការធ្វើចំណាកស្រុក និងជនភៀសខ្លួនឆ្លងដែន

៤-ការជួញដូរមនុស្សនៅតែជាក្តីបារម្ភទាំងនៅក្នុងប្រទេស និងតំបន់ជុំវិញ។ ក្នុងបរិបទនេះ ស្ត្រីកម្ពុជាមួយចំនួនទទួលរងនូវការបង្ខំឱ្យរៀបការនៅបរទេស និងការកេងប្រវ័ញ្ចផ្លូវភេទ និងជនរងគ្រោះជាបុរសកម្ពុជាមួយចំនួនត្រូវបានកំណត់អត្តសញ្ញាណនៅក្នុងស្ថានភាពជួញដូរកម្លាំងពលកម្ម ដោយបង្ខំនៅក្នុងឧស្សាហកម្មនេ សាទក្នុងតំបន់។ ដោយសារប្រជាជនកម្ពុជាបន្តធ្វើចំណាកស្រុកទៅក្រៅប្រទេសតាមបណ្តាញមិនប្រក្រតី ហានិភ័យនៃការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្មនៅតែបន្ដនៅឡើយ។
ជនចំណាកស្រុកកម្ពុជាត្រូវបានរំលោភបំពាន និងកេងប្រវ័ញ្ចក្នុងឧស្សាហកម្មនេសាទក្នុងតំបន់ ដោយត្រូវបានជួញដូរឆ្លងកាត់ប្រទេសជិតខាង និងបញ្ចប់ទៅនៅក្រៅប្រទេស

៥-កម្ពុជាវាយតម្លៃខ្ពស់ចំពោះការងារ និងការខិតខំប្រឹងប្រែងរបស់ប្រទេសតួកគី ក្នុងការជួយដល់ពលករចំណាកស្រុក និងជនភៀសខ្លួន។ ជំនួយមនុស្សធម៌បែបនេះមានសារៈសំខាន់ចំពោះការការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ពលករចំណាកស្រុក និងជនភៀសខ្លួន។ បទពិសោធន៍ដែលតួកគីបានចែករំលែកគឺមានតម្លៃសម្រាប់យើងទាំងអស់គ្នា

៦-ជាចុងក្រោយ ឯកឧត្ដមបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការកសាងភាពជាដៃគូ ដើម្បីដោះស្រាយចំណាកស្រុកឆ្លងដែន និងជនភៀសខ្លួន កាន់តែមានភាពបន្ទាន់ ។ យើងត្រូវរួមដៃគ្នាដោះស្រាយបញ្ហាសកលលោក ដែលកាន់តែស្មុគស្មាញ និងពហុវិមាត្រ ក្នុងឱកាសចូលរួមសន្និសីទសភា និងក្រុមនៅលើសកលលោក ស្ដីពីទេសន្ដប្រវេសន៍ និងជនភៀសខ្លួននេះដែរ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានជួបសំដែងការគួរសមក្រៅផ្លូវការជាមួយ ឯកឧត្ដមសាស្រ្ដចារ្យ មូស្ដាហ្វា សិនថប ប្រធានរដ្ឋសភា នៃសាធារណរដ្ឋទួកគី នៅសណ្ឋាគារ ហ៊ីលតុន និងមជ្ឍមណ្ឌលសន្និសីទ នាទីក្រុងអីស្តង់ប៊ុល ប្រទេសទួកគី នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាសជំនួបក្រៅផ្លូវការនោះ ឯកឧត្ដមវេជ្ជ. សុះ មុះសិន បានជម្រាបជូន ឯកឧត្ដមប្រធានរដ្ឋសភាតួកគី អំពីកិច្ចសហប្រតិបត្ដិការដ៏ល្អរវាងប្រទេសទាំងពីរ ទាំងក្របខណ្ឌនីតិប្រតិបត្ដិ និងនិតិប្បញ្ញតិ្ដ នៃប្រទេសទាំងពីរ ។ ឯកឧត្ដមវេជ្ជ.ក៏បានថ្លែងអំណរគុណដល់ប្រទេសតួកគី ដែលតែងតែឧបត្ថម្ភគាំទ្រជំនួយលើវិស័យអប់រំ មនុស្សធម៌ និងសង្កមកិច្ច ជាពិសេសបានផ្ដល់អាហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជា បានមកសិក្សានៅប្រទេសទួកគី ។ ក្នុងជំនួបនោះដែរ តាមរយៈគណៈប្រតិភូរដ្ឋសភាកម្ពុជា ឯកឧត្ដមប្រធានរដ្ឋសភាទួកគី បានផ្ដាំផ្ញើការសាក សួរ សុខទុក្ខ ជូនសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងបានជម្រាបគណៈប្រតិភូសភាកម្ពុជាថា ឯកឧត្ដម មានបំណងដឹកនាំគណៈប្រតិភូរដ្ឋសភាទួកគី អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងគោរពអញ្ជើញ សម្ដេចប្រធានរដ្ឋសភា ធ្វើទស្សនកិច្ចនៅប្រទេសតួកគី ក្នុងពេលសមស្របណាមួយផងដែរ។